​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន កាលពី​ថ្ងៃ​សុក្រ​បាន​ប៉ះទង្គិច​សម្តី​ជាមួយ​ចិន​និង​រុស្ស៊ី​អំពី​ការបាញ់​កាំជ្រួច​ផ្លោង​របស់​កូរ៉េ​ខាងជើង និង​សមយុទ្ធ​យោធា​ដឹកនាំ​​ដោយ​អាម៉េរិក​នៅ​កូរ៉េខាងត្បូង ដែល​ជា​ថ្មី​ទៀត​វាបានរារាំង​មិនអោយ​មាន​ចំណាត់​វិធានការ​ណាមួយ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​កំពុង​បែកបាក់​គ្នា​នេះ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល​(Linda Thomas-Greenfield)​បាន​និយាយថា «​ការបាញ់​កាំជ្រួច​ផ្លោង​៥៩​ដើម​នៅ​ឆ្នាំនេះ​» រួមមាន​១៣​ដើម​ចាប់​តាំងពី​ថ្ងៃ​២៧​តុលា និង​មួយ​បាន​ធ្លាក់​នៅ​ចម្ងាយ​តែ​៥០​គីឡូម៉ែត្រ​ពី​ឆ្នេរ​កូរ៉េខាងត្បូង វា​កាន់តែ​ជំរុញ​សមត្ថភាព​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង បង្ក​ភាព​តានតឹង​បន្ថែម​និង​បង្ក​ការ​​ភ័យខ្លាច​នៅក្នុង​ប្រទេស​ក្បែរ​ខាង​។​

​លោកស្រី​បាន​និយាយថា សមាជិក​១៣​ប្រទេស​ក្នុងចំណោម​១៥​ប្រទេស​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ បាន​ថ្កោលទោស​អំពើ​របស់​កូរ៉េខាងជើងចាប់តាំងពី​ដើម​ឆ្នាំ​មក តែ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ត្រូវ​បាន​ការ​​ពារ​ដោយ​ចិន​និង​រុស្ស៊ី ដែល​«​ព្យាយាម​ធ្វើ​អោយ​ការរំលោភ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ដោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ​(កូរ៉េខាងជើង)ទៅជា​ត្រឹមត្រូវ​។​ជា​លទ្ធផល ពួក​គេ​អនុញ្ញាត​អោយ​កូរ៉េខាងជើងជំរុញកម្មវិធីអាវុធហាមឃាត់និង​​ចំអក​អោយ​ក្រុមប្រឹក្សា​នេះ​»​។​

​តែ​ឯកអគ្គរដ្ឋទូត​ចិន​លោក ចាង ជុន​( Zhang Jun)​បាន​វាយបក​វិញ​ថា ការបាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការធ្វើ​សមយុទ្ធ​ខ្នាត​ធំ​ឡើងវិញ​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង ក្រោ​​យ​វា​ផ្អាក​អស់​ប្រាំ​ឆ្នាំ​។​លោក​បាន​ចង្អុលបង្ហាញ​ទៅកាន់​របាយការណ៍​ស្ថាន​ភាព​នុយក្លេអ៊ែរ​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពីពេល​ថ្មីៗ​ដែលថា៖ក្នុងករណី​កូរ៉េខាងជើង​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​នោះ​វា​នឹង​​នាំ​ដល់​ទីបញ្ចប់​នៃ​របប​ដឹកនាំ​របស់​គីម ជុង​អ៊ុន នោះ​ថា​ជា​គោលដៅ​ធំ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​អាម៉េរិក​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​វិញ​បាន​បន្ទោស​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​នៅ​ឧបទ្វីប​ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​បង្ខំ​អោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ដក​សព្វាវុធ​ឯ​តោ​ភាគី​​តាមរយៈ​ការដាក់ទណ្ឌកម្ម​និង​ដាក់​សម្ពាធ​ពី​កម្លាំងយោធា​។​លោកស្រី​បាន​ហៅ​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េ​ខាងត្បូង​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​៣១​តុលា ថា​ធំ​មិន​ធ្លាប់​មាន​ដោយ​មាន​ការចូលរួម​​ពី​យន្តហោះ​ចម្បាំង​ដល់​ទៅ​២៤០​គ្រឿង និង​ថា​វា​ជា​ការហាត់​សម​ដើម្បី​ការវាយប្រហារ​ធំៗ​លើ​ទឹកដី​កូរ៉េខាងជើង​។​

​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល បាន​តប​វិញ​ថា​ការអះអាង​ដោយ​ចិន​និង​រុស្ស៊ី​ដែលថា សមយុទ្ធ​យោធា​កំពុង​បង្ក​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​«​គ្មានអ្វី​ក្រៅពី​ការ​ក្អែ​ពាក្យ​ឃោសនា​របស់​កូរ៉េខាងជើង​​មកវិញ​»​តែប៉ុណ្ណោះ​។​សមយុទ្ធ​យោធា​នេះមាន​ជា​យូរ​មក​ហើយវា​​«​មិន​គំរាម​នរណាម្នាក់​ទេ ដោយ​ទុក​អោយ​កូរ៉េខាងជើង​នៅ​តែ​វា​ទៅ​។​ទើបតែ​ខែ​មុន កូរ៉េ​ខាងជើង​បាន​និយាយថា​ការបាញ់​កាំជ្រួច​ថ្មីៗ​របស់​​ខ្លួន​ជា​ការហាត់​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ដើម្បី​វាយប្រហារ​បោសសម្អាត​គោលដៅ​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​កូរ៉េខាងជើង​កំពុង​ប្រើ​វា​ជា​លេស​ដើម្បី​បន្ត​ការអភិវឌ្ឍ​កម្មវិធី​ខុស​ច្បាប់​របស់​ខ្លួន​»​។​

​ទោះជា​មាន​ការបែកបាក់​ក៏​រុស្ស៊ី ចិន​និង​អាម៉េរិក​បាន​យល់ស្រប​គ្នា​លើ​រឿង​មួយ​គឺ សេចក្តីត្រូវការ​អោយមាន​ការវិល​មក​រក​ការចរចា​និង​ដំណោះស្រាយ​ការទូត​មួយ​ចំពោះ​វិបត្តិ​នៅ​លើ​ឧបទ្វីប​កូរ៉េ​៕

​លោក​ជុន បាន​អំពាវនាវ​អោយ​អាម៉េរិក​ឈប់​បង្ក​ភាព​តានតឹង​ជា​ឯ​តោ​ភាគី​និង​បង្កការ​ប្រឈមមុខ ហើយ​ឆ្លើយ​តប​ចំពោះ​ការព្រួយបារម្ភ​ត្រឹមត្រូវ​និង​សម​ហេតុផល​របស់​កូរ៉េខាងជើង ដោយ​បង្កើត​លក្ខ​​ខណ្ឌ​សំរាប់​ការបន្ត​ការចរចា​ដ៏​មានន័យ​

​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល បាន​និយាយថា ទោះជា​ប្រឈម​ការបាញ់​កាំជ្រួច​កាន់តែ​ច្រើន​ឡើង​ពី​កូរ៉េខាងជើង អាម៉េរិក​នៅតែ​តាំងចិត្ត​រក​ដំណោះស្រាយ​ការទូត និង​បាន​បញ្ជូន​សំណើ​ទៅ​កាន់​​កូរ៉េខាងជើង​