​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​ផ្តល់​ជំនួយ​យោធា​ចំនួន ៤០០ លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុ​យក្រែន រួមទាំង​ការជួសជុល​រថក្រោះ T-72​និង​មី​ស៊ី​ល​​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស HAWK សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោកស្រី សា​ព្រី​ណា ស៊ី​ង (Sabrina Singh) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សហរដ្ឋ​អាម៉េរិក​នឹង​ចំណាយ​សម្រាប់​ការជួសជុល​ឡើង​វិញ​នូវ​រថក្រោះ T-72 ចំនួន ៤៥ គ្រឿង​ពី​សាធារណរដ្ឋ​ឆែក និង​ផ្តល់​មូលនិធិ​កែលម្អ​មី​ស៊ី​ល​មួយចំនួន​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស HAWK ។​

​លោកស្រី​ស៊ី​ង​បាន​និយាយថា បន្ថែម​ពីលើ​មូលនិធិ​ដើម្បី​កែលម្អ​មី​ស៊ី​ល HAWK មូលនិធិ​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន (USAI) ដែល​បាន​សន្យា​ចំនួន ៤០០ លាន​ដុល្លារ​នឹង​ជួសជុល​រថក្រោះ​ឆែក​សម័យ​សូ​វៀត និង​ផ្តល់​ឱ្យ​រថក្រោះ​ទាំងនោះ​នូវ “​កញ្ចប់​អុប​ទិក ការធ្វើទំនាក់ទំនង និង​ពាស​ដែក​កម្រិត​ខ្ពស់​”​។ វា​ក៏​មាន​ការផ្តល់​មូលនិធិ​ដើម្បី​ទិញ​ប្រព័ន្ធដ្រូ​ន​ខ្មោច Phoenix ចំនួន ១.១០០ គ្រឿង និង ទូក​ពាស​ដែក​ចំនួន ៤០ គ្រឿង ក្នុងចំណោម​សមត្ថភាព​ផ្សេងៗ​ទៀត​ជាច្រើន​ផងដែរ​។​

​រថក្រោះ​នឹង​ត្រូវ​បាន​កែលម្អ​ឡើងវិញ​ដោយ​ក្រុមហ៊ុន​ឯកជន Czech CSG នេះ​បើ​យោង​ទៅតាម​មនុស្ស​ម្នាក់​ដែល​ដឹង​ពី​បញ្ហា​នេះ​ដែល​បាន​បន្ថែមថា នៅពេលណា​ដែល​ការងារ​នេះ​ត្រូវបាន​បញ្ចប់ ពួកវា​នឹង​ស្មើ​នឹង​រថក្រោះ T-72 AVENGER ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ដើម្បី​កែលម្អ​ប្រព័ន្ធ​ការពារ និង​បន្ថែម​ឧបករណ៍​ទំនាក់ទំនង​និង​អាច​មើលឃើញ​ពេលយប់​ដ៏​ទំនើប​។​

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឆែក លោក ថូ​ម៉ាស កូប៉េ​កនី (Tomas Kopecny) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា សរុប​រថក្រោះ​ចំនួន ៩០ គ្រឿង​ពី​ភាគី​ទី​បី និង​ស្តុក​ឯកជន​នឹងត្រូវ​​ធ្វើ​ទំនើបកម្ម​។ មូលនិធិ​របស់​សហរដ្ឋអាម៉េរិ​កនឹង​ចំណាយ​សម្រាប់​រថក្រោះ ៤៥ គ្រឿង​ឬ​ពាក់កណ្តាល​នៃ​កង​រថក្រោះ​៕

​ជំនួយ​ថ្មី​របស់​អាម៉េរិក​រួមមាន​មួយ​ផ្នែក​សំរាប់​ជួសជុល​កែ​ធ្វើអោយ​ទំនើប​ឡើង​រថក្រោះ​T-72 និង​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស​HAWK