​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan)​កាលពី​ថ្ងៃ​សុក្រ​ទី​៤​វិច្ឆិកា​បាន​ចោទប្រកាន់​អ្នក​ស្នង​តំណែង​របស់​គាត់​ថា​មាន​ជាប់​ពាក់​​ព័ន្ធ​ក្នុង​ផែនការ​សម្លាប់​គាត់ ខណៈ​គាត់​កំពុង​ជា​ពី​របួស​ត្រូវ​គ្រាប់កាំភ្លើង​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ការប៉ុនប៉ង​ធ្វើឃាត​។​

​លោក​ខាន់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​សេ​បា​ស សារីហ្វ (Shehbaz Sharif) ដែល​បាន​ជំនួស​គាត់​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​កាលពី​ខែ​មេសា​នោះ បាន​រៀបចំ​ការវាយប្រហា​រ​នេះ​រួម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក រ៉ា​ណា សាណូ​ល​ឡា (Rana Sanaullah) និង​មេបញ្ជាការ​កងទ័ព​ជាន់ខ្ពស់​ម្នាក់​។​

​លោក​ខាន់​បាន​និយាយ​នៅក្នុង​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង ចាប់តាំងពី​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​អ្នក​ទាំង​បី​បាន​សម្រេចចិត្ត​សម្លាប់​ខ្ញុំ​” ដោយ​បន្ថែម​ថា​ខ្មាន់កាំភ្លើង​ពីរ​​នាក់​បាន​ជាប់​ពាក់ព័ន្ធ​។​

​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ហើយ​បាន​ស្តីបន្ទោស​ការប៉ុនប៉ង​ធ្វើឃាត​លើ​ជន​វាយប្រហារ​តែម្នាក់ឯង ដែល​បង្កឡើង​ដោយ​សាសនា​ជ្រុលនិយម​។​យោធា​បាន​​ហៅ​ការចោទប្រកាន់​របស់​គាត់​ថា “​គ្មាន​មូលដ្ឋាន​និង​គ្មាន​ការទទួលខុសត្រូវ​”​។​

​ការវាយប្រហា​រលើ​ក្បួន​រថយន្ត​របស់​លោក​ខាន់​បានសម្លាប់​បុរស​ម្នាក់​និង​របួស​យ៉ាងហោចណាស់ ១០ នាក់ ដែល​បង្កើន​ភាព​តានតឹង​យ៉ាង​សំខាន់​នៅក្នុង​វិបត្តិ​នយោបាយ ដែល​បាន​ធ្វើឱ្យ​គាំង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ចាប់តាំងពី​លោក​ខាន់​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​៕

​លោក​ខាន់​ចោទ​លោក​សារីហ្វ​ថា​ប៉ុនប៉ង​សម្លាប់​គាត់