ដោយៈ ប.ខុន / ភ្នំពេញៈ នៅល្ងាចថ្ងៃនេះ ភ្លៀងដោយសារឥទ្ធិពលសម្ពាធទាប រុញមកពីភាគអគ្នេយ៍ និងសម្ពាធទាប នៅក្នុងឈូងសមុទ្រថៃ បន្តធ្លាក់ថែមមកទៀត។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ភ្លៀងធ្លាក់រាយប៉ាយ នៅថ្ងៃទី៤ និង ៥ វិច្ឆិកា ដោយសារឥទ្ធិពលសម្ពាធទាប រុញមកពីភាគអគ្នេយ៍ និងសម្ពាធទាបមួយ នៅក្នុងឈូងសមុទ្រថៃ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ភ្លៀងធ្លាក់ដូចខាងលើ កើតមានលើខេត្តជាច្រើន ចាប់ពីទំនាបកណ្តាល ភាគអគ្នេយ៍ រហូតដល់ទំនាបកណ្តាល ភាគពាយព្យ ដោយនៅយប់ថ្ងៃទី៥ ខែវិច្ឆិកានេះ នៅមានភ្លៀងធ្លាក់ថែមមកទៀត។ ភ្លៀងរដូវវស្សា នៅមិនទាន់អស់នៅឡើយទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែវិច្ឆិកាថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់បក់ មកពីទិសឦសាន ដែលនាំមកនូវធាតុអាកាស ចុះត្រជាក់ពេលព្រឹក នៅបណ្តាខេត្តមួយចំនួន ដូចជាមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមា អាចចុះដល់ពី ១៧ ទៅ ១៨ អអ្សាសេ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ នៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាព អប្បបរមា មានពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។ អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៧ ទៅ ២០ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ធាតុអាកាស អាចចុះត្រជាក់ នៅពេលព្រឹក នៅបណ្តាខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមា អាចចុះដល់ពី ១៧ ទៅ ១៨ អង្សាសេ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច៕ V / N