ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ភ្លើងគប់ សម្រាប់ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរត់ឆ្លងកាត់ ខេត្តកំពង់ធំ ។ នេះបើតាមការថ្លែងឲ្យដឹងពី លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិ ការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ក្នុងកម្មវិធីរត់កម្សាន្ដសប្បាយ (Fun Run) នៅព្រឹកថ្ងៃទី៥ វិច្ឆិកា នេះ ជាមួយនឹងសិស្សានុសិស្ស ប្រមាណជាង ៣០០ នាក់។ សូមបញ្ជាក់ថា ការរត់នេះ មានចម្ងាយ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ។

លោករដ្ឋមន្ដ្រី ថោង ខុន បានបន្ដថាៈ ខេត្តកំពង់ធំ គឺជាខេត្តមួយ ដែលត្រូវរត់ភ្លើងគប់ ឆ្លងកាត់ឆ្ពោះទៅពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីភ្លើងគប់នេះ ត្រូវបានព្រះមហា ក្សត្រ ព្រះរាជទាននៅខេត្តសៀមរាប ហើយត្រូវរត់ទៅកាន់បណ្ដាប្រទេសអាស៊ាន មុនត្រឡប់មកវិញ តាមប្រទេសឡាវ ហើយបន្ដរត់តាមខេត្ត ជុំវិញបឹងទន្លេសាប ដោយចេញពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។

លោក បានបន្ដថាៈ «ពិធីរត់ភ្លើងគប់ យើងនឹងបានជួប នៅទិវាប្រវត្តិសាស្ដ្រមួយ សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលត្រូវរត់កាត់ខេត្តកំពង់ធំ។ ហេតុនេះ កម្មវិធីរត់ កម្សាន្ដ ព្រឹកនេះ គឺរត់ដើម្បីសប្បាយរីករាយ សុខភាព និងរត់ដើម្បីបរិស្ថានស្អាត ហើយក៏ ដើម្បីបំផុសចលនាមហាជន ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ »៕ ​V / N