​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្ចាស់​សត្វ​ចិញ្ចឹម​ជាច្រើន​នឹង​ទទួលស្គាល់ថា ការរំពឹង​ទុក​នៃ​ការ​បែក​គ្នា​ប្រហែលជា​ធ្ងន់ធ្ងរ​ណាស់​មិន​អាច​ទ្រាំទ្រ​បានទេ​។​សម្រាប់​គូស្នេហ៍​លែងលះ​គ្នា​មួយ​នៅ​​អា​ហ្សង់​ទីន គេ​បាន​ឃើញ​ពួក​គេ​ឡើង​តុលាការ​ដើម្បី​ដោះស្រាយ​ថា​អ្នកណា​នឹង​ឃុំគ្រង​ឆ្កែ​ពីរ​ក្បាល​របស់​ពួកគេ​។​

​ប៉ុន្តែ​នៅក្នុង​ដំណោះស្រាយ​មិន​ទំនង​មួយ តុលាការ​ជាក់ស្តែង​បាន​ទុក​ឱ្យ​ឆ្កែ ឈ្មោះ ប៉ូ​ប៉េ​យ៉េ (Popeye)​និង គី​អា​រ៉ា (Kiara) សម្រេច​ថា​តើ​ពួក​វា​ចង់​រស់នៅ​ជាមួយ​អ្នក​ណា​។​

​កាសែត Clarin បាន​រាយការណ៍​ថា ប៉ូ​ប៉េ​យ៉េ​អាយុ​ប្រាំមួយ​ឆ្នាំ​បាន​បង្ហាញ​ចំណង់​ចំណូលចិត្ត​ក្នុង​ការរស់នៅ​ជាមួយ​នាង អា​ម៉ូ​រី​ណា បាស​ខូយ (Amorina Bascoy)​ខណៈ​គី​អា​រ៉ា​អាយុ​ប្រាំបួន​​ឆ្នាំ​ពេញចិត្ត​រស់នៅ​ជាមួយ​លោក អេ​ម៉ានុយ​អែល មេ​ឌី​ណា (Emmanuel Medina)​។​

​គូស្នេហ៍​លែងលះគ្នា​នេះ​មិន​បាន​បញ្ជាក់​ពី​របៀប​ដែល​ឆ្កែ​ធ្វើ​ទំនាក់ទំនង​ក្នុង​ការសម្រេចចិត្ត​របស់​ពួក​វា​នោះ​ទេ​។​

​ករណី​របស់​ពួកគេ​បាន​ជួយ​បង្កើត​គំរូ​ផ្លូវ​ច្បាប់​នៅក្នុង​ប្រទេស​អា​ហ្សង់​ទីន ដែល​ចែង​ថា ពួកគេ​ជា “​គ្រួសារ​ចម្រុះ​ប្រភេទ​” ដោយ​មនុស្ស​និង​សត្វ​មាន​សិទ្ធិ​ផ្ទាល់ខ្លួន​ដូចគ្នា​។​

​នាង​បាស​ខូ​យបាន​ប្រាប់​កាសែត​ថា “​ពួក​វា​នីមួយៗ​ជ្រើសរើស​ម្ចាស់​មួយ​ណា​ដែល​ត្រូវ​រស់នៅ​ជាមួយ​។ យើង​មិន​មាន​កូន​ទេ ដូច្នេះ​ឆ្កែ​របស់​យើង​គឺ​ជា​កូន​របស់​យើង​”​។​

​នាង​បាស​ខូ​យបាន​បន្ថែមថា “​វា​ជា​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​និង​ថ្លៃថ្នូរ​។ ទាំង​បួន​ភាគី​នឹង​ជួប​គ្នា​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​។​ពួក​យើង​មិន​មាន​បញ្ហា​ក្នុង​ការជួប​គ្នា​ទេ​ទោះបីជា​លែងលះគ្នា​​ក៏ដោយ​”៕