​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​ទម្ងន់​ធ្ងន់​ចម្ងាយ​ឆ្ងាយ​ធុន​B-1B​របស់​អាម៉េរិកបាន​ចូលរួម​ក្នុង​សមយុទ្ធ​ទ័ពអាកាស​ជាមួយ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា ដោយ​បង្កើន​​ការ​សម្ញែង​កំលាំង​ក្រោយ​ពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច កាំភ្លើង​ធំ​និង​បញ្ជូន​យន្តហោះ​ចម្បាំង​មក​កៀក​ព្រំដែន​កូរ៉េ​ទាំងពីរ​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​បាន​បាញ់​កាំជ្រួច​រាប់សិប​ដើម រួម​មាន​មួយ​គ្រាប់​ជា​កាំជ្រួច​ឆ្លង​ទ្វីប​និង​មួយ​ទៀតធ្លាក់​នៅ​ក្បែរ​ឆ្នេរ​កូរ៉េខាងត្បូង​ជា​លើកដំបូង​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ​​ឆ្នាំ​១៩៥៣​។​

​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា ការបាញ់​កាំជ្រួច​ទាំងនេះ​អាច​ធ្វើឡើង​មុន​ការសាកល្បង​នុយគ្លេអ៊ែរ​មួយ​ដោយ​កូរ៉េ​ខាងជើង ហើយ​បាន​ពន្យារ​ពេល​ធ្វើ​សមយុទ្ធ​រហូត​ដល់​ថ្ងៃ​សៅរ៍​។​

​មន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​បារាំង​ថា យន្តហោះ​B-1B Lancer​របស់​កងទ័ពអាកាស​អាម៉េរិក​នឹងចូលរួម​ក្នុង​សមយុទ្ធ​Vigilant Storm​នៅ​ថ្ងៃ​ចុងក្រោយ ដែល​​ពីមុន​គ្រោង​បញ្ចប់​ត្រឹម​ថ្ងៃ​សុក្រ​។​

​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយថា​យន្តហោះ​B-1B​ត្រូវ​ចូលរួម​ការហ្វឹកហាត់​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍

​ទោះ​ជា​យន្តហោះ​លឿន​ជាង​សម្លេង​B-1B​មិន​មាន​បំពាក់​សព្វាវុធ​នុយក្លេអ៊ែ​រ វា​ត្រូវ​កងទ័ពអាកាស​អាម៉េរិក​ពណ៌នា​ថា​ជា​«​ឆ្អឹងខ្នង​នៃ​កងកម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​របស់​អាម៉េរិក​។​​វា​ផ្ទុក​គ្រាប់​បាន​៣៤​តោន​រួមមាន​កាំជ្រួច​បណ្តែត​និង​គ្រាប់បែក​បញ្ជា​នាំ​ផ្លូវ​ទៅ​កាន់​គោលដៅ​។​

​ការបញ្ជូន​B-1B​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​កូរ៉េខាងត្បូង​បញ្ជូនចេញ​យន្តហោះ​ប្រដេញ​ទៅ​ស្ទាក់​ព្រមាន​យន្តហោះ​យោធា​កូរ៉េខាងជើង​ដែលបា​ន​ហោះចូល​កៀក​ព្រំដែន​កូរ៉េ​ដល់ទៅ​១៨០​ជើង​៕

កាលពីឆ្នាំ២០១៧ អាម៉េរិកក៏បានបញ្ជូនយន្តហោះB-1B និង F-35B មកចូលរួមសមយុទ្ធជាមួយកូរ៉េខាងត្បូងដែរ