ភ្នំពេញ៖កម្ពុជាបានទទួលធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន( ASEAN)នៅឆ្នំា២០២២នេះ។កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេសអាស៊ាននៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៩៩ ។ បន្ទាប់ពីនោះកម្ពុជាបានទទួលធ្វើជាប្រធានប្តូរវេនចំនួនពីរដងរួចមកហើងដែរ គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២។ ដោយឡែកនៅឆ្នាំ២០២២នេះកម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទី៣ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាខាងមុខនេះ។

តបនឹងសំណួរថា ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានទទួលផលប្រយោជន៍អ្វីខ្លះចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ?លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពននៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ប្រាប់ AMS ថា ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា គឺទទួលបានផលប្រយោជន៍ច្រើននៅក្នុងនោះ គឺផលប្រយោជនសមាហរណកម្មសេដ្ឋកិច្ច នយោបាយ វប្បធម៌ ដែលជាកត្តាសំខាន់សម្រាប់ប្រជាជាតិនៅក្នុងសមាគមអាស៊ាន។ សមាហរណកម្មសេដ្ឋកិច្ច កាលណាយើងបានចូលជាសមាជិកអាស៊ាន គឺផ្តោតទៅលើសេដ្ឋកិច្ចអាស៊ានទាំងមូលដែលយើងធ្វើកិច្ចការជាមួយបណ្តាប្រទេសមហាអំណាច ប្រទេសដែលមានគេមានសេដ្ឋកិច្ចរីកចំរើន គឺគេឲ្យតម្លៃមកលើទំហំនៃទីផ្សារអាស៊ាន។
លោកបានបញ្ជាក់ថា កម្ពុជាក្នុងឋានៈជាសមាជិកមួយក្នុងអាស៊ាន គឺទទួលសមាហរណកម្មសេដ្ឋកិច្ចនេះ ជាប្រយោជន៍សម្រាប់ពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាតិរបស់កម្ពុជាឱ្យដើរទាន់បណ្តាប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ ក៏ដូចជាប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកដែលគេកំពុងតែរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាពិសេសកម្ពុជា គឺជាប្រទេសមួយដែលជាសមាជិកអាស៊ាន គឺជាផ្នែកមួយនៃទីផ្សារអាស៊ាន។កម្ពុជាក៏អាចផ្តល់ឱ្យទៅប្រទេសអាស៊ានដែលជាសមាជិកដូចគ្នានៅការដោះដូរផលិតកសិម្មផ្សេងៗទៀត ក៏ដូចជាយើងអាចនឹងចាប់ដៃគូជាមួយបណ្តាប្រទេសអាស៊ានបូកដែលគេផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជាតិអាស៊ាន។
“ត្រឡប់ទៅរកផលប្រយោជន៍នយោបាយវិញ ក្នុងឋានៈជាប្រទេសដែលជាសមាជិកនៅក្នុងអង្គការតំបន់ គឺយើងអាចរួមរួមគ្នាដើម្បីធ្វើសកម្មភាពតស៊ូមតិនយោបាយលើឆាកអន្តរជាតិដើម្បីការពារផលប្រយោជន៍របស់ប្រជាជាតិ និងប្រទេសជាតិនៅក្នុងតំបន់ទាំងមូល”។នេះបើតាមលោក សួន សេរីរដ្ឋា បញ្ជាក់។លោកបន្តថា យើងបានចូលរួមជាមួយប្រជាជាតិចំនួន ១០ ជនជាតិនៅក្នុងប្រទេសនៃតំបន់របស់យើងនេះ ។គឺថាអាចយើងនេះនឹងធ្វើសមាហរណកម្មនយោបាយជាមួយបណ្តាប្រទេសប្លុកសេរី ប្លុកកុម្មុយនីស្ត ជាមួយបណ្តាប្រទេសអង្គការជាសមាជិករបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើកការតស៊ូមតិនយោបាយ និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនិងគោលនយោបាយសម្រាប់ការធ្វើយ៉ាងណាឱ្យមានការរីកចម្រើនសម្រាប់សេដ្ឋកិច្ចនយោបាយរបស់ប្រទេសរបស់យើង។
ទាក់ទងនឹងការផ្លាស់ប្តូរផ្នែកវប្បធម៌ដែលលោកអ្នកវិភាគខាងលើយល់ថា កម្ពុជាទទួលបានដែរនោះ លោកបានបង្ហាញនូទស្សនៈថា អាស៊ាន គឺជាផ្នែកមួយនៃសមាគមប្រជាជាតិដែលលើកតម្កើងតម្លៃវប្បធម៌ អត្តសញ្ញាណជាតិនីមួយៗ ដើម្បីធ្វើការផ្សព្វផ្សាយសម្រាប់ទៅពិភពលោកឱ្យបានស្គាល់អំពីអត្តសញ្ញាណនៃវប្បធម៌របស់យើង។នេះគឺជាកត្តាសំខាន់ដែលយើងអាចអូសទាញបាននៅចំនួនទេសចរដែលអ្នកទេសចរផ្នែកសិក្សា ផ្នែកវប្បធម៌ បុរាណ ដោយផ្តោតមកលើអ្វីដែលជាចំណុចសំខាន់របស់វប្បធម៌ ប្រពៃណីជាតិរបស់កម្ពុជា។យើងទទួលបានផលប្រយោជន៍ពីវប្បធម៌ ពីទេសចរវប្បធម៌ ទេសចរធម្មជាតិ ពីទេសចរសាសនា ដែលបានចាប់អារម្មណ៍ទៅអ្វីដែលកម្ពុជាយើងមាន។ ដូច្នេះហើយផលប្រយោជន៍នៃការផ្លាស់ប្តូរទេសចរ ក៏ដូចជាផលប្រយោជន៍នៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិសាសន៍នេះ គឺផ្តល់ឱ្យយើងនូវទំនាក់ទំនងល្អសិក្សាស្វែងរកអំពីឬសគល់ នៃវប្បធម៌ទាំងនោះ ដើម្បីនឹងសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីដែលជាផលប្រយោជន៍សម្រាប់ប្រជាជាតិរបស់យើង ក៏ដូចជាប្រជាជាតិនៅក្នុងតំបន់។
លោកបានបន្តថា សរុបសេចក្តីមកកម្ពុជាតាំងពីចូលជាសមាជិករបស់សមាគមអាស៊ាន គឺធ្វើឱ្យកម្ពុជាលែងឯកោនៅក្នុងឆាកនយោបាយជាតិ និងអន្តរជាតិ ហើយធ្វើឱ្យពិភពលោក ក៏ដូចជាប្រទេសនៅក្នុងតំបន់ទទួលស្គាល់អំពីតួនាទីរបស់កម្ពុជា នៅក្នុងការធ្វើសមាហរណកម្មជាមួយប្រជាជាតិនៅក្នុងតំបន់អាស៊ានទាំងមូលដែលមានសមាជិក១០ប្រទេស ហើយធ្វើការផ្លាស់ប្តូរគ្នានូវបទពិសោធន៍ នូវការដឹកនាំ កសាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ ទេសចរណ៍ ក៏ដូចជាផលិតផលកសិកម្មដែលកម្ពុជាខិតខំប្រឹងប្រែងពង្រឹងខ្លួនរបស់យើងដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាធ្វើជាដៃគូរដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារនៃប្រទេសមួយចំនួនដែលត្រូវការផលិតផលកសិកម្ម ក៏ដូចជាប្រទេសចិនជប៉ុន កូរ៉េ ប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក…។
លោកបញ្ជាក់ជាចុងក្រោយថា នេះហើយគឺជាផលប្រយោជន៍នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជាដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាបន្តបន្ទាប់ បើសិនជាកុំមានបញ្ហាកូវីដ១៩ វាយលុក គឺសេដ្ឋកិច្ចរបស់យើងកើនឡើងខ្ពស់៕(ប្រភព AMS)