​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ត្រី​ខ្ពស់​ជាងគេ​លើ​ពិភពលោក​បាន​ឡើង​លើ​មេឃ​ជា​លើកដំបូង​ក្នុង​ជីវិត​របស់​នាង​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី​បាន​កែសម្រួល​យន្តហោះ​របស់​​ពួកគេ​ដើម្បី​ឱ្យ​ត្រូវ​នឹង​កម្ពស់ ៧,៧ ហ្វីត (២១៥,១៦ សង់ទីម៉ែត្រ​) របស់​នាង​។​

​នាង រូ​មេសា ហ្គែល​ជី (Rumeysa Gelgi) ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា​ជា​ស្ត្រី​ខ្ពស់​ជាងគេ​នៅ​រស់​ដោយ​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស (Guinness World Records) កាលពីដើមឆ្នាំ​នេះ​។​

​ជាធម្មតា​នាង​ដើរហើរ​តាមរយៈ​កៅអី​រុញ​ឬ​ដោយ​មាន​ជំនួយ​ពី​អ្នកដើរ​អម ហើយ​កម្ពស់​ដ៏​ខ្ពស់​របស់​នាង ដែល​ជា​លទ្ធផល​នៃ​ជំងឺ​មួយ​ហៅថា Weaver Syndrome​បាន​បណ្តាលឱ្យ​មាន​ការ​លូត​កម្ពស់​​យ៉ាង​លឿន​។​

​នាង​ហ្គែល​ជី​អាយុ ២៤ ឆ្នាំ​មិន​ធ្លាប់បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពីមុនមក​ទេ ព្រោះ​នាង​មាន​កម្ពស់​ខ្ពស់​ពេក​មិន​ត្រូវ​នឹង​កៅអី​យន្តហោះ​ធម្មតា​ទេ ដែល​សូម្បី​ពេល​នៅ​ក្មេង​ក៏​អង្គុយ​មិនត្រូវ​ដែរ​។​

​ប៉ុន្តែ​ឥឡូវនេះ​នាង​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​និង​ហោះហើរ​ទៅ​កាន់​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូក្នុង​ខែកញ្ញា ដោយសារ​តែ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​នាង​ដែល​បាន​ដក​កៅអី​ចំនួន​ប្រាំមួយ​​នៅលើ​យន្តហោះ​ហើយ​បាន​ជំនួស​កៅអី​ទាំងនោះ​ដោយ​ប្រង់​ការ​វែង​មួយ ដែល​ផលិត​ជាពិសេស​ដើម្បី​ឱ្យ​នាងជែល​ជី​ហោះហើរ​ប្រកបដោយ​ផា​សុកភាព​។​

​នាង​បាន​បង្ហោះ​នៅលើ Instagram បន្ទាប់ពី​បាន​ចុះចត​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា ថា “​ដំណើរ​ដ៏​ល្អឥតខ្ចោះ​ពី​ដើម​ដល់​ចប់​…​នេះ​ជា​ការ​ជិះ​យន្តហោះ​លើកដំបូង​របស់​ខ្ញុំ​ប៉ុន្តែ​វា​ពិត​ណាស់​មិនមែន​​លើក​ជា​ចុងក្រោយ​របស់​ខ្ញុំ​ទេ​…​សូម​អរគុណ​អស់​ពី​ដួងចិត្ត​ដល់​អ្នក​រាល់​គ្នា​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​របស់​ខ្ញុំ​”៕

នាង​ហ្គែល​ជី​បាន​ជិះ​យន្តហោះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​នាង​