ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួងបរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​បាន​រួមគ្នា​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​ក្រោម​ប្រធានបទ «​មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង​» នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ក្រោម​អធិបតី​លោក​ហួត ហៃ អភិបាលរង​រាជធានី​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ក៏មាន​ការចូលរួម​ពី​សិស្ស​យុវជន ប្រជាពលរដ្ឋ ក្រុមហ៊ុន​ប្រមូល​សំរាម និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ក្នុងឱកាស​នោះ​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ទិវា​អនាម័យ និង​បរិស្ថាន​នេះ​ថា ទិវា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង លើកកម្ពស់​ការអប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិត ឱ្យចូល​រួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព​ទីក្រុង ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​ធ្វើអោយ​រាជធានី​ភ្នំពេញ មាន​អនាម័យ​បរិស្ថាន​ស្អាត និង​ភាព​ទាក់ទាញ​។

​ទិវា​ខាងលើនេះ មាន​អ្នកចូលរួម​ប្រមាណ​ជា ៩០០ នាក់ មកពី​មន្ទីរ​បរិស្ថាន ទីចាត់ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន អង្គភាព​ជុំវិញ​រាជធានី ប្រជាពលរដ្ឋ​ខណ្ឌដូនពេញ ចំការមន បឹង​កេងកង យុវជន​កាយ​រិ​ទ្ធិ យុវជន​កាកបាទក្រហម យុវជន ៤​ក ៤​រ យុវជន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​ដឹក និង​ប្រមូល​សំរាម ទាំង​៣​ក្រុមហ៊ុន​។​

​លោក​អភិបាលរង​បាន​បញ្ជាក់ថា បន្ទាប់ពី​មានការ​ជំរុញ និង​លើកទឹកចិត្ត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​សម្រាម​នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាពល្អប្រសើរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ភាគី​ពាក់ព័ន្ធ​រួមទាំង​ប្រជាពលរដ្ឋ​បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​សំរាម​រហូតមក​ដល់ពេលនេះ​ឃើញថា​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ពោលគឺ​សម្រាម​មិនមែនជា​បញ្ហា​ប្រឈម​សម្រាប់​យើង​តទៅទៀត​ទេ គឺ​យើង​បាន​រួមគ្នា​ដោះស្រាយបាន​យ៉ាង​ល្អប្រសើរ​មួយកំរិត​ហើយ បន្ទាប់ពី​យើង​បាន​ទទួលយក​ក្រុមហ៊ុន​ប្រមូល​សម្រាម​ទាំងបី​មក​ធ្វើការ​ជាមួយគ្នា​។​

​លោក​ហួត ហៃ ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្វី​ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ​សម្រាប់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់​ថ្ងៃនោះ គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​បានក្លាយ​ទៅជា​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​បាននិងកំពុង​ប្រឹងប្រែង​ស្វែងរក​យន្តការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ធ្វើយ៉ាងណា​ឲ្យ​ការកកស្ទះ​ចរាចរណ៍​មាន​ភាពប្រសើរឡើង​នាពេល​ខាងមុខនេះ​។​

​លោក​ហួត ហៃ បានបញ្ជាក់​ទៀតថា​៖​ការ​ប្រារព្វ​ទិវា​បរិស្ថាន​នៅថ្ងៃនេះ គឺ​ដើម្បី​អបអរសាទរ :
១- ពិធីបុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា​
២- ពី​ធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រែ និង​
៣- កិច្ចប្រជុំ​កំពូល​អាស៊ាន នាពេលខាងមុខ
«​ទីក្រុង​យើង​ស្អាត ត្រូវមាន​ការចូលរួម​ពី​យើងទាំងអស់គ្នា​»​។​

ជាមួយគ្នា​នោះដែរ​លោក គាត រង្ស៊ី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​រាយ​របាយការណ៍​ជូន​ក្នុង​អង្គពិធី​នេះ​ថា ឥឡូវនេះ​សម្រាម​មិន​ត្រូវបាន​រាយប៉ាយ​ពាល​វា​ពាក្យ​កាល​ដូច​មុន​ទៀតឡើយ ដោយប្រជាពលរដ្ឋ​មានការ​យល់ដឹង ចូលរួម​វេច​ខ្ចប់ ទុកដាក់​ និង​បញ្ចេញ​សម្រាម​បាន​តាម​ពេលវេលា​កំណត់ ហើយ​ក្រុម​ប្រតិបត្តិ​ករ ទាំងបី​ក៏បាន​ប្រឹងប្រែង​បំពេញការងារ​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម​ធ្វើ​ឲ្យ​សម្រាម​មិនមាន​ការកកស្ទះ​នៅតាម​ទីតាំង​ឬ​មុខ​លំនៅ​ដ្ឋ​សន​ខាង​ប្រជាពលរដ្ឋ​ដូច​មុន​នោះទេ​។​

លោក​ប្រធាន​មន្ទីរ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សំរាម មិនមែនជា​រឿង​ទទួលខុសត្រូវ​រប​ស់បុ​គ្គល ក្រសួង ស្ថាប័ន​ឬ​ជំនាញ​ណាមួយ​នោះទេ គឺជា​ការទទួលខុសត្រូវ​របស់​យើងទាំងអស់គ្នា ដោយមាន​ការយល់ដឹង​អំពី​បញ្ហា​អនាម័យ បរិស្ថាន និង​សោភ័ណភាព​នៅក្នុង​ប្រទេស​របស់​យើង យើង​រួមគ្នា​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​មាន​បរិស្ថាន​ល្អ​និង​បៃតង​គ្រប់​ទីកន្លែង​។​

សូមបញ្ជាក់ថា នៅក្នុង​ទិវា អនាម័យ​បរិស្ថាន​ជាតិ 23 វិច្ឆិកា ឆ្នាំ 2022 នេះ ក្រុម​អ្នកចូលរួម​ត្រូវ​ប្រមូល​សម្រាម​នៅតាម​ទីសាធារណៈ បានធ្វើ​បែងចែក​ជា​ពីរ​ក្រុម​ផ្សេងគ្នា មួយក្រុម​ដឹកនាំ​ដោយ​ឯកឧត្តម​ហួត​ហៃធ្វើការ​ដើរ​រើស​សំរាម​នៅតាម​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​និង​ឆ្ពោះទៅមុខ​ព្រះបរមរាជវាំង នឹង​មួយក្រុម​ទៀត ដឹកនាំ​ដោយ​ទីប្រឹក្សា​ក្រសួងបរិស្ថាន​ឆ្ពោះ​មក​តាម​បណ្ដោយ​សួនច្បារ​សម្ដេច​តេ​ជោ និង​ទីសាធារណៈ​ផ្សេងទៀត​ក្នុង​ដែនដី​សង្កាត់​ទន្លេបាសាក់​៕​