ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រុមព្រះសុរិយា បានរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» ក្រោមប្រធានបទ «ថ្វាយព្រះរាជអាល័យ និង រំលឹកខួប ១០០ ព្រះវស្សារបស់ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ» ដើម្បីធ្វើការរំលឹក ក៏ដូចជាបង្ហាញ នូវការបម្រើជាតិមាតុភូមិរបស់ ទ្រង់ដែលបានលះបង់ គ្រប់បែបយ៉ាង និងទាមទារ រកយុត្តិធម៌ គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យ ជូនប្រជាជនខ្មែរទាំងមូល។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦»នេះដែរ បានប្រារព្ធធ្វើឡើង កាលពីព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងកម្មវិធីនេះ លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បានឱ្យដឹងថាៈ ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» នេះ ដើម្បីថ្វាយព្រះរាជអាល័យ និង រំលឹកខួប ១០០ ព្រះវស្សារបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។

លោកបានបន្តឱ្យដឹងថាៈ ក្នុងពិធីនេះ គេបានចាក់បញ្ចាំងខ្សែភាពយន្ត ដែលជាស្នា ព្រះហស្តទាំង ៤ រឿង របស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ រួមមាន រឿង ឆាយាលើអង្គរ (១៩៦៧) រឿង ព្រៃប្រសិទ្ធី (១៩៦៦) រឿង សន្ធិប្រកាស (១៩៦៨) និង រឿង ផ្កាកូលាបនៃភ្នំបូកគោ (១៩៦៩)។

ប្រធានក្រុមព្រះសុរិយារូបនេះ បានបញ្ជាក់បន្ថែមថាៈ ក្រៅពីការចាក់បញ្ចាំងភាពយន្ត ដែលជាស្នាព្រះហស្តរបស់ទ្រង់ហើយ ក៏មានរៀបចំពិធីផ្សេងៗទៀត ដូចជា ការតាំងពិព័រណ៍ព្រះឆាយាលក្ខណ៍ដ៏កម្រ នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយមានការប្រគំតន្រ្តី «រាជសង្គមនិយមខ្មែរ» ដើម្បីរំលឹក កកាយឡើងវិញ នូវបទចម្រៀង ក្នុងសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង ហើយបានបាត់ បង់ដោយសារតែរបបខ្មែរក្រហម ដោយមានព្រះនាង នរោត្ដម ចេនណា ឡើងបកស្រាយចម្រៀង យ៉ាងពិរោះរណ្តំទៀតផង។

ក្នុងពិធីនេះដែរ លោកស្រី សេង សុមេត្តា តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងឱ្យដឹងថាៈ ក្រុមព្រះសុរិយា បានរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី៦» នេះឡើង ចាប់តាំងតែពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ពិតជាបានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងក្លាពីសំណាក់ យុវជន និងពលរដ្ឋកម្ពុជាពីទស្សនទាន នៃកម្លាំងរួមសាមគ្គីគ្នា ដែលជាការរំលឹកដល់ អតីតកាលដ៏ស្រស់បំព្រងរបស់កម្ពុជា និងបានស្វែងយល់ពី សម័យសង្គមរាស្រ្តនិយម ដ៏រុងរឿង ក្រោមព្រះរាជតម្រិះដឹកនាំរបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នាកន្លងមក។

ជាមួយគ្នានេះ ក្នុងនាមលោកស្រី តំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមសម្តែងការលើកទឹកចិត្ត និងគាំទ្រដល់ក្រុមព្រះសូរិយា ក្នុងការបន្ត ស្រាវជ្រាវនិងផ្សព្វផ្សាយ នូវបទចម្រៀង និងភាពយន្តខ្មែរ ដែលទទួលរងការបាត់បង់ ក្នុងរបបកម្ពុជាប្រជាធិតតេយ្យ និងពិសេសការរៀបចំកម្មវិធីនេះ ដែលផ្តល់ជាសារៈ ប្រយោជន៍ យ៉ាងសំខាន់ ដល់យុវជនជំនាន់ក្រោយបន្តទៀត។

មានព្រះរាជបន្ទូល ក្នុងពិធីនេះដែរ សម្តេចព្រះមហិស្សរា នរោត្តម ចកពង់្ស បានបង្ហាញ សព្វព្រះទ័យគាំទ្រ និងលើកទឹកចិត្តដល់ក្រុមព្រះសូរិយា ក្នុងការស្រាវជ្រាវនូវស្នាដៃ បន្ថែមទៀត ពីព្រោះថា តាមរយៈការបង្ហោះស្នាដៃ (ក្នុងយូធូប) របស់ក្រុមនេះ កន្លងមក បានផ្តល់នូវចំណេះដឹង និងក៏ដូចជា បានគាស់រំលើងនូវអ្វីដែលបាត់បង់ទៅ ឱ្យពលរដ្ឋ កម្ពុជា បានឃើញ, បានស្វែងយល់ និងសិក្សាស្រាវជ្រាវ កាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ថា កម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី ២ ដល់ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងបរិវេណសាកល វិទ្យាល័យភូមិន្ទភ្នំពេញ៕/V