ដោយ​៖​សុផល​/​សៀមរាប​៖ ក្នុងពេល​ទស្សនកិច្ច​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រតិភូ​ទេសចរណ៍​នៃ​ក្រុម​ប្រទេស​អេក​ម៉ិ​ក (ACMECS) និង​ប្រទេស ស៊ី អិ​ល អឹម វី (CLMV) បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​ឱ្យមាន​ផលិត ផល​ទេសចរណ៍​ក្នុង​តំបន់ ក៏ដូចជា​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវទេសចរ​របស់​សហគម​ន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ដែល​ស្ថិតនៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ប្រតិភូ​អន្តរជាតិ​ប្រមាណ​ជិត​១០០​នាក់​នេះ​ដឹកនាំ​ដោយ​លោកស្រី កុយ ពិសី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​មាន​វត្តមាន​លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រី​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ព្រមទាំង​តំណាង​ក្រសួង​សណ្ឋាគារ​មី​យ៉ាន់​ម៉ា ក្រសួងទេសចរណ៍​និង​កីឡា​ថៃ និង​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម​ផងដែរ​។​

​លោក សូត្រ សួរ ប្រធាន​សហគមន៍​បាគង​ភូមិ​ខ្ញុំ​បាន​ចាត់ចែង​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​យ៉ាង​យកចិត្តទុកដាក់ និង​ប្រកបដោយ​បដិសណ្ឋារកិច្ច​ពេញចិត្ត​ចំពោះ​ប្រតិភូ​ក្រុម​ប្រទេស​អេក​ម៉ិ​ក និង​ប្រទេស ស៊ី អិ​ល អឹម វី (CLMV)​។​

​យោងតាម​ក្រសួងទេសចរណ៍ ប្រតិភូ​ចម្រុះ​ជាតិ​សាសន៍​បាន​ដើរ​ទស្សនា​ទូទាំង​បរិវេណ​សហគមន៍ និង​បាន​ស្ដាប់​នូវ​ការធ្វើ​បទ​បង្ហាញ​របស់លោក​ប្រធាន​សហគមន៍ សូត្រ សួរ ព្រមទាំង​បានទទួល​ទាន​អាហារ​ពេល​ថ្ងៃត្រង់ និង​សិក្សា​ឈ្វេងយល់​នូវ​ចំណុច​ពិសេសៗ​ជាច្រើន​ទៀត​។ សំឡេង​អឺងកង​សប្បាយរីករាយ លាយឡំ​សូរ​ខ្យល់​រំហើយ​នា​រដូវ​ស្រូវ​ទុំ បរិយាកាស​ក្នុង​សហគមន៍​ទេសចរណ៍​ស្រស់ថ្លា ភ្ញៀវទេសចរ​ពោរពេញ​ដោយ​ក្ដី​សោមនស្ស​។​

​លោក សូត្រ សួរ បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការបង្កើត​សហគមន៍ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ គោលបំណង​ដើម្បី​ប្រជា​សហគមន៍​និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន ការរៀបចំ​សេវាកម្ម​កម្សាន្ត សេវាកម្ម​ម្ហូបអាហារ​/​ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវទេសចរ ការបណ្ដុះបណ្ដាល​និង​ប្រើប្រាស់​បុគ្គលិក​ការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ក្រសួង ទេសចរណ៍ ក៏ដូចជា​ក្រសួង ស្ថាប័ន អាជ្ញាធរ និង​ដៃគូ​ពាក់ព័ន្ធ ការរៀបចំ​ឱ្យមាន​ការទាក់ទាញ ព្រមទាំង​ការលើកស្ទួយ​ជីវភាព​ប្រជាជន​/​យុវជន​នៅក្នុង​ភូមិ​ផងដែរ​។​

​គួរ​ជម្រាប​ថា ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អង្គរ​នេះ​គឺធ្វើឡើង​ក្នុងអំលុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក​លើក​ទី​៥ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ ស៊ី អិ​ល អឹម វី (CLMV) លើក​ទី​៦ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២៕​