ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកានេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង ក្នុងនោះរួមមានការប្រារព្ធខួប ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋរួមទាំងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធរួមទាំងព័ត៌មានសំខាន់ៗ ជាច្រើនទៀត។

១-ព្រះរាជពិធី ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិប្រារព្ធនៅមុខព្រះបរមរតនកោដ្ឋ

ព្រះរាជពិធី ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី៣១តុលា ឆ្នាំ២០២២នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ ខាងមុខព្រះបរមរូបព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរបរតនកោដ្ឋ។ ព្រះរាជពិធីនេះ រៀបចំឡើងដោយមាន ការសហការគ្នារវាងមូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្នុងគោលបំណង រម្លឹកដល់ព្រះគុណូបការៈនិងសម្តែង នូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានប្រកបដោយសេចក្តីកតញ្ញូកតវេទីចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋនៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា។

២- សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះសោកនាដកម្មរត់ជាន់គ្នានៅទីក្រុងសេអ៊ូល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូងចំពោះសោកនាដ កម្មរត់ជាន់គ្នា នៅទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើន។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថាមិនមានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះក្នុងឧបទ្ទវហេតុនៅទីក្រុងសេអ៊ូលនោះទេ។

៣-មន្ត្រីប្រកាសឱ្យសាធារណជន ប្រុងប្រយ័ត្នជំងឺគ្រុនឈាម ព្រោះប៉ុន្មានសប្តាហ៍នេះ កើនឡើងខ្លាំង

មន្ត្រីទទួលបន្ទុក បានអះអាងថា រយៈពេលប្រមាណជា ២-៣ សប្តាហ៍ចុងក្រោយនេះ ករណីជំងឺគ្រុនឈាម បានកើនឡើងយ៉ាងខ្លាំង។ ហេតុនេះ ត្រូវតែបន្តការប្រុងប្រយ័ត្នតទៅទៀត ដោយធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ។ គិតចាប់ពីដើមឆ្នាំ២០២២ រហូតមកល់ពេលនេះ ជំងឺគ្រុនឈាម ត្រូវបានរកឃើញចំនួន ៩ ០៦៧ ករណី ក្នុងនោះ ស្លាប់ ១៦ ករណី ដែលទិន្នន័យនេះ បានកើនឡើងយ៉ាងខ្លាំង បើធៀបទៅកាលពីឆ្នាំ២០២១ ដោយរយៈពេលពេញមួយ ឆ្នាំ ជំងឺគ្រុនឈាម មានត្រឹមតែជាង ២ ០០០ ករណីប៉ុណ្ណោះ។

៤-សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងអប់រំ និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា យកចិត្តទុកដាក់បន្ថែមលើគុណភាពអប់រំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចប្រមាណជាងប្រាំមួយពាន់នាក់សម្ដេចបានជំរុញឱ្យក្រសួងអប់រំនិងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ នៅកម្ពុជា បន្តយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពអប់រំ នៅថ្នាក់ឧត្តម។ សម្ដេចតេជោ ចាត់ទុកថា ការអភិវឌ្ឍន៍កម្ពុជាមិនអាចកាត់ផ្ដាច់ចេញបានទេពីការអភិវឌ្ឍធនធានមនុស្ស។ក្នុងន័យនេះការយកចិត្តទុកដាក់ពីក្រសួងអប់រំ,សាកលវិទ្យាល័យ និងការធ្វើស្វ័យសិក្សារបស់និស្សិតជារឿងសំខាន់ មិនអាចមើលរំលងបាន។

៥.សម្តេចតេជោ ហ៊ុន សែនស្នើសុំពលរដ្ឋយោគយល់ចំពោះការរំខាននានាក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនដល់មេដឹកនាំ ពិភពលោក

នៅក្នុងពិធីចែកសញ្ញាបត្រកាលពីថ្ងៃទី១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនូវការសុំទោសនិងការយោគយល់ ពីប្រជាពលរដ្ឋខ្មែរទុកជាមុន ចំពោះការរំខាននានាពិសេសពលរដ្ឋនៅក្នុងក្រុងភ្នំពេញ ពាក់ព័ន្ធទៅនឹងការបិទផ្លូវ ឬការកកស្ទះចរាចរណ៍ ដែលបណ្ដាលមកពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សម្រួលចរាចរណ៍ជូនដល់មេដឹកនាំពិភពលោកនិងក្នុងតំបន់អាស៊ានដែលនឹងអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកានេះ។ សម្ដេចបានអះអាងថា ការបិទផ្លូវ ឬការកកស្រះចរាចរណ៍ពិតជារំខានដល់ពលរដ្ឋពិតមែនគ្មានជម្រើសណាមួយក្រៅពីធ្វើការងារនេះទេដើម្បីធានាបានល្អបំផុតនូវសន្តិសុខសណ្តាប់ធ្នាប់ជូនដល់មេដឹកនាំទាំងអស់នៅជុំវិញពិភពលោកដែលនេះជាមោទកភាពមួយសម្រាប់ប្រទេសនិងប្រជាជនកម្ពុជាទាំងមូលផងដែរ។

៦-សម្តេចតេជោ ជំរុញឱ្យប្រទេសសមាជិក RCEP បង្កើនកិច្ចសហការ និងគំាទ្រគ្នាទៅវិញទៅមក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន កាលពីថ្ងៃទី២ ខែវិច្ឆិកា បានជំរុញឱ្យប្រទេសសមាជិក RCEP ពិសេសប្រទេស ដែលមានសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ ត្រូវបង្កើនកិច្ចសហការ និងគំាទ្រគ្នាទៅវិញទៅមក អនុវត្តន៍កិច្ចព្រមព្រៀង RCEP អោយបានពេញលេញ ដើម្បីទាញយកផលប្រយោជន៍រួមទំាងអស់គ្នា។

៧- សម្ដេចតេជោ ហ៊ុន សែន គាំទ្រអ៊ុយក្រែន ប្រឆាំងការឈ្លានពាន តែបន្តជំរុញលើកទឹកចិត្តឱ្យមានការចរចា

កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានក្នុងជំនួបតាមទូរស័ព្ទជាមួយឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន សម្តេចបានបញ្ជាក់នូវជំហររបស់កម្ពុជាសាជាថ្មីម្ដងទៀត គឺកម្ពុជាគោរពគោលការណ៍ដែលមានចែងក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានការគំរាមកំហែងឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាពបូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសណាមួយនោះឡើយ។ ទោះជាយ៉ាងនេះក្តី សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏នៅតែទទូចឲ្យភាគីទំនាស់ស្រួចស្រាវទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី ស្វែងរកកិច្ចចរចា ដើម្បីបញ្ចប់ស្ថានភាពលំបាកស្មុគស្មាញនាពេលបច្ចុប្បន្ន ដែលបង្កពីសង្គ្រាម។

៨-សម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMEC និង CLMV

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកាបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវិដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អេកម៉ិក និង CLMV។ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV ត្រូវបានរៀបចំធ្វើក្រោមរូបភាពកូនកាត់ មានទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ក្រសួងទេសចរណ៍កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

៩- សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមអបអរសាទរដល់កីឡាការិនី ខាន់ ចេសា ដែលបានដណ្តើមមេដាយមាសកីឡាជឺជីតស៊ូ ជើងឯកពិភពលោក នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២ ខែវិច្ឆិកា។

១០-សម្តេចក្រឡាហោម ស ខេង ប្រកាសថា នាពេលខាងមុខ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តបុគ្គលិករកសារធាតុញៀន មុនឱ្យចូលធ្វើការ

នៅក្នុងសប្តាហ៍នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា អ្នកប្រឡងចូលធ្វើប៉ូលិស ត្រូវធ្វើតេស្តទឹកនោម រកសារធាតុញៀន ហើយនាពេលខាងមុខ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏តម្រូវឱ្យធ្វើតេស្តបុគ្គលិក រកសារធាតុញៀនជាមុនសិន មុនឱ្យចូលធ្វើការ។ សម្តេចក្រឡាហោម គូសបញ្ជាក់ថា នេះជាវិធីសាស្ត្រមួយ ក្នុងការទប់ស្កាត់គ្រឿងញៀន ដែលនឹងត្រូវស្នើដាក់បញ្ចូលក្នុងវិសោធនកម្មច្បាប់ចរាចរណ៍ និងច្បាប់គ្រឿងញៀន។

១១-សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគុយវ៉ែត ពិនិត្យលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងស្បៀងអាហារ ជាមួយកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ សម្តេចបានបំផុសគំនិតអោយប្រទេសគុយវ៉ែត តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន ពិនិត្យលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងស្បៀងអាហារ ជាមួយកម្ពុជា។

១២- ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើង ចាប់ពីថ្ងៃទី១០-១៣វិច្ឆិកា នៅរាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ក្រសួងការបរទេស បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកល លើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

១៣-ក្លិបអ្នកកាសែតកម្ពុជារៀបចំជំនួបរវាងអ្នកសារព័ត៌មាននិងមន្ត្រីរាជរដ្ឋាភិបាលដើម្បីត្រៀមក្នុងការយកព័ត៌មានពីកិច្ចប្រជុំកំពូល
អាស៊ាន

ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ប៉ែន បូណា ជាប្រធាន នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា បានរៀបចំជំនួបពិសេស រវាងអ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាល។ ជំនួបនេះ ធ្វើឡើង នៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ជំនួបដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា មានវាគ្មិន មកពីក្រសួងការបរទេស និងក្រសួងព័ត៌មាន ក៏ដូចជាវាគ្មិនកិត្តិយស ដែលធ្លាប់មានបទពិសោធន៍ក្នុងការចុះយកព័ត៌មានពាក់ព័ន្ធនឹងកិច្ចការអាស៊ាន៕សរន / N