ដោយៈចាន់តូ/ភ្នំពេញ៖  បុរសជាប្តីម្នាក់បានចាប់ក្រៀកប្រពន្ធរួចចាក់ជាច្រើនកាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។បន្ទាប់មកបុរសនោះក៏ចាក់សម្លាប់ខ្លួនឯងតាមក្រោយ ។ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ។ប៉ុន្តែបុរសជាប្តីមិនស្លាប់ទេគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។

ឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាប្រពន្ធឈ្មោះផេង សុភាង អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ចំណែកបុរសជាប្ដី ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមព័ត៌មានបានប្រាប់ឲ្យដឹងទៀតថា កន្លងមកបុរសជាប្ដីតែងតែដើរផឹកសុីស្រវឹងហើយវាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃជាហេតុធ្វើឲ្យការរស់នៅជាមួយគ្នាមិនចុះសម្រុងឡើយហើយឈានដល់ការរស់នៅបែកគ្នារយៈពេល៧ខែមកហើយ។ស្រ្តីជាប្រពន្ធដោយអត់ទ្រាំលែងបានតទៅទៀត ក៏សម្រេចចិត្តសុំលែងលះនៅត្រឹមភូមិ ឃុំ ។ដោយឡែកប្ដីមិនព្រមផ្ដិតមេដៃលែងលះនិងតែងតែប្រច័ណ្ឌរករឿងប្រពន្ធជាញឹកញាប់ថែមទៀតផង នៅវេលាល្ងាចថ្ងៃកើតហេតុបន្ទាប់ពីប្រពន្ធចេញពីធ្វើការដល់ផ្ទះជួល ប្ដីរូបនេះបានទៅរករឿងទៀត ។ខណៈនោះបង្កជាជម្លោះប្រវាយប្រតប់គ្នាហើយជនកំណាចបានចាប់ក្រៀកប្រពន្ធអូសចេញពីផ្ទះជួលដើរតាមផ្លូវ រួចយកកាបិតចុងស្រួចចាក់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។បន្ទាប់មកទើបប្ដីជាឃាតកររូបនោះប្រើកំកាំបិតដដែលចាក់ពោះខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់និងដួលដេកនៅជិតនោះដែរ។ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងនគរបាលបានចុះទៅអន្តរាគមន៍វាយខ្នោះដៃជនកំណាចខាងលើរួចបញ្ជូនទៅសង្រ្គោះ៕សរន