ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​តស៊ូ​យ៉ាង​ជោគជ័យ​ក្នុងការ​រំដោះទឹកដី​ចេញ​ផុតពី​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង​។​

​ទិវា​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតី​ភាព លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​, លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង មានការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ ព្រមទាំង​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អាន​សន្ទរកថា​ស្តីពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច ទាម ទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៩ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០២២​នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេច​
​ព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះ​រាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាងខ្លាំង​ខ្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ ឯករាជ្យ​ជាតិ​ឲ្យ​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។ វីរភាព​ដ៏​អង់អាច​ក្លាហាន​នេះ គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង​ទិវា​កំណើត​កង​យោធ​ពល​ខេមរភូមិន្ទ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេចបាន​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​វីរ​យុទ្ធជន យុទ្ធ​នារី និង ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ​ពីរ​បប​ប្រល័យពូជសាសន៍​ពី​ភ្នក់ភ្លើងសង្គ្រាម​គ្រោះកាច​ចង្រៃ​ផ្សេងៗ​ព្រមទាំង​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ការពារ​ទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ក៏បាន​អំពាវ​នាវ​ដល់​សមាជិក សមាជិកា​អង្គ​មិ​ទិ្ទ​ញ​ទាំងអស់​ក្នុង​ទិវា​ខួប​លើក ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ប្រែក្លាយជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា ដើម្បី​រក្សាបាន​សុខសន្តិភាព​អោយបាន​គង់​​វង្ស ចូលរួមចំណែក​កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​ឲ្យ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត​៕​