ដោយ​: ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃ​បញ្ចប់​នា​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ភ្ញៀវ​បួន​ម៉ឺន​នាក់​ទស្សនា និង​កំសាន្ត​សប្បាយ និង​តាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ខេត្តបន្ទាយមានជ័យ ដែល​រៀបចំ​នៅ​ស្ទឹង​សិរីសោភ័ណ ក្រោយ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ នា​សង្កាត់​ទឹកថ្លា និង​សួន​មានជ័យ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ និង​មានការ​ចូលរួម​ដោយ លោក លោកស្រី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​/​អភិបាលរង​ខេត្ត បន្ទាយមានជ័យ និង​មន្ត្រី​ដឹកនាំ មន្ត្រី កងកម្លាំង​មកពី​ខេត្ត​នេះ ខេត្តបាត់ដំបង ឧ​ត្ត​រ​មានជ័យ សៀមរាប លោក​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំខេត្ត​បាត់ដំបង ព្រមទាំង​ភ្ញៀវ​មហាជន​ជាដើម ។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងនាម​ប្រធាន​គណ​:​កម្ម​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះ ព្រះ​ខែ និង​ដាក់តាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​ខេត្ត​បានឱ្យដឹងថា : ក្នុង​កម្មវិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ មាន​ទូក​ចម្រុះ​ចំនួន​២៦​គ្រឿង រួមមាន ទូកវែង​ចំនួន​បី ដែលមាន​ចំណុះ​៦៩-៧៥​នាក់​, ទូក​មធ្យម​ចំនួន​១៤ ចំណុះ​២២​នាក់ និង​ទូក​តូច​ចំនួន​ប្រាំ ចំណុះ​ប្រាំ​នាក់ និង ពីរ​ទូក​ចំណុះ​បីនាក់ ដែល​មកពី​ស្រុក​មង្គលបុរី​មាន​ទូក​១១​ទូក ស្រុក​ព្រះនេត្រព្រះ​មាន​ប្រាំមួយ​ទូក ក្រុង​សិរីសោភ័ណ​មាន​ប្រាំបួន​ទូក ។ ហើយ​មាន​កីឡាករ​ចំណុះ​ទូក និង​គណ​:​កម្ម​ការ​ចំនួន​១.០៦០​នាក់ ។​

​លោក​បាន​បន្តថា ឆ្លងកាត់​ការប្រកួត​ក្នុង​លក្ខណៈ​វិលជុំ និង​ចែកជា​ពូ​ល​រយ​:​ពេល​ពីរ​ថ្ងៃ (​ថ្ងៃទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២២) បាន​លទ្ធផល និង​រង្វាន់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន មាន​ដូចតទៅ :
​ក​-​ទូក​ចំណុះ​៥​នាក់​៖ លេខ​១ បាន​ទៅ​ទូក​ឈ្មោះ​កូន​សារាយ​តូច ទទួលពាន​មួយ ថវិកា​៥០​ម៉ឺន​រៀល​, លេខ​២ ទូក​ឈ្មោះ​បុប្ផា​ជាយដែន បាន​ទង់​មួយ ថវិកា​៤០​ម៉ឺន​រៀល​, លេខ​៣ ទូក​ឈ្មោះ​មច្ឆា​ជ្រែ​ទឹក បាន​ទង់​មួយ ថវិកា​៣០​ម៉ឺន​រៀល​។ ទូក​ទាំង​៣ នេះ​មកពី​ស្រុក​មង្គល​បូរី ។​

​ខ​-​ទូក​ចំណុះ​២២​នាក់​៖ លេខ​១ បាន​ទៅ​ទូក​ឈ្មោះ​សាមគ្គី​មានជ័យ​បារមី​សារាយអណ្តែត បាន​ពាន​មួយ ថវិកា​៤​លាន​រៀល​, លេខ​២ ទូក​ឈ្មោះ​មហាលាភ​ម៉ៅ ម៉ា​ល័យ​មានជ័យ ទទួលបាន​ទង់​មួយ ថវិកា​៣​លាន​រៀល​, លេខ​៣ ទូក​ឈ្មោះ សន្ទុះ​នាគរាជ​សែន​ជ័យ​បារមី​មាន​រឹទ្ធិ មកពី​ក្រុង​សិរីសោភ័ណ បាន​ទង់​មួយ ថវិកា​២​លាន​រៀល​។ ទូក​ទាំងបី​នេះ មកពី​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គលបុរី​។​
​គ​-​ទូក​ចំណុះ​៤៥​នាក់​៖ លេខ​១ ទូក​ឈ្មោះ​តេ​ជោ​សែន​ជ័យ បារមី​នាគរាជ មកពី​ស្រុក​ព្រះនេត្រព្រះ បាន​ពាន​មួយ ថវិកា​៦​លាន​រៀល ។​លេខ​២ ទូក​ឈ្មោះ​ព្រះ​ពន្លា​មានជ័យ​ស្រី​ក្រឡេក​ញញឹម មកពី​ក្រុង​សិរីសោភ័ណ បាន​ទង់​មួយ ថវិកា​៥​លាន​រៀល ។​
​ឃ​-​ទូក​ចំណុះ​៧០​នាក់​៖ លេខ​១ ទូក​ឈ្មោះ​សូ​វណ្ណ​រាជសីហ៍​បារមី​បន្ទាយ​មហានគរ បាន​ពាន​មួយ ថវិកា​៦​លាន​រៀល ។​លេខ​២ ទូក​ឈ្មោះ​មង្គល​បូរី​មានជ័យ​បារមី​នាយ​កន​សន្តិភាព​បាន​ទង់​មួយ ថវិកា​៥​លាន​រៀល និង​លេខ​៣ ទូក​ឈ្មោះ​ពិសី​មានជ័យ​បារមី​ស្រី​ស្អាត បាន​ទង់​មួយ ថវិកា​៤​លាន​រៀល ។ ទូក​ទាំង​៣​មកពី​ស្រុក​មង្គល​បូរី ៕​