​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខណៈ​ពិធីបុណ្យ​ហាល់​ឡូ​វីន (Halloween) បាន​បញ្ចប់​ទៅ​ហើយ អ្នកវិទ្យាសាស្ត្រ​នៅតែ​មិន​ចង់ឱ្យ​យើង​ឈប់​ខ្វល់​នោះទេ​នៅពេល​និយាយ​ដល់​សក្តានុពល​​សម្រាប់​ជីវិត​ក្រៅ​ភព​។​

​ក្រុម​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ St Andrews ក្នុងប្រទេ​សស្កុ​តឡែ​ន ចង់​រៀបចំ​ផែនការ​មួយ​សម្រាប់​អ្វី​ដែល​ត្រូវ​ធ្វើ ប្រសិនបើ​យើង​ជួប​មនុស្ស​ភព​ក្រៅ​នៅលើ​ផែនដី​។​

​ដោយ​មាន​ជំនួយ​ពី​អ្នកជំនាញ​មក​ពី​ជុំវិញ​ពិភពលោក ពួកគេ​នឹង​ដាក់​បញ្ចូល​គ្នា​នូវ​ពិធីសារ​និង​សន្ធិសញ្ញា​ដ៏​រឹងមាំ ក៏ដូចជា​ការវាយតម្លៃ​រាល់​ភស្តុតាង​នៃ​អរិយធម៌​ឆ្លាត​វៃ​។​

​ការងារ​ត្រៀម​ខ្លួន​របស់​ពួកគេ​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ ដែល​ឧទ្ទិស​ដល់​ការស្រាវជ្រាវ​សម្រាប់​ការ​ស៊ើបការណ៍​អរិយធម៌​ឆ្លាត​វៃ​ក្រៅ​ភព (SETI)​។​

​លោក​បណ្ឌិត ច​ន អែល​លៀត (John Elliott) ជា​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​ជា​អ្នកសម្របសម្រួល​នៃ​មជ្ឈមណ្ឌល SETI Post-Detection Hub បាន​និយាយថា​”​ការ​ប្រឌិត​បែប​វិទ្យា​​សាស្ត្រ​គឺ​ជោរជន់​ទៅដោយ​ការរុករក​អំពី​ផលប៉ះពាល់​លើ​សង្គមមនុស្ស បន្ទាប់​ពី​ការរកឃើញ​និង​សូម្បី​ការ​ពើបប្រទះ​ជាមួយនឹង​ជីវិត​ឬ​អរិយធម៌​ឆ្លាត​វៃ​នៅ​កន្លែង​ផ្សេង​ទៀត​។ ប៉ុន្តែ​យើង​ត្រូវតែ​ទៅ​ឱ្យ​​ហួស​ពី​ការ​គិត​អំពី​ផលប៉ះពាល់​លើ​មនុស្សជាតិ​”​។​

​លោក​បាន​បន្ថែមថា “​យើង​ត្រូវ​សម្របសម្រួល​ចំណេះដឹង​ជំនាញ​របស់​យើង មិន​ត្រឹមតែ​សម្រាប់​ការវាយតម្លៃ​ភស្តុតាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការពិចារណា​លើ​ការឆ្លើយតប​សង្គមមនុស្ស​ផងដែរ ខណៈ​ដែល​ការយល់ដឹង​របស់​យើង​វិវឌ្ឍ និង​អ្វី​ដែល​យើង​ដឹង​និង​អ្វី​ដែល​យើង​មិនដឹង​ត្រូវ​បាន​ប្រាស្រ័យ​ទាក់ទង​។ ហើយ​ពេល​វេលា​ដើម្បី​ធ្វើ​វា​គឺ​ឥឡូវ​នេះ​ឯង​”​។​

“​ការស្កែនរក​សញ្ញា​នៃ​ប្រភព​មនុស្ស​ក្រៅ​ភព​ដែល​ស​ន្ម​ត់​សម្រាប់​រចនា​សម្ពន្ធ​នៃ​ភាសា​និង​ការភ្ជាប់​អត្ថន័យ​គឺជា​ដំណើរការ​ដ៏​ឧឡារិ​ក​និង​ចំណាយពេល​ច្រើន​ដែល​ក្នុង​អំឡុងពេល​នោះ​ចំណេះដឹង​​របស់​យើង​នឹង​វិវឌ្ឍ​ក្នុង​ជំហាន​ជា​ច្រើន នៅពេលដែល​យើង​រៀនសូត្រ​ពី​ជីវិត​ក្រៅ​ភព​”៕

ការងារ​ត្រៀម​ខ្លួន​របស់​ពួកគេ​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ St Andrews