ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​នាក់ បាននាំគ្នា​តវ៉ា និង​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង (I.N.G Holding) ដែល​បានអូសបន្លាយ​ពេល​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មក​។ការតវ៉ា​នេះ បានធ្វើ​ឡើង​នៅ​ទីតាំង​ដី​ទំនាស់​ស្ថិតនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែក​ខាង​សាលាខេត្ត​កណ្តាល បាន​បញ្ជាក់ថា ខេត្ត​នឹង​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណីនេះ​។​

ការតវ៉ា​របស់​ប្រជាពលរដ្ឋ​បានធ្វើ​ឡើងជា​បន្តបន្ទាប់​ដោយសារតែ​ពួកគាត់​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ​។ ហើយ​កន្លងមក​ពួកគាត់​បានដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។ បន្ទាប់ពី​ទទួលបាន​លិខិត​សុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បានធ្វើ​ដីកា​បញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ព​និត្យ​និង​លើ​យោបល់​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច​ដ៏​ខ្ពង់ខ្ពស់​។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​លោក​អឿន សំ​អូន បាន​អះអាងថា ការដែល​ពួកគាត់​មក​តវ៉ា​នេះ គឺ​ដើម្បី​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែល​ត្រូវបាន​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង (I.N.G Holding) រំលោភ​យក​។ ដី​នេះ​មានទំនាស់​ចាប់តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​ឆ្នាំ​២០២២ នេះ គឺមាន​រយៈពេល​ប្រមាណ​ជា ៧​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​។ ហើយ​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ជិត ៤០០​គ្រួសារ ទំហំ​ផ្ទៃដី​សរុប​ជាង ៧​ហិកតា​។ ហើយ​ប្រជាពលរដ្ឋ​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ និង​មាន​ការដឹងឮ​ពី​អាជ្ញាធរ​ថែម​ទៀតផង​។​

​លោក​សំ​អូន បាន​បញ្ជាក់ថា “​ប្រជាពលរដ្ឋ​មានការ​ភ័យ​ដែរ ខ្លាច​អត់​មាន​ដំណោះស្រាយ​យក​ដី​របស់​ពួកគាត់​ដែល​ធ្លាប់តែ​អាស្រ័យ​ផល​តាំងពី​យូរ​មកហើយ​។ ការតវ៉ា​នៅលើ​ទីតាំង​ដី​គឺមាន​ចំនួន​ពីរដង​ហើយ និង​បាន​ទៅផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រសួង​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនលើក​ច្រើនសារ​តែ​អត់​មាន​ដំណោះស្រាយ​អី​សម្រាប់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ចំនួន ៣៧០​គ្រួសារ​តែ​ឥឡូវ​កើន​ឡើងដល់​ទៅ ៦០០​ទៅ​៧០០​គ្រួសារ ទំហំ​ដី​ជិត ៧​ហិកតា​កន្លះ​។ ហើយ​សូម​ឲ្យ​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ថា​ឥឡូវ​នឹង​វា​យ៉ាងម៉េច​ដី​នឹង​បាន​ទៅលើ​ប្រជាពលរដ្ឋ ឬក៏​បាន​ទៅលើ​ក្រុមហ៊ុន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់​មន្ទិលសង្ស័យ ហើយ​ដល់ពេល​ស្ងាត់​ទៅៗ ពួកគាត់​អត់​សុខចិត្ត​។ ដី​នេះ​ដំបូង​គឺ​ប្រជាពលរដ្ឋ​ដាំ​ត្រកួន​នៅលើ​ហ្នឹង ដី​ហ្នឹង​អាស្រ័យ​ផល​អត់​បាន​ដោយសារ​ទឹក​លិច​ខួបប្រាំងខួបវស្សា ហើយ​ជម្លោះ​គឺ​នៅពេលដែល​ខាង​ក្រុមហ៊ុន​មក​ដេញ​ប្រជាពលរដ្ឋ និង​បំផ្លាញ​ត្រកួន​ប្រជាពលរដ្ឋ​ចោល ដោយ​គេ​អះអាងថា ជា​ដី​របស់​ក្រុមហ៊ុន បានជា​ជំពាក់ជំពិន​គ្នា​តាំងពី​ឆ្នាំ​២០១៦​មក​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​តវ៉ា​គេ​ថា​មាន​ដំណោះស្រាយ​តែ​ក៏​ស្ងាត់​ទៅ​។ ប្រជាពលរដ្ឋ​មាន​ឯកសារ​ត្រឹមត្រូវ​”​។​

​ចំណែក​លោក​វុទ្ធី បាន​សង្កត់ធ្ងន់ថា បើសិនជា​នៅតែ​មិនមាន​ដំណោះស្រាយ​ពី​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះទេ ពួកគាត់​ធ្វើការ​តវ៉ា​រហូត​មាន​ដំណោះស្រាយ និង​នាំគ្នា​ទៅសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពីព្រោះ​មានតែ​សម្តេច​ទាំងពីរ​ទេ​ដែល​អាចជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានទេ​។​
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទទួលបាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន អាយ​អិន​ជី​។​

​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ របស់លោក​ឯក សំណាង ចៅសង្កាត់​ដើម​មៀន និង​លោក​ហ៊ឹម ឆុន មេភូមិ​ស្ទឹង​ជ្រៅ បាន​បញ្ជាក់ថា “​បានឃើញ នឹង​បញ្ជាក់ថា ដី​បឹង និង​ប្រឡាយ​ន​នេះ ពិតជា​ដី​របស់​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ ពិតប្រាកដ​មែន​”។

ទាក់ទង​ករណីនេះ លោក​គង់ សុ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ​ថា ខាង​ខេត្ត​សុំ​ពិនិត្យ​ស្រាវជ្រាវ​ករណីនេះ​៕​