​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ធុរជន​សិង្ហ​បុរី​ម្នាក់ ដែល​អាម៉េរិក​ត្រូវការ​ចាប់​ខ្លួន​ចំពោះ​ការរំលោភ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុងប្រទេស​សិង្ហ​បុរី កន្លែង​ដែល​ជន​នេះ​កំពុង​ត្រូវ​​បាន​ស៊ើបអង្កេត នេះ​បើ​តាម​ប៉ូលីស​សិង្ហ​បុរី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ កង​កម្លាំង​ប៉ូលិស​សិង្ហ​បុរី បាន​និយាយថា ខ្លួន​គេ​កំពុង​ស្វះស្វែង​បញ្ជាក់​ពី​សម​ភាគី​អាម៉េរិក​អំពី​រង្វាន់​នេះនៅពេល​ខ្លួន​បាន​ជូនដំណឹង​អំពី​ការស៊ើបអង្កេតដែល​​កំពុង​ដំណើរការ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។​

​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ផ្តល់​រង្វាន់​៥​លាន​ដុល្លារ​ចំពោះ​ព័ត៌មាន​នាំដល់ការចាប់ខ្លួន​ធុរជន ក្វេក គី សេង​(Kwek Kee Seng)ដោ​យ​ចោទប្រកាន់​បរស​នេះ​ថា​បាន​ដឹក​ជញ្ជូន​ប្រេង​​ជាច្រើនលើក​ទៅកាន់​កូរ៉េខាងជើង និង​ការផ្ទេរ​ពី​នាវា​មួយ​ទៅ​កាន់​នាវា​មួយ ព្រមទាំង​លាង​លុយ​តាម​រយៈ​ក្រុមហ៊ុនក្លែង​បន្លំ​ជាច្រើន​។​

​ពួក​រដ្ឋអាជ្ញា​នៅ​ក្រុង​ញូវយ៉ក​កាលពី​ឆ្នាំ​២០២១​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ក្វេក នៅ​មួយ​ឆ្នាំ​ក្រោយ​ពី​នាវា​ដឹក​ប្រេង​របស់គាត់ឈ្មោះM/T Courageous​ត្រូវបាន​ឃាត់​ទុក​ដោយ​កម្ពុជា​តាម​សំណើ​របស់​អា​ម៉េ​​រិក​ដោយសារ​សង្ស័យថា​វាបាន​រំលោភ​ទណ្ឌកម្ម​។​

​នាវា​ដឹក​ប្រេង M/T Courageous ត្រូវបាន​រឹបអូស​ចំពោះ​ការរំលោភ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

​ក្វេក អាយុ​៦២​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​Swanseas Port Services នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

​កម្មវិធី​ផ្តល់​រង្វាន់​របស់​ក្រសួងការបរទេស​អាម៉េរិក បាន​និយាយថា កន្លែង​រស់នៅ​របស់​ជ​ន​នេះ​រួម​មាន​កូរ៉េខាងជើង កម្ពុជា តៃវ៉ាន់ ថៃ​ព្រមទាំង​ប្រទេស​កា​ម៉េរូន ឬ​កូន​កោះ​សាំង គីត​និង​នេ​វីសនៅតំបន់ការ៉ាអ៊ីព​។​

​តែ​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​«​ក្វេក​កំពុង​នៅ​សិង្ហបុរី​»​ដោយ​បុរស​នេះ​បាន​និង​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សិង្ហ​បុរី ចាប់​​តាំងពី​ខែ​មេសា​ឆ្នាំមុន ហើយ​លិខិត​ឆ្លង​ដែល​របស់គាត់​ត្រូវ​ដកហូត​៕

​ប៉ូលិស​សិង្ហ​បុរី​បាន​និយាយថា ខ្លួន​បាន​ចែករំលែក​ព័ត៌មាន​ស្តីពី​ការស៊ើបអង្កេ​ត ក្វេក គី សេង ជាមួយ​អាជ្ញាធរ​អនុវត្ត​ច្បាប់​អាម៉េរិក​ហើយ តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ក្រសួងការបរទេស​អាម៉េរិក​​ប្រកាស​ជូន​រង្វាន់​ចំពោះ​ព័ត៌មាន​នាំ​ដល់​ការចាប់ខ្លួន​គាត់ និង​សង្ស័យ​ប្រទេស​មួយចំនួន​ថា​ជា​ជម្រក​របស់​ជន​នេះ​ថែម​ទៀត​