ត្រៀមកម្លាំង​ល្បាត​ត្រួតពិនិត្យ និង​ការពារ​តាម​គោលដៅ សម្រាប់​ព្រឹត្តិការណ៍ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​ក្រោម​ការបញ្ជា ដឹកនាំ​ផ្ទាល់ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តឹង សុធី ស្នងការរង កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង ២៤​ម៉ / ២៤​ម៉ ល្បាត​ត្រួតពិនិត្យ និង​ការពារ​តាម​គោលដៅ សម្រាប់​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០២២​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​សរុប​ប្រមាណ​ជាង ២.៣០០ នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​មាន ប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​ថាៈ ទាក់ទង​នឹង​ផែនការ​ការពារ និង​ការប្រើប្រាស់​កម្លាំង ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ គឺ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ គឺ​បាន​ប្រើប្រាស់​កម្លាំង​សរុប តាម​ផែនការ​ជាង ២.៣០០ នាក់ និង​បែងចែក​តាម​គោលដៅ​សំខាន់ៗ ជាពិសេស នៅតាម​ដងផ្លូវ​គឺៈ ទី​១.​កម្លាំង​ចរាចរណ៍ ដើម្បី​ជួយ​សម្រួល ក្នុង​ការធ្វើ​ចរាចរណ៍ របស់​ថ្នាក់ដឹកនាំ​កំពូលៗ ទី​២.​កម្លាំង​តាម​ការិយាល័យ​ជំនាញ កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌ កម្លាំង​ប៉ុស្តិ៍ ចូលរួម​សហការគ្នា ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យ​បានល្អ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ ។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ ” យើង​មាន​ត្រៀម កម្លាំង​អន្តរាគមន៍ កម្លាំង​អគ្គិភ័យ ដើម្បី​ត្រៀម​ជាប្រចាំ នៅពេល​ដែលមាន​ករណី​ផ្សេងៗ កើតមានឡើង​ដោយ​យថាហេតុ​”៕/V​