ដោយៈ គង់​ហេង / កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ការ​ទប់​ច្រាំង ដោយ​បាវ​ខ្សាច់​យក្ស នៅ​ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់ ជាពិសេស ការបាក់​ស្រុត​ច្រាំងទន្លេ ជាថ្មីទៀត ចម្ងាយ ៥០ ម៉ែត្រ​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម ដែល​បាន​អម ដំណើរ លោក​អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថាៈ ដំណើរការ​ទប់​ច្រាំង​បាក់​ទន្លេមេគង្គ ដោយ​ប្រើប្រាស់ បាវ​ខ្សាច់​យក្ស នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ និង​ច្រាំង​ព្រែក​កៀន​ជ្រៃ ស្ថិតក្នុង​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ដែល​អនុវត្ត​គម្រោង ពី​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ផ្ទាល់​នោះ គឺ​សម្រេចបាន​រួចរាល់ ១០០ ភាគរយ​។​

​លោក​ប្រធាន​មន្ទីរ​រូបនេះ បាន​បន្តថាៈ ប៉ុន្តែ​ក្នុងនោះ ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង ទន្លេមេគង្គ​ថ្មី ចម្ងាយ​ប្រមាណ ៥០ ម៉ែត្រ ជម្រៅ​ពី ១០ ទៅ ១៥ ម៉ែត្រ ក្នុងភូមិ​សាស្ត្រ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ដដែល កាលពី​យប់​ថ្ងៃទី​៥ វិច្ឆិកា ម្សិលមិញ នៅ​ឃ្លាត ខាងក្រោម​ពី​ទីតាំង​ចាស់ សង់​រួច​ខាងលើ​ប្រហែល ២០០ ម៉ែត្រ ហើយ​ច្រាំងទន្លេ បាក់​ថ្មី​នេះ ខាង​ក្រសួង នឹង​ចាប់​អនុវត្ត​ទប់​បាវ​ខ្សាច់​យក្ស នៅពេល​ទឹកទន្លេ​មេគង្គ ស្រក​ផុត​បន្តិច​៕/V​