​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​កំពុង​លើកទឹកចិត្ត​ជា​លក្ខណៈ​ឯកជន​អោយ​អ៊ុយ​ក្រែន​បង្ហាញ​សញ្ញា​បើកចំហ​ចំពោះ​ការចរចា​ណាមួយ​ជាមួយ​រុស្ស៊ី នេះ​បើ​តាម​របាយការណ៍​ក្នុង​កាសែត​​វ៉ាស៊ីនតោន​ប៉ុស្តិ៍​(Washington Post)​នៅពេល​ក្រសួងការបរទេស​អាម៉រិក​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កាន់តែ​បង្កើន​សង្គ្រាម​និង​មិន​មាន​បំណង​ចូល​ពាក់ព័ន្ធ​ក្នុង​ការពិភាក្សា​ស្វែងរក​​សន្តិភាពដោយ​ហ្មត់ចត់​ទេ​។​

​កាសែត​បាន​យោង​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដែល​ថា សំណើ​របស់​មន្ត្រី​អាម៉េរិក​មាន​មានបំណង​រុញ​អ៊ុយក្រែន​អោយ​ចូលតុ​ចរចា​ទេ តែ​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ទទួលបាន​​ការគាំទ្រ​ពី​ប្រទេស​ផ្សេងៗ​។​

​កាលពី​ថ្ងៃ​សុក្រ​ប្រធានាធិបតី​ចិន​បាន​និយាយថា​«​ចិន​គាំទ្រ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការជំរុញ​កិច្ច​ពិភាក្សា​រក​សន្តិភាព​និង​ជំរុញ​ការបង្កើត​ក្រប​ខណ្ឌ​សន្តិសុខ​អឺរ៉ុប​មាន​តុ​ល្យ​​ភាព ប្រសិទ្ធភាព​និង​ចីរភាព​មួយ​»​។​លោក​ស៊ី ជីន​ភីង បាន​បន្ថែមថា សហគមន៍​អន្តរជាតិ​គួរតែ​«​អំពាវនាវ​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការអត់ធ្មត់​និង​ប្រកាន់យក​ភាពសមហេតុ​ផល ធ្វើការ​ទាក់ទង​​ដោយផ្ទាល់​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន និង​បង្កើត​លក្ខខណ្ឌ​សំរាប់​បន្ត​ការចរចា ហើយ​រួមគ្នា​ប្រឆាំង​ការប្រើ​ឬ​ការ​គំរាម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​»​។​

​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​និយាយថា មន្ត្រី​អាម៉េរិក​និង​អ៊ុយ​ក្រែន​បាន​ទទួលស្គាល់ថា ជំហរ​របស់​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ស្គី មិន​ចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បង្ក​ការបារម្ភ​នៅ​ប៉ែកខ្លះនៃទ្វីប​អឺរ៉ុប អាហ្វ្រិក​និង​អាម៉េរិក​ឡាទីន អំពី​ផលប៉ះពាល់​នៃ​សង្គ្រាម​លើ​ថ្លៃ​ស្បៀង​និង​ថាមពល​។​

​កាសែត​បាន​ស្រង់​មន្ត្រី​មន្ត្រី​អាម៉េរិក​ដែលថា​« ការ​អស់កម្លាំង​ល្ហិតល្ហៃ​ក្នុង​ការជួយ​គាំទ្រ​អ៊ុយ​ក្រែន​ជារឿង​ពិតប្រាកដ​មួយ​សំរាប់​ដៃគូ​របស់​យើង​ខ្លះ​»​។​

​កាលពី​ថ្ងៃ​៤​តុលា លោក​ហ្សេ​ឡេន​ស្គី បាន​ចុះហត្ថលេខា​លើ​ក្រិត​មួយដែល​ប្រកាសជាផ្លូវការ​ថា លទ្ធភាព​ដែល​អ៊ុយ​ក្រែន​ពិភាក្សា​មួយពូ​ទីន​គឺ​មិន​អាច​មាន​ទេ តែបើ​ក​ទ្វារ​សំរាប់​កិច្ច​ពិភាក្សា​ជាមួយ​រុស្ស៊ី​។​

​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​អាម៉េរិក​នៅ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណាទេ​អំពី​របាយការណ៍​នេះ តែ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការបរទេស​បាន​និយាយថា​«​យើង​បាន​និយាយ​វា​តាំងពី​មុន ហើ​​យ​នឹង​និយាយ​វា​ជា​ថ្មី​ថា​៖ សកម្មភាព​ឮ​ជាង​សម្តី​។​បើ​រុស្ស៊ី​ពិត​ជា​ចង់​ចរចា ខ្លួន​គួរ​បញ្ឈប់​ទម្លាក់​គ្រាប់ ការបាញ់​ផ្លោង​និង​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​អ៊ុ​យក្រែន​។​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​បង្កើន​​សង្គ្រាម​នេះ វិមាន​ក្រឹម​ឡាំង​បង្ហាញ​ការ​គ្មាន​ឆន្ទៈ​ដើម្បី​ចូលរួម​ក្នុង​ការចរចា សូម្បី​តែ​មុនពេល​ខ្លួន​ធ្វើ​ការឈ្លានពាន​ពេញទំហឹង​»​។​

​អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​កត់សំគាល់​សម្តី​ហ្សេ​ឡេន​ស្គី កាលពី​ថ្ងៃ​សុក្រ​ដែលថា «​យើង​ត្រៀម​សំរាប់​សន្តិភាព សំរាប់​សន្តិភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​មួយ ជា​រូបមន្ត​ដែល​យើង​បាន​និយាយ​ជាច្រើន​លើក​មក​ហើយ​»​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​សុក្រ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ជេ​ក ស៊ុល​ឡី​វ៉ាន បាន​និយាយថា ការគាំទ្រ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​អ៊ុ​យក្រែន​នៅតែ​«​មិន​ងាករេ​ ​មិន​ក្រញែងខ្លួន »​បន្ទាប់ពី​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​កាលពី​ថ្ងៃ​សុក្រ អាម៉េរិក​បានប្រកាស​ផ្តល់​ជំនួយ​សន្តិសុខ​៤០០​លាន​ដុល្លារ​បន្ថែម សំរាប់​អ៊ុ​យក្រែន ។​ជំនួយ​ថ្មី​នេះ​នាំអោយ​ជំនួយ​យោធា​របស់​អាម៉េរិក​សំរាប់​អ៊ុយ​ក្រែន​ឡើងដល់​១៨,២​ពាន់​លាន​ដុល្លារ​គិត​​ចាប់តាំងពី​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​អ៊ុយ​ក្រែន​កាលពី​៩​ខែ​មុន​៕

​លោក​ហ្សេ​ឡេន​ស្គី ប្រកាស​មិន​ពិភាក្សា​ជាមួយ​ពូ​ទីន បន្ទាប់​ពី​មេដឹកនាំ​រុស្ស៊ី​ប្រកាស​បញ្ចូល​តំបន់​បួន​របស់​អ៊ុយ​ក្រែនជា​ឧបសម្ពន្ធ​រុស្ស៊ី​