ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា- ថៃៈ អាជ្ញាធរមានសមត្ថកិច្ច ប្រចាំការពារព្រំដែនកម្ពុជា បានឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថាៈ តម្រួត និងទាហានថៃ កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២២ បានតាមព័ទ្ធនិងចាប់ឃាត់ខ្លួន បុរសជនជាតិកម្ពុជាម្នាក់ ដែលគេស្គាល់ថា ជាលោកវរសេនីយ៍ឯកយោធា សុខ បានផល បម្រើការនៅអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ។

ប្រភពបានបញ្ជាក់ប្រាប់ ដោយយោងតាម វេបសាយ នៃសារព័ត៌មានថៃ មួយចំនួន បានផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា នេះថា: តម្រួត និងទាហានថៃ នៅខេត្តស្រះកែវ បានឡោមព័ទ្ធរថយន្តកម្ពុជាមួយគ្រឿង បន្ទាប់ពីមានទាហានកម្ពុជាមួយរូប ស្រវឹងឈ្លោះទាស់ទែងជាមួយក្រុមគ្រួសារ រួចក៏មួរម៉ៅ បើករថយន្តម៉ាក Jeep ពាក់ផ្លាកលេខ កម្ពុជា PICH.NIK ពណ៌ខ្មៅ ឆ្លងចូលទឹកដីថៃ តាមច្រកព្រំដែនអន្តរជាតិ ខាវឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ -ទល់មុខច្រកព្រំដែន ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភព បានបន្តថាៈ ដោយមានការសង្ស័យ ពីមានអាវុធយុទ្ធភ័ណ្ឌ យកចូលប្រទេសខ្លួន សមត្ថកិច្ចកងកម្លាំងចម្រុះថៃ បានប្រដេញ និងស្ទាក់ឃាត់ខ្លួន ។ លុះទៅដល់ចំណុច ប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ទើបសមត្ថកិច្ចកងកម្លាំងថៃ បានបញ្ឈប់ការព្យាយាមរត់គេច ដោយបុរសម្ចាស់រថយន្ត ខាងលើ ។ នៅទីនោះ បុរសនេះ កាន់កាំភ្លើងខ្លី ១ដើម ហើយមិនព្រមឱ្យ កងកម្លាំងថៃចាប់ខ្លួន ភ្លាមៗទេ ប៉ុន្តែក៏មិនបានផ្ទុះអាវុធឡើយ។ កងកម្លាំងថៃចម្រុះ បានឡោមព័ទ្ធ លួងលោមជាប់ ដោយប្រើពេល ១២ ម៉ោង ទើបបុរសនោះ ព្រមទម្លាក់អាវុធ និងឱ្យឃាត់ខ្លួន។

ក្រោយពីឃាត់ខ្លួនបាននោះ សមត្ថកិច្ចចម្រុះថៃ បាននាំបុរសកម្ពុជាម្នាក់នេះ ទៅកាន់ស្ថានីយ៍តម្រូតថៃ ដើម្បីសួរនាំ និងរំងាប់អារម្មណ៍ ដើម្បីដំណើរការតាមផ្លូវច្បាប់ ប៉ុន្តែចុងក្រោយ បុរសនេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ៕/V