ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ការធ្លាក់​យន្តហោះ​មួយ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​តង់​ហ្សា​នី​បាន​កើន​ដល់​១៩​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី កា​ស៊ីម ម៉ាហ្សា​លី​វ៉ា​(Kassim Majaliwa)​ក្រោយ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Precision Air​បាន​ធ្លាក់​ចូល​ក្នុង​បឹង​វិច​តូ​រី​យ៉ា​( Victoria)​ក្នុងពេល​វា​កំពុងធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៊ូ​កូបា​ភាគពា​យព្យប្រទេស​។​

​លោក ម៉ាហ្សា​លី​វ៉ា បាន​ប្រាប់​ហ្វូង​មនុស្ស​មួយ​ក្រោយ​ទៅដល់​អាកាសយានដ្ឋាន​ក្រុង​ប៊ូ​កូបា​ថា «​ប្រជាជន​តង់​ហ្សា​នី​ទាំងអស់​នៅ​ជាមួយ​អ្នក​ក្នុង​ការចូលរួម​មរណទុក្ខ​ជនរងគ្រោះ​១៩​នាក់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះ​នេះ​»​។​

​អាជ្ញាធរ​តំបន់​មុននេះ​បាន​និយាយថា មាន​អ្នក​នៅ​រស់​២៦​នាក់​ក្នុងចំណោម​មនុស្ស​៤៣​នាក់​នៅក្នុង​យន្តហោះ​ជើងហោះហើរ​PW 494​។​ពួកគេ​ត្រូវបាន​ទាញ​ចេញ​និង​នាំ​ទៅកាន់​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​​ជាប់​មាត់​បឹង​។​

​តែ​ក្រុមហ៊ុន​Precision Air​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួ​ថា មនុស្ស​២៤​នាក់​នៅ​មាន​ជីវិត​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ ហើយ​មន្ត្រី​ក្រុមហ៊ុន​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​​បារាំង​ថា អ្នក​ដេកពេទ្យ​ពីរ​នាក់​ទៀត​មិន​ជា​សមាជិក​ក្នុង​យន្តហោះ​ដែល​ធ្លាក់​ទេ​។​

​ក្រុមហ៊ុន​បាន​និយាយ​ថា​យន្តហោះ​ATR 42-500​បាន​ដឹក​អ្នកដំណើរ​៣៩​នាក់​និង​សមាជិក​នាវិកបួន​នាក់​ពេលវា​ជួប​ឧបទ្ទវហេតុ​នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃអាទិត្យ​។​

​រូប​វីដេអូ​បង្ហាញ​យន្តហោះ​លិច​ក្នុង​ទឹក​មួយ​ចំណែក​នៅ​ពេល​ពួក​អ្នក​ជួយសង្គ្រោះ​រួមមាន​អ្នកនេសាទ​ដើរ​លុយ​ទឹក​ទៅ​នាំ​មនុស្ស​មក​កាន់​ទី​សុវត្ថិភាព​។​បុគ្គលិក​ជួយសង្គ្រោះ​បាន​ប៉ុនប៉ង​លើ​យន្តហោះ​ចេញ​​ពី​ទឹក​ដោយ​ប្រើ​ខ្សែ​ក្រោម​ជំនួយ​ពី​រថយន្តស្ទូច នៅពេល​អ្នកស្រុក​ក៏​ជួយ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី សាមៀ ស៊ូ​លូ​ហ៊ូ ហាស​សាន​(Samia Suluhu Hassan)​បាន​សម្តែង​ការចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​អ្នកស្លាប់ ដោយ​លោក​បាន​និយាយថា​«​យើង​បន់ស្រន់​​អោយ​ព្រះ​ជួយ​យើង​»​។​

វា​ចាត់ទុក​ជា​ការធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅក្នុង​ប្រទេស​នៅ​អាហ្វ្រិក​ខាងកើត​មួយ​នេះ​។​វា​បាន​កើតឡើង​ប្រាំ​ឆ្នាំ​ក្រោយ​មនុស្ស​១១​នាក់​បាន​ស្លាប់​នៅពេល​យន្តហោះ​មួយ​ធ្លាក់​​នៅ​ភាគ​ខាងជើង​ប្រទេស​៕