​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមបាល់ទាត់​វិសាខា បាន​ការពារ​តំណែង ជើងឯក​ពានរង្វាន់ សម្ដេច​តេ​ជោ ហ៊ុន សែន​(Hun Sen Cup) លើក​ទី​១៦ ឆ្នាំ​២០២២ ដោយ​ជោគជ័យ បន្ទាប់ពី​យកឈ្នះ​ក្រុម​បឹងកេត ដោយ​លទ្ធផល ៤​ទល់​៣ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ។​

​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ធ្វើ​លើទឹក​ដី​កណ្ដាល ដោយ​បឹងកេត បាន​ស៊ុត​បំប៉ោង សំណាញ់​ទី ក្រុម​ជើងឯក ២ សម័យ ២ គ្រាប់​មុន ដែល​ធ្វើ​សម្រេច ដោយ​កីឡាករ សៀង ច​ន្ធា ដោយ​នាទី​១៤ និង​នាទី​៣១​។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ បាន​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង ពិសេស​វិសាខា ដែល​ព្យាយាម​វាយបក​រកបាន ២​គ្រាប់​វិញ ដោយ​កីឡាករ ស៊ិន សុ​ផា​ណាត់ នៅ​នាទី​៧៩ ពិសេស​គ្រាប់​បាល់ ក្រឡក​បង្គោល​ទី ប៉ះ​អ្នកចាំទី កែវ សុខ​សិលា នៅ​នាទី​៩០+៦ ដែលជា​គ្រាប់​តាម​ស្មើ នាំ​ឲ្យ​ការប្រកួត​ឈាន ដល់​ម៉ោង ១៥​នាទី ២​ដង​។​

​ឈានដល់​ការប្រកួត​កាត់សេចក្ដី ម៉ោង​បន្ថែម ៣០ នាទីចុងក្រោយ វិសាខា បាន​ស៊ុត​គ្រាប់​បាល់ នាំមុខ​បឹងកេត​វិញ នៅ​នាទី​៩៨ ដោយ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន មុន​កីឡាករ ឱ ភា​រុណ រកបាន​គ្រាប់ តាម​ស្មើ​ឲ្យ​បឹងកេត នៅ​នាទី ១០២ ។​

​ទោះជា​យ៉ាងណា ក៏​ឱកាស​ដណ្ដើម​ជើងឯក របស់​ក្រុម​នាគ​ខៀវ ត្រូវបាន​បញ្ចប់ បន្ទាប់ពី​កីឡាករ កែវ សុខ​ផេង បន្ថែម​គ្រាប់​ទី​៤ ឲ្យ​វិសាខា នៅ​នាទី​១០៤ ដែលជា គ្រាប់​បាល់​ជ័យជម្នះ នៃ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង បន្ទាប់ពី​អាជ្ញាកណ្ដាល ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត វិសាខា ឈ្នះ​បឹងកេត ៤​ទល់​៣ ។​

​ជោគជ័យ​នេះ ធ្វើ​ឲ្យ​ក្រុម​វិសាខា ក្លាយជា​ក្លិប​ដំបូង​គេ ដែល​បាន​គ្រង​ជើងឯក ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ៣ សម័យកាល ជាប់​គ្នា សម្រាប់​រដូវ​កាល ឆ្នាំ​២០២០, ២០២១ និង ឆ្នាំ​២០២២ ដ្បិត​កន្លងមក មាន ២ ក្រុម ដែល​ធ្លាប់​ឈ្នះ ពាន​នេះ ត្រឹម ២ សម័យកាល​ជាប់​គ្នា គឺ​ក្រុម​ភ្នំពេញ​ក្រោ​ន គ្រង​ជើងឯក នៅ​ឆ្នាំ​២០០៨-២០០៩ និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង គ្រង​ជើងឯក នៅ​ឆ្នាំ​២០១១-២០១២ ។​

​ជាមួយ​ការលើក​ពាន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី នេះដែរ វិសាខា ទទួលបាន​ពាន ១ មេដាយមាស ៤០ គ្រឿង អម​ប្រាក់រង្វាន់ ១១០ លាន​រៀល ។ រីឯ​ចំណាត់ថ្នាក់ លេខ​២ ក្រុម​បឹងកេត ទទួលបាន​មេដាយប្រាក់ ៤០ គ្រឿង អម​ប្រាក់រង្វាន់ ៧០ លាន​រៀល​។ ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​យកឈ្នះ ក្រុម​អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល ៥​ទល់​០ ទទួលបាន​មេដាយ​សំរឹទ្ធ ៤០ គ្រឿង អម​ប្រាក់រង្វាន់ ៤០ លាន​រៀល​៕/V​