​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ទីក្រុង​ឃើ​សុន (Kherson)​របស់​អ៊ុយ​ក្រែន​ដែល​កាន់កាប់​ដោយ​រុស្ស៊ី ត្រូវបាន​កាត់​ផ្តាច់ការ​ផ្គត់ផ្គង់​ទឹក​និង​អគ្គិសនី​​កាលពី​ថ្ងៃអាទិត្យ​ទី​៦​វិច្ឆិកា បន្ទាប់​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស ហើយ​ទំនប់​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​ក៏​ត្រូវបាន​ខូចខាត​ផងដែរ​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ទីក្រុង​ឃើ​សុន ដែល​ធ្លាក់​ក្នុង​ដៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការវាយលុក​ក្នុង​ខែ​កុម្ភៈ បានឃើញ​ការ​ដាច់​ចរន្តអគ្គិសនី​បែបនេះ​។​

​រដ្ឋបាល​ដែល​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​និយាយ​នៅ​លើ Telegram​ថា “​នៅក្នុង​ទីក្រុង​ឃើ​សុន​និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​នៅក្នុង​តំបន់​មិន​មាន​អគ្គិសនី​ឬ​ការផ្គត់ផ្គង់​ទឹក​ជា​​បណ្តោះអាសន្ន​”​។​

​រដ្ឋបាល​នេះ​បាន​និយាយថា វា​គឺជា “​លទ្ធផល​នៃ​ការវាយប្រហារ​ដែល​រៀបចំ​ដោយ​ភាគី​អ៊ុយ​ក្រែន​នៅលើ​ផ្លូវ​ហាយ​វ៉េបឺ​រី​ស្លា​វ​-​កា​ខូវ​កា (Berislav-Kakhovka)​ដែល​បាន​ឃើញ​បង្គោល​បេតុង​ចំនួន​​បី​នៃ​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​ត្រូវ​បាន​ខូចខាត​”​។​

​អាជ្ញាធរ​គាំទ្រ​ដោយ​រុស្ស៊ី​បាន​និយាយថា អ្នកឯកទេស​ខាង​ថាមពល​កំពុង​ធ្វើ​ការ​ដើម្បី “​ដោះស្រាយ​” បញ្ហា​នេះ​ឱ្យបាន​រហ័ស ខណៈ​ពួកគេ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រក្សា​ភាពស្ងប់ស្ងាត់​។​ប៉ុន្តែ​ប្រមុខរដ្ឋ​​បាល​តំបន់ លោក យ៉ា​រ៉ូ​ស្លាវ យ៉ានូ​សេវិ​ច (Yaroslav Yanushevych) បាន​ស្តីបន្ទោស​រុស្ស៊ី​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​។​

​លោក​បាន​និយាយថា នៅក្នុង​ទីក្រុង​បឺ​រី​ស្លាវ (Beryslav)​ខ្សែ​បណ្តាញ​អគ្គិសនី​ប្រវែង ១,៥ គីឡូម៉ែត្រ​ត្រូវ​បាន​បំផ្លាញ ដោយ​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​ទាំងស្រុង ដោយសារតែ​”​ការខូចខាត​គឺ​ធំធេង​​ពេក​”​។​

​លោក​បាន​សរសេរ​នៅលើ​វេទិកា​បណ្តាញ​សង្គម Telegram ថា “​ប្រហែលជា​នឹង​មិន​មាន​ភ្លើង​នៅ​ក្នុង​ទីក្រុង​បឺ​រី​ស្លាវ​រហូត​ដល់​ទី​ក្រុងនេះ​ត្រូវបាន​ដក​ការកាន់កាប់​ចេញ​ទាំងស្រុង​។​វា​មិន​អាច​ទៅរួច​​ទេ​ក្នុង​ការជួសជុល​ខ្សែបណ្តាញ​ភ្លាមៗ វា​ខ្វះ​អ្នកឯកទេស​និង​ឧបករណ៍ ហើយ​ពួក​ឈ្លានពាន​រុស្ស៊ី​នឹង​មិន​អនុញ្ញាត​ឱ្យធ្វើ​បែបនេះ​ទេ​”​។​

​ព័ត៌មាន​នៃ​ការ​ដាច់​ភ្លើង​បាន​កើតឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​ទំនប់​កា​ខូវ​កា​ក្នុង​តំបន់​ឃើ​សុន ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ត្រូវបាន “​ខូចខាត​” ដោយ​ការវាយប្រហារ​របស់​អ៊ុ​យក្រែន​

​បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​បាន​ស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​យ៉ាង​ដូច្នេះ​ថា “​ថ្ងៃនេះ​នៅ​ម៉ោង ១០៖០០ មាន​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត HIMARS ចំនួន​ប្រាំ​មួយ​គ្រាប់​។​អង្គភាព​ការពារ​ដែន​​អាកាស​បាន​បាញ់​ទម្លាក់​កាំជ្រួច​ចំនួន​ប្រាំ​គ្រាប់ មួយ​គ្រាប់​បាន​ធ្លាក់ចំ​ទំនប់ទឹក​កា​ខូវ​កា បណ្តាលឱ្យ​រង​ការខូចខាត​”​។

​ទីភ្នាក់ងារ​សារព័ត៌មាន RIA Novosti បាន​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ដែល​គាំទ្រ​ដោយ​មូ​ស្គូថា ការខូចខាត​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​អ៊ុយ​ក្រែន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​ព្រមាន​ថា កងកម្លាំង​របស់​មូ​ស្គូ​មានបំណង​បំផ្ទុះ​ទីតាំង​យុទ្ធសាស្ត្រ​នេះ​ដើម្បី​បង្ក​ជ​ទឹកជំនន់​។​ទំនប់​វា​រី​អគ្គិសនី​កា​ខូវ​កា​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែន​ត្រូវបាន​​កាន់កាប់​ដោយ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ នៅ​ពេល​ចាប់ផ្តើម​ការវាយលុករ​បស់​ពួកគេ​។ វា​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​គ្រី​ម៉េ ដែល​កាត់​យក​ដោយ​រុស្ស៊ី​៕

​ទីក្រុង​ឃើ​សុន​របស់​អ៊ុយ​ក្រែន​ធ្លាក់​ក្នុង​ដៃ​កងកម្លាំង​រុស្ស៊ី​ក្នុងពេល​តែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​លុកលុយ​កាលពី​ខែ​កុម្ភៈ​