ដោយ​: បូកគោ / កំពត​: ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ក្នុង​ខេត្តកំពត ដែល​បាន​ប្រព្រឹត្តឡើង កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ភ្ញៀវ​ចូលរួម​កម្សាន្ត ប្រមាណ​ជាង ២០ ម៉ឺន​នាក់​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថាៈ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្តកំពត បាន​ប្រព្រឹត្តឡើង យ៉ាង​គគ្រឹកគគ្រេង ប្រកបដោយ​ភាពសប្បាយ​រីករាយ​បំផុត​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវទេសចរ បានមក​ចូលរួម​ទស្សនា ការប្រណាំង​ទូក ប្រពៃណី​ច្រើន ក៏ដូចជា​ការដើរ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ដ៏​ច្រើន​កុះករ​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ សម្រាប់​ថ្ងៃ​ដំបូង​នេះ មាន​អ្នក​មកលេង​កម្សាន្ត ប្រមាណ​ជាង ២០ ម៉ឺន​នាក់​។ ចំណែក​សន្តិសុខ សណ្តាប់ធ្នាប់​ផ្សេងៗ មិនមាន​អ្វី កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ តាម​ការព្យាករណ៍ នៅ​ថ្ងៃទី​ពីរ​នេះ អាច​នឹងមាន អ្នកចូលរួម កាន់តែច្រើន ដោយសារ​ការរៀបចំ​បានល្អ និង​មាន​ភាពសប្បាយ រីករាយ​ពិតៗ​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​អុំទូក នៅ​កំពត មាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា ការប្រណាំង​ទូកង ការប្រកួត និង​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ ពិធី​ពិព័រណ៍​សម​ទ្ធិ​ផល ភូមិ​មួយ​ផលិតផល​មួយ ស្តង់​លក់​ផលិតផល ការសម្តែង​សិល្បៈ តន្ត្រី​ខ្នាត​ធំ​ជាច្រើន ទីតាំង ការ​ជិះ​ម៉ូតូ​ហោះ សកម្មភាព​បាញ់​កាំ​ជ្រូច បណ្តែតប្រទីប បង្ហោះគោម ជាដើម​៕/V​