ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្លិប​ហែល​ទឹក ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន​ ​ដណ្តើម​មេដាយ​ច្រើនជាងគេ រហូតដល់ ២១ គ្រឿង នៃ​ការប្រកួត​កីឡាហែលទឹក “​ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម​ថុ​ន​” លើក​ទី​៥ ឆ្នាំ​២០២២ (The 5th HEM THON National Junior Swimming Championships 2022) ។​

​ក្នុង​ពិធី​បិទ និង​ប្រគល់​ជយលាភី ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក បុ​ង​ ​ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខែ្មរ​កីឡាហែលទឹក បាន​មាន ប្រសាសន៍ថាៈ ការប្រកួត​កីឡា​ហែល​ទឺ​ក “​ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម​ថុ​ន​” លើក​ទី​៥ ឆ្នាំ​២០២២ មាន ៨ ក្លិប រួមមាន ក្លិប​ហែល​ទឹក​ក្រសួង សារ​ធា​រណការ និង​ដឹកជញ្ជូន ក្លិប​ហែល​ទឹក ក្រសួង​ព័ត៌មាន ក្លិប​ហែល​ទឹក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ ហែម​ថុ​ន ក្លិប​ហែល​ទឹក ខេត្តបាត់ដំបង ក្លិប​ហែល​ទឹក​ខេត្តសៀមរាប ក្លិប​ហែល​ទឹក​នាគរាជ ខេត្តកំពង់ចាម និង​ក្លិប​ហែល​ទឹក​ក្រសួងមហាផ្ទៃ​។​

​ការប្រកួត​ឆ្នាំនេះ កីឡាករ​-​កីឡាការិនី ចូលរួម​ប្រកួត​ចំនួន ៨៣ នាក់ រួមមានៈ ប្រភេទ​ទី​១. កុមារា កុមារី អាយុ​ចាប់ពី ១០ ឆ្នាំ ដល់ ១២ ឆ្នាំ (​គិត​ត្រឹម​ថ្ងៃ​ប្រកួត​) ប្រភេទ​ទី​២. កុមារា កុមារី អាយុ​ចាប់ពី ១៣ ឆ្នាំ ដល់ ១៥ ឆ្នាំ (​គិត​ត្រឹម​ថ្ងៃ​ប្រកួត​) និង​ប្រភេទ​ទី​៣. យុវជន យុវនារី អាយុ​ចាប់ពី ១៦ ឆ្នាំ ដល់ ១៨ ឆ្នាំ (​គិត​ត្រឹម​ថ្ងៃ​ប្រកួត​)​។​

​លោក​បាន​បន្តថាៈ ការប្រកួត​នេះ ធ្វើឡើង​រំលឹក​នូវ​គុណូបការៈ និង​ស្នាដៃ​របស់ ព្រឹទ្ធាចារ្យ ហែម ថុ​ន បាន​ខិតខំ​ប្រឹង​ប្រែ​រៀបចំ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ឲ្យ​កកើត​ឡើងវិញ តាំងពី​ក្រោយ​របប ប្រល័យពូជសាសន៍ និង​អាច​ដំណើរការ​មក ដល់ពេល​បច្ចុប្បន្ននេះ ។​

​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​នេះ ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ស្នាដៃ​របស់​ព្រឹទ្ធាចារ្យ ហែម ថុ​ន បាន​ប្រឹងប្រែង​ពុះពារ សម្រាប់​ការប្រកួត​កន្លងមក ហើយ​ម្យ៉ាងទៀត ដើម្បី​បំផុស​វិស័យ កីឡាហែលទឹក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស គឺ​ផ្តល់ឱកាស​ឱ្យ​កីឡាករ កីឡាការិនី វ័យក្មេង បាន​ចូលរួម​ការប្រកួត បង្ហាញ​ទេពកោសល្យ និង​សមត្ថភាព ដើម្បី​យល់ដឹង​ពី​ការប្រកួត ទទួលបាន បទពិសោធន៍​។​

​ចំណែក​ក្លិប​ហែល​ទឹក ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន ដណ្តើម​មេដាយ​ច្រើន​​ជាងគេ គឺ ២១ គ្រឿង ក្រសួង​ព័ត៌មាន ដណ្តើមបាន​មេដាយ ៩ គ្រឿង ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន ដណ្តើមបាន​មេដាយ ១៨ គ្រឿង ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដណ្តើមបាន​មេដាយ ៨ គ្រឿង ក្លិប​នាគរាជ​ខេត្តកំពង់ចាម ដណ្តើមបាន​មេដាយ ៦ គ្រឿង ចំពោះ​ខេត្តសៀមរាប ដណ្តើមបាន​មេដាយ ២ គ្រឿង និង​ខេត្តបាត់ដំបង ដណ្តើមបាន​មេដាយ ២ គ្រឿង​៕/V​