​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ដណ្ដើម ខ្សែក្រវ៉ាត់ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ លើស​ង្វៀន TV5 បានបញ្ចប់​វគ្គ​ពាក់ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ នា​យប់​ថ្ងៃទី​៦ វិច្ឆិកា ម្សិលមិញ​នេះ ។​

​កូន​រា​ហ៊ូ​មាស ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា និង​ជើង​ខ្លាំង ឃុន បូរ៉ា ក្លិប​រស្មី​ភូម​គាប ខេត្តបន្ទាយមានជ័យ នឹងត្រូវ​ជួបគ្នា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង យក​ខ្សែក្រវាត់ ដែលមាន​រង្វាន់​អម គឺ​ផ្ទះ​វីឡា​ភ្លោះ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​លេខ​១ ក្នុង​ពូ​ល​ដូចគ្នា ដែល​ពេលនេះ ពួកគេ​មិ​នួ​ឲ​ទាន់​ស្គាល់​ចាញ់​ដូចគ្នា​។​

​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឃុន បូរ៉ា បាន​ផ្ដួល វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ ក្នុងខណៈដែល សេរី​វ៉ាន់​ថង បាន​វាយ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក បណ្ដាល​ឲ្យ​អាជ្ញាកណ្ដាល បញ្ឈប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​២ ដោយសារតែ វាសនា មិនមាន​សមត្ថភាព​ត​ស៊ូ​ជាមួយ វ៉ាន់​ថង​បាន ។​

​ទាំង​វ៉ាន់​ថង ទាំង​បូរ៉ា សុទ្ធតែ​សង្ឃឹមថា នឹង​បានទទួល​កូនសោរ​ផ្ទះ យកមក​គ្រប់គ្រង​ដូចគ្នា ។ ចំពោះ សូត្រ វាសនា និង វ៉ាន់ វឿន ក៏ត្រូវ​ប្រជែង​គ្នា ដណ្ដើម​ចំណាត់ ថ្នាក់​លេខ​៣ ដែរ​។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ អ្នក​ប្រដាល់​វៀតណាម វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ខាំ កូន​ខ្លា ក្លិប​មេស​ថ្ង​ក​ខេត្តស្វាយរៀង បាន​យកឈ្នះ អ្នក​ប្រដាល់​វៀតណាម Bui Tran Tan Tak ដោយ​ពិន្ទុ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​នៅក្នុង​ការប្រកួត​មួយគូ​ទៀត​នោះ លន បញ្ញា ក្លិប​កងយោធពល​ខេមរភូមិន្ទ បាន​ផ្ដួល​អ្នក​ប្រដាល់​វៀតណាម Pham Ngoc ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕/V​