​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៦​វិច្ឆិកា​ថា រៀង​រាល់​ប្រាំបី​ឆ្នាំ​ចុងក្រោយ​នេះ ប្រសិនបើ​ការព្យាករណ៍​សម្រាប់​ឆ្នាំ ២០២២ មាន​ភាពត្រឹមត្រូវ ជា​ជា​ឆ្នាំ​មាន​កម្តៅ​ខ្លាំង​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​គិត​មុន​ឆ្នាំ ២០១៥ ដោយ​រៀបរាប់​លម្អិត​អំពី​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​អត្រា​ឡើង​កម្តៅ​ផែនដី​។​

​អង្គការ​ឧតុនិយម​ពិភពលោក​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ខណៈ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​របស់​អ​.​ស​.​ប COP27 បាន​បើក​នៅ​ទីក្រុង​សាម អែល​សេក (Sharm el-Sheikh)​ប្រទេស​​អេ​ហ្ស៊ី​ប យ៉ាង​ដូច្នេះ​ថា ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ ការ​រលាយ​ផ្ទាំង​ទឹកកក ភ្លៀង​ធ្លាក់​ខ្លាំង រលក​កម្តៅ និង​គ្រោះមហន្តរាយ​ដ៏​សាហាវ​ដែល​ពួក​វា​បង្កឡើង សុទ្ធតែ​កំពុង​បង្កើនល្បឿន​។​

​ប្រមុខ​អ​.​ស​.​ប លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​និយាយថា “​នៅពេលដែល COP27​កំពុងដំណើរការ ភពផែនដី​របស់​យើង​កំពុង​បញ្ជូន​សញ្ញា​ទុក្ខព្រួយ​” ដោយ​ពណ៌នា​របាយការណ៍​នេះ​ថា​ជា​”​ភាពវឹកវរ​នៃ​​អាកាសធាតុ​”​។​

​របាយការណ៍​បានបង្ហាញ​ថា ផែនដី​បាន​ឡើង​កម្តៅ​លើសពី ១,១ អង្សា​សេ ចាប់តាំងពី​ចុង​សតវត្សរ៍​ទី ១៩ ដោយ​ប្រហែល​ពាក់កណ្តាល​នៃ​ការកើនឡើង​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុងក្រោយ​​នេះ​។​

​ប្រទេស​ជិត ២០០ ដែល​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប បានកំណត់​គោលដៅ​របស់​ពួកគេ​ក្នុង​ការរក្សា​ការកើនឡើង​សីតុណ្ហភាព​ឱ្យ​នៅ​ត្រឹម ១,៥ អង្សា​សេ​ជា​គោលដៅ​មួយ​ដែល​អ្នកវិទ្យាសាស្ត្រ​មួយ​​ចំនួន​ជឿថា​ឥឡូវនេះ​ហួស​ពី​លទ្ធភាព​ធ្វើ​បាន​ទៅ​ហើយ​។​

​ឆ្នាំ​នេះ​គឺ​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​ភាព​ក្តៅ​បំផុត​ទី​ប្រាំ ឬ​ទី​ប្រាំមួយ​មិន​ធ្លាប់​មាន​ពីមុនមក ត្បិត​ធ្លាប់មាន​បាតុភូត​ឡា​នី​ណា (La Nina) តាំងពី​ឆ្នាំ​២០១៥ ដែល​ជា​បាតុភូត​យូរៗ​កើតឡើង​ម្តង​ដោយ​ធម្មជាតិ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ធ្វើឱ្យ​បរិយាកាស​ត្រជាក់​។​

​ប្រធាន WMO លោក ផេត​ធឺ​រី តា​ឡា (Petteri Taalas) បាន​និយាយថា “​ការឡើង​កម្តៅ​កាន់តែខ្លាំង ផលប៉ះពាល់​គឺ​កាន់តែ​អាក្រក់​”​។​

​ផ្ទៃ​ទឹក​ក្នុង​មហាសមុទ្រ ដែល​ស្រូប​យក​កម្តៅ​ជាង ៩០ ភាគរយ​ពី​ការបំភាយ​កាបូន​របស់​មនុស្ស បាន​ឈាន​ដល់​កម្រិត​សីតុណ្ហភាព​ខ្ពស់បំផុត​ក្នុង​ឆ្នាំ ២០២១ ដែល​ឡើង​កម្តៅ​លឿន​ជាង​គេ​បំផុត​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងមកនេះ​។​

​រលក​កម្តៅ​ក្នុង​សមុទ្រ​ក៏​កំពុង​កើនឡើង​ផងដែរ ជាមួយនឹង​ផលវិបាក​ដ៏​អាក្រក់​សម្រាប់​ថ្ម​ប៉ប្រះ​ទឹក​និង​មនុស្ស​កន្លះ​ពាន់​លាន​នាក់​ដែល​ពឹងផ្អែក​លើ​ពួក​វា​សម្រាប់​អាហារ​និង​ជីវភាព​។​

​របាយការណ៍​បាន​និយាយថា សរុបមក ៥៥ ភាគរយ​នៃ​ផ្ទៃ​មហាសមុទ្រ​បាន​ជួបប្រទះ​យ៉ាងហោច​ណាស់​រលក​កម្តៅ​សមុទ្រ​ចំនួន​មួយ​នៅ​ឆ្នាំ ២០២២​។​

​ដោយ​ជំរុញ​ដោយ​ការ​រលាយ​ទឹកកក​និង​ផ្ទាំង​ទឹកកក ល្បឿន​នៃ​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​បាន​កើនឡើង​ទ្វេ​ដង​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ ដែល​គំរាមកំហែង​ដល់​មនុស្ស​រាប់​សិប​លាន​នាក់​នៅក្នុង​តំបន់​ឆ្នេរសមុទ្រ​ទាប​៕

​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ ការ​រលាយ​ផ្ទាំង​ទឹកកក ភ្លៀង​ធ្លាក់​ខ្លាំង រលក​កម្តៅ និង​គ្រោះមហន្តរាយ​ដ៏​សាហាវ​ដែល​ពួក​វា​បង្កឡើង សុទ្ធតែ​កំពុង​បង្កើនល្បឿន