​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យោធា​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆកា​នេះថា ការបាញ់​កាំជ្រួច​សន្ធឹកសន្ធាប់​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ជា​ការហាត់​សម​សំរាប់​វាយប្រហារ​មូលដ្ឋាន​​ទ័ព​អាកាសនិង​យន្តហោះ​របស់​សត្រូវ ហើយ​ធ្វើអោយ​គាំង​ប្រព័ន្ធ​បញ្ជា​ប្រតិបត្តិកា​ររ​បស់​គេ នៅក្នុង​ការបង្ហាញ​ការឆ្លើយតប​ដាច់ខាត​ចំពោះ​សមយុទ្ធ​យោធា​ដ៏​បង្ករឿង​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​។​

​សូមបញ្ជាក់​ថា​ក្នុង​ការឆ្លើយតប​នឹង​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​រាប់សិប​គ្រាប់​និង​បាន​បញ្ជូន​យន្ត​យោធា​មក​កៀក​ព្រំដែន​កូរ៉េ​ទាំង​ពីរ​កាល​​ពី​សប្តាហ៍​មុន ដោយ​បង្ក​ការជម្លៀស​មនុស្ស​នៅ​តំបន់​ខ្លះ​ក្នុងប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន ។​

​មន្ត្រី​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ថ្កោលទោស​ការបាញ់​កាំជ្រួច​របស់​កូរ៉េ​ខាងត្បូង និងថា​សមយុទ្ធ​របស់​ពួក​គេ​គ្រាន់តែ​ជា​ការការពារ​ខ្លួន​មិន​គំរាម​នរណា​ទេ​។​

​អគ្គ​នាយសេនាធិកា​រក​ង​ទ័ព​កូរ៉េខាងជើង​(KPA)បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ប្រតិបត្តិការ​យោធា​កាលពី​ពេល​ថ្មីៗ​របស់​កងទ័ព​ប្រជាជន​កូរ៉េ ជា​ចម្លើយ​ច្បាស់​មួយ​របស់​កូរ៉េ​ខាង​​ជើង​ថាដរាបណា​សត្រូវ​នៅតែ​បន្ត​ចាត់​វិធានការ​យោធា​បង្ករឿង KPA​នឹង​ចាត់វិធានការ​ត​តប​ដោយ​គ្មាន​មេត្តា​និង​កាន់តែ​ខ្លាំង​ឡើង​»​។​

​វា​បាន​អោយដឹងថា ការសាកល្បង​ស​ព្វាវុធកន្លងមក​ពាក់ព័ន្ធ​នឹង​កាំជ្រួច​ផ្លោង​បំពាក់​ក្បាល​គ្រាប់បែកផ្ទុះ​លើដី​និង​ទម្លុះ​ចូល​ក្រោម​ដី​សំរាប់​បំផ្លាញ​មូលដ្ឋាន​ទ័ពអាកាស​របស់​សត្រូវ កាំជ្រួច​ពី​ដី​ទៅ​អាកាស​សំរាប់​​កំទេច​យន្តហោះ​សត្រូវ​នៅ​រយៈ​កំពស់​ផ្សេងៗ​គ្នា និង​កាំជ្រួច​បណ្តែត​យុទ្ធសាស្ត្រ​។​

KPA​បាន​និយាយទៀតថា ខ្លួន​បាន​ធ្វើ​ការសាកល្បង​ដ៏​សំខាន់​មួយ​នៃ​កាំជ្រួច​ផ្លោង​ជាមួយនឹង​ក្បាល​គ្រាប់​មុខងារ​ពិសេស សំរាប់ធ្វើ​អោយ​គាំង​ប្រព័ន្ធ​បញ្ជា​ប្រតិបត្តិការ​របស់​សត្រូវ​។​វា​ក៏​រួម​មាន​ការបាញ់​កាំ​​ជ្រួច​ខ្នាត​ធំ​និង​កាំជ្រួច​ផ្លោង​កល​យុទ្ធ​ផងដែរ​។​

​ទោះជា​យ៉ាងណា យោធា​កូរ៉េខាងជើង​មិន​បាន​និយាយថា ខ្លួន​បាន​បាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ​មានបំណង​វាយប្រហារ​ដីគោក​អាម៉េរិក​ទេ​។​ភាគច្រើនៃ​កាំជ្រួ​ច​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​កាល​ពី​ស​ប្តា​​ហ៍មុន ជា​កាំជ្រួច​ចម្ងាយ​ខ្លី និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តថា « KPA​ជាថ្មីទៀត​សូមបញ្ជាក់ថា​ខ្លួន​នឹង​បន្ត​ឆ្លើយតប​ទៅ​នឹង​សមយុទ្ធ​យោធា​ប្រឆាំង​កូរ៉េខាងជើង​គ្រប់​ទំរង់ ជាមួយនឹង​វិធានការ​យោធា​ជាក់ស្តែង​ដ៏​លើសលប់​»​។​

​សមយុទ្ធ​ទ័ពអាកាស​Vigilant Storm​នៅ​ឆ្នាំ​នេះ​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​។​វា​មាន​ការចូលរួម​ពី​យន្តហោះ​យោធា​២៤០​គ្រឿង រួម​មាន​យន្តហោះ F-35​ទៅ​ពីប្រ​​ទេស​ទាំងពីរ​។​

​នៅ​ថ្ងៃ​ហ្វឹកហាត់​ចុងក្រោយ​កាលពី​ថ្ងៃ​សៅរ៍ អាម៉េរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ចម្ងាយ​ឆ្ងាយ​B-1B​ពីរ​គ្រឿង​មក​បង្ហាញ​សាច់ដុំ​នៅ​លើ​កូរ៉េខាងត្បូង​៕

​យន្តហោះ F-15K របស់​កូរ៉េ​ខាងត្បូង​ចូក​រួម​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ​