ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កាសែត Wall Street Journal(WSJ) បាន​រាយការណ៍​ដោយ​ស្រង់​សម្តី​មនុស្ស​ដែល​ដឹង​អំពី​បញ្ហា​នេះ​ថា ក្រុមហ៊ុន Meta Platforms គ្រោង​នឹង​ចាប់ផ្តើម​ការបញ្ឈប់​ការងារ ដែល​នឹង​ប៉ះពាល់​ដល់​បុគ្គលិក​រាប់ពាន់នាក់​ចាប់ពី​សប្តាហ៍​នេះ​។​

​កាសែត​នេះ​បាន​និយាយថា ការកាត់បន្ថយ​ការងារ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​។ ក្រុមហ៊ុន​បាន​ប្រាប់​បុគ្គលិក​រួចហើយ ឱ្យ​លុបចោល​ការធ្វើដំណើរ​មិន​សំខាន់​ចាប់ពី​សប្តាហ៍​នេះ​ទៅ​។​

​នាយក​ប្រតិបត្តិ​លោក ម៉ាក ហ្សាក់​ឃើ​បឺក (Mark Zuckerberg) កាលពី​ខែ​កញ្ញា​បាន​គូសបញ្ជាក់​អំពី​ផែនការ​រៀបចំ​ក្រុម​ឡើងវិញ និង​កាត់បន្ថយ​ចំនួន​បុគ្គលិក​ជា​លើកដំបូង​បន្ទាប់​ពី​ការធ្លាក់​​ចុះ​យ៉ាងខ្លាំង​នៃ​កំណើន​ប្រាក់ចំណូល​នៅ​ក្រុមហ៊ុន​មេ​របស់ Facebook​និង Instagram នេះ​។ លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយ​នៅពេល​នោះ​ថា ក្រុមហ៊ុន Meta ទំនងជា​នឹង​តូច​ជាង​នៅ​ឆ្នាំ ២០២៣ ធៀប​ឆ្នាំនេះ​។​

​ការបញ្ឈប់​ការងារ​បាន​កើតឡើង នៅ​គ្រា​ដែល Meta ជួប​ការលំបាក​ជាមួយ​នឹង​ការខាតបង់​ដែល​កំពុង​កើនឡើង និង​ខណៈ​ក្រុមហ៊ុន​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម Metaverse របស់ខ្លួន​។ ភាគហ៊ុន​របស់​ខ្លួន​បាន​ធ្លាក់ចុះ ៧៣ ភាគរយ​នៅ​ឆ្នាំនេះ​។​

​ការកាត់បន្ថយ​ការងារ​នេះ​នឹង​បន្ថែម​ការបាត់បង់​ការ​ងារ​ដែល​កំពុង​កើនឡើង​រួចហើយ​នៅ​ស៊ី​លី​កូន​វ៉ាល់​ឡេ (Silicon Valley)​។ Twitter កាលពី​សប្តាហ៍​មុន​បាន​កាត់បន្ថយ​តំណែង​ជិត ៣.៧០០ បន្ទាប់ពី​លោក អេ​ឡុន ម៉ាស បាន​ទិញ​បណ្តាញ​សង្គម​នេះ​ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​។ ​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​បាន​កាត់បន្ថយ​កម្លាំង​ការងារ​របស់​ពួក​គេ​ឬ​បានប្រកាស​កាត់បន្ថយ​បុគ្គលិក​ផង​ដែរ​នោះ រួម​មាន​ក្រុមហ៊ុន​តាក់ស៊ី​ជួល Lyft និង​ក្រុមហ៊ុន​ផលិត​ហាដ​ឌី​ស Seagate Technology Holdings៕

ក្រុមហ៊ុន Meta បាន​ប្រាប់​បុគ្គលិក​រួច​ហើយ​ឱ្យ​លុបចោល​ការធ្វើដំណើរ​មិន​សំខាន់​ចាប់ពី​សប្តាហ៍​នេះ​ទៅ​