ភ្នំពេញ៖តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ផាម ម៉ិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៨-៩ខែវិច្ឆិកាឆ្នាំ២០២២និងចូលរួមកិច្ចប្រជុំអាស៊ានចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ផាម ម៉ិញជិញ កើតឡើងក្នុងបរិបទដែលពិភពលោក និងក្នុងតំបន់ដែលមានការប្រែប្រួលជាច្រើន។ជាពិសេសការជះឥទ្ធិពល និងផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ១៩(Covid-19) និងជម្លោះភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចលើពិភពលោក។ ប្រឈមនឹងការសាកល្បងទាំងនេះ កម្ពុជា និងវៀតណាមបានបន្តពង្រឹងទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព និងការជួយទៅវិញទៅមក ក្នុងស្មារតីរួមសុខរួមទុក្ខ រក្សាស្ថិរភាពនយោបាយសង្គម បន្តជំរុញការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។

ឆ្នាំ ២០២២ គឺជាឆ្នាំនៃខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (១៩៦៧ – ២០២២) និង “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាមឆ្នាំ២០២២”ហើយនេះក៏ជាឆ្នាំដែលយើងបានធ្វើជាសាក្សីនៃព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងគោលនយោបាយការបរទេសរវាងប្រទេសទាំងពីរ។

គួរកត់សម្គាល់ជាងគេនោះគឺដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសវៀតណាម និងផ្ទុយមកវិញគឺ៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ផាម មិញជិញ នៅខេត្តត្បូងឃ្មុំ (ជាប់ព្រំប្រទល់ខេត្ត ប៊ិញភឿក ប្រទេសវៀតណាម)ដើម្បីរំលឹកខួបលើកទី៤៥នៃ<<ផ្លូវរបស់រដ្ឋមន្ត្រីហ៊ុនសែនដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត>>របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ ដំណើរទស្សនកិច្ចរបស់សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយមជ្ឈិមបក្ស ឯកឧត្ដម វ៉ វ៉ាន់ធឿង មកកាន់ប្រទេសកម្ពុជាកាលពីពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២។

ដំណើរទស្សនកិច្ចរបស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសវៀតណាម ពីថ្ងៃទី ១២-១៤ ខែកញ្ញាឆ្នាំ២០២២។ក្រៅពីនេះថ្នាក់ដឹកនាំខេត្ត-ក្រុងនៃប្រទេសទាំងពីរជាពិសេសថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនបានទៅបំពេញទស្សនកិច្ចតាមខេត្តគ្នាទៅវិញទៅមក។តាមរយៈដំណើរទស្សនកិច្ចទាំងនេះមេដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលដែលប្រទេសទាំងពីរសម្រេចបាននាពេលកន្លងទៅ ហើយបានបន្តអះអាងនូវការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាទ្វេភាគី និងពហុភាគី។

ចំពោះនយោបាយ៖ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងការថែរក្សាស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ។ វៀតណាមតែងតែគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសឱ្យ សម្រេចបានសមិទ្ធិផលធំៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។បើកប្រទេសឡើងវិញ ដោយជោគជ័យស្ដារសេដ្ឋកិច្ចអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស។ទន្ទឹមនឹងនោះមានជំនឿថាកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធិផលកាន់តែច្រើនក្នុងការកសាងកម្ពុជាជាប្រទេសមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។

ទាក់ទងនឹងពាណិជ្ជកម្មយោងតាមស្ថិតិរបស់អាជ្ញាធរគយវៀតណាមគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២២ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន៨,៤៦ពាន់លានដុល្លារអាមេរិកកើនឡើង២៥,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ក្នុងនោះការនាំចេញរបស់វៀតណាមទៅកាន់កម្ពុជា បានឈានដល់ ៤,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង២៨,៨ភាគរយនិងទំនិញកម្ពុជានាំ ចេញទៅវៀតណាមសម្រេចបាន៣,៩ពាន់លានដុល្លារកើនឡើង៥,១ភាគរយ។គេរំពឹងថានៅឆ្នាំ២០២២ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនដល់ជាង ១០ ពាន់លានដុល្លារ ហើយកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១២ ដែលមានទំហំពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ ទំនិញនាំចេញធម្មតារបស់វៀតណាមមកកម្ពុជា ភាគច្រើនជាប្រេង ដែកថែប និងវត្ថុធាតុដើមវាយនភណ្ឌ ជី។ល។ឯ កម្ពុជាវិញនាំចេញផលិតផលកសិកម្មជាចម្បងទៅកាន់ប្រទេសវៀតណាមដូចជា៖ គ្រាប់ស្វាយចន្ទី កៅស៊ូ ថ្នាំជក់។ ប្រទេសទាំងពីរកំពុងធ្វើការរួមគ្នាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន កិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមតំណាក់កាល២០២៣-២០២៤ កិច្ចព្រមព្រៀងតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ។

ចំពោះការវិនិយោគវិញ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២២ វៀតណាមមានគម្រោងវិនិយោគសរុបចំនួន ១៩៩ នៅកម្ពុជា ដែលមានដើមទុន ២,៩៣ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោម ៧៩ ប្រទេស និងដែនដីវៀតណាម ដែលមានសកម្មភាពវិនិយោគក្រៅប្រទេស ក្នុងនោះវិស័យកសិកម្មមាន គម្រោងធំជាងគេ ,ចំណាត់ថ្នាក់ទីពីរគឺធនាគារធានារ៉ាប់រង បន្ទាប់មកគឺឧស្សាហកម្មផលិតកម្ម និងរ៉ែ។ បច្ចុប្បន្នកម្ពុជាក៏មានគម្រោងវិនិយោគចំនួន ២១ នៅប្រទេសវៀតណាម ដែលមានទុនវិនិយោគប្រមាណ ៦៤ លានដុល្លារ។ គម្រោងវិនិយោគជាច្រើនរបស់វៀតណាមបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលដល់ពលករកម្ពុជា និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក ដូចជាគម្រោងរបស់ក្រុមហ៊ុន ចំការកៅស៊ូ VRG, Thagrico, Metfone …. វៀតណាមក៏ស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង ៥ នៅ កម្ពុជាផងដែរ។

អំពីវប្បធម៌សង្គម៖ ជាក់ស្តែងក្នុងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងកម្ពុជា-វៀតណាមកម្ពុជាបានរៀបចំសប្តាហ៍វប្បធម៌កម្ពុជា នៅវៀតណាមឆ្នាំ ២០២២ (ថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា) នៅទីក្រុងហូជីមិញ និងខេត្តត្រាវិញ ។ទន្ទឹមគ្នានេះក៏មាន សកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយវប្បធម៌និងវិសេសភាពស្ដីពីប្រទេសកម្ពុជានៅវៀតណាម។

វៀតណាមក៏បានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសគឺសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍន៍ធនធានមនុស្ស”។ តាមរយៈព្រឹត្តិការណ៍ទាំងនេះប្រជាជននៃប្រទេសទាំងពីរ មានឱកាសស្វែងយល់ និងរកឃើញពីលក្ខណៈពិសេសនៃវប្បធម៌ប្រទេសទាំងពីរ។

អំពីសន្តិសុខ និងការពារជាតិ៖ ប្រទេសទាំងពីរបានសន្យាបន្តពង្រឹង និងជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ធានាសន្តិសុខនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្លាស់ប្តូរ និងបង្កើតការឯកភាពគ្នាលើបញ្ហាសន្តិសុខក្នុងតំបន់ និងលើពិភពលោក។

អំពីឆ្នាំប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា៖ វៀតណាមអបអរសាទរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ានប្រកបដោយជោគជ័យនាពេលថ្មីៗនេះ និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៤០-៤១ និងមហាសន្និបាត AIPA-43 ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ និងបន្តរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន លើកកំពស់កិត្យានុភាព និងជំហររបស់កម្ពុជាលើពិភពលោក។ ទន្ទឹមនឹងនោះ កម្ពុជាក៏គាំទ្រវៀតណាមឱ្យចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាលើកទី២ នៅឆ្នាំ២០២៣។

ឆ្លងកាត់ការប្រែប្រួលនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងកម្ពុជា-វៀតណាមមានការរីកចម្រើនលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំង២។ទំនាក់ទំនងកម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីរវាងប្រទេសជិតខាងទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងរបស់បងប្អូនជិតស្និត និងសមមិត្ត ដែលបានរួមសុខទុក្ខជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ព្រមទាំងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ ទំនាក់ទំនងនេះនឹងបន្តថែទាំ ពូនជ្រុំ និងបន្តទៅមនុស្សជំនាន់ក្រោយក្រោមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គង់វង្សជានិរន្តរ »៕សរន