​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ បុរស ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា “​អ្នក​បោះឆ្នោត​ទី​មួយ​របស់​ឥណ្ឌា​” បាន​ស្លាប់​នៅ​អាយុ ១០៥ ឆ្នាំ​។​

​លោក ស៊ី​យ៉ាម សារ៉ាន់ នេ​ជី (Shyam Saran Negi) ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​បោះឆ្នោត នៅពេល​ឥណ្ឌា​រៀបចំ​ការបោះឆ្នោត​សកល​ជា​លើក​ដំបូង​បន្ទាប់​ពី​ទទួល​​បាន​ឯករាជ្យ​ពី​ការគ្រប់គ្រង​របស់​អង់គ្លេស​។​

​លោ​កនេ​ជី​បាន​បោះឆ្នោត​គ្រប់ការ​បោះឆ្នោត​តាំងពី​ពេលនោះ​មក​។​

​បុរស​វ័យ ១០០ ឆ្នាំ​ប្លាយ​រូបនេះ​បាន​បោះឆ្នោត​ទើប​តែ​បី​ថ្ងៃមុន មុន​ពេល​គាត់​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា​នៅក្នុង​ការបោះឆ្នោត​សភា​សម្រាប់​រដ្ឋហិម៉ា​ចាល់ ប្រា​ដេស (Himachal Pradesh) របស់គាត់​។​

​គ្រូបង្រៀន​ចូលនិវត្តន៍​រូបនេះ​ត្រូវ​គេ​គិត​ថា​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​បោះឆ្នោត​នៅក្នុង​ប្រទេស​ឥណ្ឌា​ឯករាជ្យ​មួយ ដោយសារ​តែ​រដ្ឋ​របស់​គាត់​បាន​បើក​កន្លែង​បោះឆ្នោត​ប្រាំ​ខែ​មុន​នៅ​ដើមឆ្នាំ ១៩៥១ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ១៩៥២ ដើម្បី​ចៀសវាង​ការធ្លាក់​ព្រិល​ខ្លាំង​។​

​លទ្ធផល​គឺ​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​សម្រាប់​បក្ស​សមាជជាតិ​ឥណ្ឌា ហើយ​លោក ចា​វ៉ា​ហា​ឡាល់ នេ​រុ (Jawaharlal Nehru)​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដំបូង​គេ​​របស់​ឥណ្ឌា បន្ទាប់​ពី​ការគ្រប់គ្រង​អាណានិគម​អង់គ្លេស​ជិត ១០០ ឆ្នាំ​រវាង​ឆ្នាំ ១៨៤៨ និង ១៩៤៧​។​

​កាលពីដើម​សប្តាហ៍​នេះ​មន្ត្រី​មកពី​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​បាន​រៀប​ចំ​កម្រាល​ព្រំ​ក្រហម​សម្រាប់​លោ​កនេ​ជី​នៅពេលដែល​លោក​បាន​បោះឆ្នោត​តាម​ប្រៃសណីយ៍​របស់​លោក​នៅ​មុន​ការ​​បោះឆ្នោត​ថ្ងៃទី ១២ ខែវិច្ឆិកា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​រាយការណ៍​ថា វា​ជា​លើកទីមួយ​ហើយ​ដែល​លោ​កនេ​ជីមិនបាន​ចូលរួមកា​រិ​យាល័យ​បោះឆ្នោត ដោយ​ជ្រើសរើស​យក​ការ​គូស​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​ជំនួស​វិញ ដោយសារ​តែ​សុខភាព​មិនល្អ​។​

​នៅក្នុង​ឆ្នាំ ២០១៤ លោ​កនេ​ជី​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​យីហោ​សម្រាប់​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​ការបោះឆ្នោត និង​បាន​សម្តែង​នៅក្នុង​វីដេអូ Google មួយ ដែល​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សកល​ប្រចាំឆ្នាំ​៕

​លោក ស៊ី​យ៉ាម សារ៉ាន់ នេ​ជី ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ជន្មាយុ ១០៥ ឆ្នាំ