​ដោយៈ ទេព មង្គល / ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​កម្ចី ចំនួន ៧០ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើកំណែទម្រង់ ស៊ីជម្រៅ លើ​ផ្នែក​វិ​ទ្យ​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) នៃ​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំងប្រទេស ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ។​

​ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើង នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថាៈ គម្រោង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក្នុងការ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​នេះ នឹង​ជួយ​កម្ពុជា​អភិវឌ្ឍន៍ ធនធានមនុស្ស ប្រកបដោយ​គុណភាព​ខ្ពស់ ជាពិសេស ក្នុង​វិស័យ STEM ខណៈដែល​ប្រទេស​ប្រាថ្នា​ចង់​ប្រែក្លាយ​សេដ្ឋកិច្ច​របស់ខ្លួន ទៅជា​សេដ្ឋកិច្ច​ដែល​ជំរុញ ដោយ​បច្ចេកវិទ្យា និង​ចំណេះដឹង​។ បន្ត​ពី​កម្មវិធី​អភិវឌ្ឍន៍ វិស័យ​អប់រំ​ពីមុន​របស់ ADB សម្រាប់​ប្រទេស​កម្ពុជា គម្រោង​នេះ នឹង​ពង្រីក លទ្ធភាព ទទួលបាន​ការអប់រំ កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ដែល​ផ្អែកលើ​ស្តង់ដារ លើកកម្ពស់​ការអប់រំ STEM ដោយ​គុណភាព និង​ពង្រឹង សមត្ថភាព​ស្ថាប័ន សម្រាប់​ការធ្វើផែនការ ការគ្រប់គ្រង និង​ការផ្តល់​ការអប់រំ មធ្យមសិក្សា​ទុតិយភូមិ​។​

​លោកស្រី Lynnette Perez អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​អប់រំ​របស់ ADB សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ បាន​មានប្រសាសន៍ថាៈ “ ដោយសារ​តម្រូវការ​ខ្លាំង នៃ​ជំនាញ STEM គម្រោង​នេះ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា តាមរយៈ ការធ្វើឱ្យ​ប្រសើរឡើង នូវ​ការអប់រំ STEM បច្ចុប្បន្ន ដើម្បី​តាម​ទាន់​ការកើនឡើង​នៃ តម្រូវការ សម្រាប់​កម្លាំង​ពលកម្ម ដែលមាន​សមត្ថភាព​ខ្ពស់​។ ការងារ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​បំពេញ​ជំនាញ ចំណេះដឹង និង​សមត្ថភាព​សតវត្ស​ទី​២១. ទៅក្នុង​ការអប់រំ STEM របស់ខ្លួន​។ វា​នឹង​ធ្វើឱ្យ ប្រសើរឡើង​នូវ ជំនាញ​របស់​សិស្ស ក្នុង​ការគិត​បែប​វិភាគ ការដោះស្រាយ​បញ្ហា ការច្នៃប្រឌិត និង​ការសហការ ដែល​ទាំងនេះ នឹង​ត្រូវការ​សម្រាប់​សេដ្ឋ​កិច្ច ផ្អែកលើ​ចំណេះដឹង​។​»

​គម្រោង​នេះ នឹងដាក់​ចេញ​នូវ​ស្តង់ដារ សម្រាប់​ការអប់រំ ប្រកបដោយ​គុណភាព សម្រាប់​អនុវិទ្យាល័យ ទាំងអស់ ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិក្ខារ ព្រមទាំង​ផ្តល់នូវ បច្ចេកវិទ្យា​អប់រំ និង​ឧបករណ៍ STEM សំខាន់ៗ សម្រាប់​ប្រទេស​កម្ពុជា​។ ក្នុងចំណោម​ផែនការ​របស់​គម្រោង ក៏​នឹងមាន​ការធ្វើឱ្យ​ប្រសើរឡើង នូវ​សម្ភារៈ បរិក្ខារ នៃ​សាលា​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ១៤ និង​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ទូទៅ ចំនួន ១០៣ ដោយ​បំប្លែង​ថ្នាក់រៀន​ចំនួន ៣ ក្នុង​សាលា​នីមួយៗ ទៅជា​ថ្នាក់រៀន វិទ្យាសាស្ត្រ ចំនួន ២ និង​បណ្ណាល័យ​មួយ ដែលមាន​បំពាក់​ឧបករណ៍ សម្ភារៈ​បង្រៀន សៀវភៅ គ្រឿងសង្ហារិម និង​ធនធាន​បច្ចេកវិទ្យា​អប់រំ​ចាំបាច់​។​

​ដើម្បី​បង្កើន​ជំនាញ​គរុកោសល្យ និង​ចំណេះ​ទ្រឹស្តី​របស់​គ្រូបង្រៀន និង​ពង្រឹង​ការផ្ដល់ ការអប់រំ STEM គម្រោង​នឹង​ផ្តល់នូវ​ការអភិវឌ្ឍ​វិជ្ជាជីវៈ ជា​បន្តបន្ទាប់​ក្នុងការ​បង្រៀន ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដល់​គ្រូបង្រៀន STEM ចំនួន ៧៧៥ នាក់ ដែលមាន​ស្ត្រី​យ៉ាងតិច ៤០% និង​សាស្ត្រាចារ្យ STEM ចំនួន ២៥ នាក់ មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលមាន​ស្ត្រី យ៉ាងហោចណាស់ ៨០% ។
​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កម្ពុជា ដែលជា​មជ្ឈមណ្ឌល​កូនកាត់ ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ និង​កម្មវិធី​ឌីជីថល​ដ៏​រឹងមាំ នឹង​ត្រូវបាន​បង្កើតឡើង​សម្រាប់ ការចូល​ប្រើប្រាស់ ដោយ​សាលារៀន និង​សហគមន៍ ទូទាំងប្រទេស​។​

​ដោយ​ទទួលស្គាល់​នូវ​តួនាទី​សំខាន់​របស់ អ្នកដឹកនាំ​សាលា នៅក្នុង​ការផ្ដល់​ការអប់រំ និង​លទ្ធផល​សិក្សា STEM គម្រោង​នេះ នឹង​ផ្ដល់​ការអភិវឌ្ឍ​វិជ្ជាជីវៈ ជា​បន្តបន្ទាប់ ដល់​នាយក​វិទ្យាល័យ​ចំនួន ១៥៥ ស្តីពី​ការដឹកនាំ និង​ការគ្រប់គ្រង​សាលារៀន ការត្រួតពិនិត្យ​ការបង្រៀន និង​ការកសាង​ភាពជា​ដៃគូ ដែលមាន សិក្ខាកាម ៨០% ជា​ស្ត្រី​។ .

​លើសពីនេះ គម្រោង នឹង​ពង្រឹង​មុខងារ​វិភាគ និង​ផែនការ​ទូទាំង​ប្រព័ន្ធ តាមរយៈ ការអភិវឌ្ឍ​សមត្ថភាព និង​ផ្ដល់នូវ​ការប្រមូល​ទិន្នន័យ ជាក់ស្ដែង​ភ្លាមៗ នៅ​កម្រិត​សាលា ដែល​អាចឱ្យ​អ្នកដឹកនាំ​សាលា ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ ដើម្បី​កែលម្អ ការគ្រប់គ្រង​សាលារៀន​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់​និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​៕/V​