ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា ប្រវត្តិសាស្ត្រ​យោធា ស្តីពី​នយោបាយ​ឈ្នះ ឈ្នះ (​គោលការណ៍ ដំណើរការ និង​សមិទ្ធផល​) “ ចូលរួម​ចែករំលែក ដើម្បី​សន្តិភាព និង​សុខដុមភាព​” នៅ​ទីស្តីការក្រសួង​ការពារជាតិ នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ សិក្ខាសាលា​ប្រវត្តិសាស្ត្រ យោធា នៅ​ថ្នាក់​កងយោធពល​ខេមរភូមិន្ទ លើកដំបូង​នេះ នឹង​ដើរតួនាទី​សំខាន់ ក្នុងការ​បំពេញបន្ថែម បន្ទាប់ពី​បាន​ប្រមូល​ធាតុ​ចូល​ជាច្រើន តាមរយៈ​លទ្ធផល នៃ​សិក្ខាសាលា​ប្រវត្តិសាស្ត្រ​យោធា នៅ​ថ្នាក់​យោធភូមិភាគ រួមមាន យោធភូមិភាគ ទី​៣, ទី​៤ និង​ទី​៥ ដោយមាន​ការចូលរួម​ពី​វាគ្មិន ជា​ថ្នាក់ដឹកនាំ​អង្គភាព កងពលធំ កងពលតូច តំបន់​ប្រតិបត្តិការ​សឹក​រង និង​ប្រតិបត្តិ​ករ​នៃ​នយោបាយ​ឈ្នះ ឈ្នះ មួយចំនួនទៀត ដើម្បី​ធ្វើយ៉ាងណា ជំរុញ​ការងារ​ប្រវត្តិសាស្ត្រ​យោធា ឱ្យ​ដំណើរការ ទៅមុខ ដោយ​អាច​ឆ្លើយតបបាន ទាំង​ចំពោះ​តម្រូវការ​បច្ចុប្បន្ន និង​ទិសដៅ សម្រាប់​ពេលអនាគត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​កតញ្ញូតា ចំពោះ​ចក្ខុវិស័យ​ដឹកនាំ របស់ សម្ដេច​ពិជ័យ​សេនា ក្នុងការ​លើកកម្ពស់​គុណ​តម្លៃ​នៃ​សន្តិភាព តាមរយៈ ការយកចិត្តទុកដាក់ ដោយផ្ទាល់ លើ​ការងារ​ប្រវត្តិសាស្ត្រ​យោធា និង​កិច្ចខិតខំ ប្រឹងប្រែង ក្នុងការ​ការរៀបចំ តំបន់​ប្រវត្តិសាស្ត្រ​យោធា ដើម្បី​ជាការ​រំឭក ទៅដល់ សកម្មភាព និង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​សង្គ្រាម ជម្លោះ​បែកបាក់ ការតស៊ូ​ប្រដាប់អាវុធ និង​ការរួបរួម​ជាតិ ដែល​កើតមានឡើង នៅក្នុង​ដំណើរ​នៃ ប្រវត្តិសាស្ត្រ​កម្ពុជា ជាពិសេស​ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ អំពី​អត្ថន័យ​ដ៏​ធំធេង នៃ​សន្តិភាព ដែលជា​ផល​សម្រេច​នៃ “​នយោបាយ​ឈ្នះ ឈ្នះ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ យើងទាំងអស់គ្នា ស្រលាញ់​សន្តិភាព ពិតណាស់​សន្តិភាព មិនអាច​ទទួលបាន ដោយ​ងាយៗ​នោះទេ ជាពិសេស​ក្នុង​បរិបទ នៃ​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ធ្លាប់​ទទួលរង​នូវ​សង្គ្រាម និង​ជម្លោះ​បែកបាក់ ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំ​មកហើយ​។ តាមរយៈ​ការសិក្សា កន្លងមក បាន​បង្ហាញថា ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ ឈ្នះ គឺជា “​ទស្សនវិជ្ជា​ស​និ្ត​ភាព​” ប្រកបដោយ​ការប្តេជ្ញាចិត្ត ខាង​នយោបាយ​ដ៏​មុតមាំ​របស់ សម្តេច​តេ​ជោ ដែលជា​ស្ថាបនិក និង​មគ្គុទ្ទេសក៍​ឯក​។ ក្នុងន័យនេះ ការបញ្ចប់​សង្គ្រាម មិនមែនជា​អព្ភូតហេតុ​ចៃដន្យ​ឡើយ ដូចនេះ ទើប​នៅក្នុង​ដំណើរការ នៃ​ការបញ្ចប់ សង្គ្រាម ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ គឺ​ទាមទារ​នូវ​ការដឹកនាំ​ប្រកបដោយ ទេពកោសល្យ​ខ្ពស់ រួមផ្សំ​នឹង​យុទ្ធសាស្ត្រ ជា​លក្ខណៈ​វិទ្យាសាស្ត្រ ពីព្រោះ​បរិស្ថាន គ្របដណ្តប់ និង​សភាពការណ៍​ជុំវិញ មាន​ភាព​ស្មុ​គ្រ​ស្មាញ ព្រមជាមួយ​ការប្រែប្រួល លឿន​រហ័ស​បំផុត​។ លើសពីនេះ គេ​ក៏​អាច​និយាយបានថា នយោបាយ​ឈ្នះ ឈ្នះ នៅ​កម្ពុជា មាន​អត្ថន័យ​យ៉ាង​ទូលំទូលាយ ពោលគឺ​គ្របដណ្តប់ លើ​គ្រប់​វិស័យ នៃ​សង្គមជាតិ​ទាំងមូល ដោយហេតុថា នយោបាយ​ឈ្នះ ឈ្នះ បាន​នាំមក​នូវ សន្តិភាព​ពេញលេញ ឯកភាព​ជាតិ ឯកភាព​ទឹកដី រដ្ឋធម្មនុញ្ញ​តែមួយ រដ្ឋាភិបាល តែមួយ កងកម្លាំងប្រដាប់អាវុធ​តែមួយ ដែលជា​កត្តា​អំណោយផល ដល់​ការធានា ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ក៏ដូចជា ការអភិវឌ្ឍ​រីកចម្រើន​របស់ សង្គមជាតិ លើ​គ្រប់​វិស័យ​។​

​មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ទៀតថាៈ ការសិក្សា​ប្រវត្តិសាស្ត្រ​យោធា គឺជា​ការស្រាវជ្រាវ អំពី​ប្រវត្តិសាស្ត្រ​ការពារជាតិ សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ ដោយ​ធ្វើ​ការវិភាគ អំពី​ជ័យជម្នះ និង​បរាជ័យ​តាម​ដំណាក់កាល​នីមួយៗ ក៏ដូចជា អំពី​ក្រឹត្យក្រម នៃ​ការកកើត​ចលនា​ប្រដាប់អាវុធ​, សិ​ល្បិ៍​វិធី​កងទ័ព និង​ការអភិវឌ្ឍ កងទ័ព​។ ជារួម ប្រវត្តិសាស្ត្រ​យោធា គឺជា​ធនធាន​ដ៏​ចាំបាច់​មួយ សម្រាប់​ការអភិវឌ្ឍ គតិបណ្ឌិត ជា​យុទ្ធសាស្ត្រ​សម្រាប់​ការដឹកនាំ​។ ក្នុងន័យនេះ តាមរយៈ​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​នានា ដែល​កម្ពុជា​បាន​រង​ឥទ្ធិពល ជាពិសេស​ផលវិបាក​នៃ​សង្គ្រាមរ៉ាំរ៉ៃ រហូត​ទទួលបាន​សន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ យើង​ក៏​អាច​និយាយបានថា ប្រវត្តិសាស្ត្រ​យោធា​នៅ​កម្ពុជា គឺជា​ប្រភព​នៃ​មេរៀន បទពិសោធន៍​ដ៏​សម្បូរបែប និង​ជា​ធនធាន​ពុទ្ធិ​សម្រាប់​ការកសាង​ដុះខាត់​គតិបណ្ឌិត ជា​យុទ្ធសាស្ត្រ ដែលមាន​សារៈសំខាន់​ចាំបាច់ នាំឱ្យ​សម្រេច​ជោគជ័យ ក្នុងការ​បំពេញ ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ ទាំង​ក្នុងដំណាក់កាល​បច្ចុប្បន្ន និង​ទៅ​អនាគត ។ ដូច្នេះ សិក្ខាសាលា​នេះ គឺជា​ការចូលរួម​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព របស់​នាយទាហាន​កង​យោធពល​ខេ​រម​ភូមិន្ទ តាមរយៈ​ការស្វែងយល់ អំពី​ប្រវត្តិសាស្ត្រ​យោធា និង​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ប្រកបដោយ​ជោគជ័យ របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែលជា​ពុទ្ធិ និង​បទពិសោធន៍​ដ៏​មានតម្លៃ ឧត្តុង្គឧត្តម សម្រាប់​យោធិន​យើង ក្នុងនាម​ជា​អ្នកជំនាន់ក្រោយ​៕/V​