ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល កាលពី​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា​បាន​សុំទោស​ចំពោះ​ពិធីបុណ្យ​ហាល់​ឡូ​វីន​ដ៏​ប្រល័យ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដោយ​​សន្យាថា​នឹង​ចាប់​ឱ្យ​ទទួលខុសត្រូវ​នូវ​មន្ត្រី​ណា​ដែល​រកឃើញ​ថា​ទទួលខុសត្រូវ​ចំពោះ​ការឆ្លើយតប​ដ៏​អន់ និង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ប៉ូលិស​និង​សុវត្ថិភាព​។​

​ឧបទ្ទវហេតុ​កាលពី​ថ្ងៃទី ២៩ ខែតុលា​បាន​សម្លាប់​មនុស្ស ១៥៦ នាក់ ដែល​ភាគច្រើន​មាន​អាយុ​ខ្ទង់ ២០ និង ៣០ ឆ្នាំ និង ១៩៧​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅពេល​ដែល​អ្នក​ដើរលេង​កម្សាន្ត​បាន​​ជោរជន់​នៅ​ផ្លូវឌឿងហែម​នៃ​សង្កាត់​កម្សាន្ត​ពេល​រាត្រី​ដ៏​ពេញនិយម អ៊ីតេ​វ៉ុន (Itaewon) ដើម្បី​អបអរ​ពិធីបុណ្យ​ហាល់​ឡូ​វីន ដែល​គ្មាន​ការទប់ស្កាត់​កូវី​ដ​១៩​ជា​លើកដំបូង​ក្នុង​រយៈពេល​បី​ឆ្នាំ​។​

​លោក​យូ​ន​បាន​ផ្តល់​ការសុំ​ទោស​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យមើល​ច្បាប់​សុវត្ថិភាព ខណៈ​ប្រទេស​បន្ត​កាន់ទុក្ខ​ជនរងគ្រោះ​។ ​ការស៊ើបអង្កេត​កំពុង​ដំណើរកា​រលើ​ការឆ្លើយតប​របស់​អាជ្ញា​ធរ​ចំពោះ​គ្រោះថ្នាក់​នេះ​។​

​លោក​បាន​និយាយថា “​ខ្ញុំ​មិន​ហ៊ាន​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅ​នឹង​ឪពុកម្តាយ​ដែល​បាន​បាត់បង់​កូនប្រុស​ស្រី​នោះ​ទេ ប៉ុន្តែ​ក្នុងនាម​ជា​ប្រធានាធិបតី​ដែល​គួរតែ​ការពារ​អាយុជីវិត​និង​សុវត្ថិភាព​ប្រជាជន ខ្ញុំ​ពិតជា​ខូចចិត្ត​”​។​

“​ខ្ញុំ​សោកស្តាយ​និង​សូម​អភ័យទោស​ចំពោះ​គ្រួសារ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដែល​ជួប​នូវ​សោកនាដកម្ម​ដែល​មិន​អាច​និយាយបាន និង​ចំពោះ​អ្នក ដែល​ចែករំលែក​ការឈឺចាប់​និង​ភាព​សោកសៅ​”​។​

​ប៉ូលិស​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ជា​សាធារណៈ​និង​ការពិនិត្យ​ពិច័យ​យ៉ាង​តឹងរ៉ឹង​លើ​ការឆ្លើយតប​របស់​ខ្លួន​ក្នុងអំឡុង​សោកនាដកម្ម​នេះ ដោយ​បាន​បញ្ជូន​មន្ត្រី​ត្រឹមតែ ១៣៧ នាក់​ទៅ​កាន់​តំបន់​នេះ បើទោះបីជា​មាន​ការប៉ាន់ស្មាន​ទុកជា​មុន​ថា​នឹង​មាន​មនុស្ស​ចំនួន ១០០.០០០ នាក់​ប្រមូលផ្តុំ​គ្នា​ក៏ដោយ​៕

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល​សុំទោស​កាលពី​ថ្ងៃ​ចន្ទទី​៧​វិច្ឆិកា​សម្រាប់​ពិធីបុណ្យ​ហាល់​ឡូ​វីន​ដ៏​ប្រល័យ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល