ដោយៈយោធិន/ភ្នំពេញៈ ក្រុមអ្នកជំនាញឯកទេសមកពីក្រុមហ៊ុនស្ពានបណ្តែតទឹក(CSSC)នៃសាធារណរដ្ឋប្រជាមានិតចិនបានមកជួយហ្វឹកហ្វឺនលើជំនាញក្នុងការដំឡើងនិងបញ្ជាប្រើប្រាស់ប្រភេទស្ពានបណ្តែតទឹកឲ្យដល់កងយោធាកម្ពុជាដោយផ្តោតជាសំខាន់សម្រាប់បម្រើឲ្យដល់បេសកកម្មរបស់អង្គការសហប្រជាជាតិ។

វគ្គហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកខាងលើនេះមានរយៈពេលចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅមូលដ្ឋានសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិស្ថិតនៅក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។នេះបើតាមការបញ្ជាក់ឲ្យដឹងកាលពីដំណាច់សប្តាហ៍ទី១ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទីលានហ្វឹកហាត់ ពីឧត្តមសេនីយ៍ឯក ហ៊ួត គឹមសាន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនរក្សាសន្តិភាពពហុជាតិ។

វគ្គជំនាញស្ពានបណ្តែតទឹកផ្តល់ឲ្យដល់គ្រូបង្គោលកងទ័ពកម្ពុជាចំនួនសរុប៣៨នាក់ មកពីស្ថាប័នមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព វិទ្យាស្ថានការពារជាតិនិងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទធ្វើឡើងដោយក្រុមអ្នកឯកទេសជំនាញមកពីក្រុមហ៊ុនស្ពានបណ្តែតទឹក(CSSC)ចំនួន៦រូប។នេះបើតាមការបញ្ជាក់បន្ថែមពីលោកនាយកសាលាហ្វឹកហ្វឺនរក្សាសន្តិភាពពហុជាតិ។

សូមបញ្ជាក់ផងដែរថា នាអំឡុងដំណាច់សប្តាហ៍ទី១ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព(NPMEC) បានអនុញ្ញាត្តិឲ្យកញ្ញា XU Yuanjun តំណាងក្រុមហ៊ុនស្ពានបណ្តែតទឹក ( CSSC) នៃប្រទេសចិនចូលជួបពិភាក្សាការងារគ្រោងនាំចូលស្ពានបណ្តែតទឹកបន្ថែម ដើម្បីជំនួយដល់ការងារហ្វឹកហ្វឺនរបស់កងកម្លាំងមួកខៀវកម្ពុជាអោយកាន់តែមានប្រសិទ្ធភាព ពិសេសការហ្វឹកហ្វឺនលើខ្សែទឹកធម្មតា និងការហ្វឹកហ្វឺនលើខ្សែទឹកហូរ ត្បិតទឹកទន្លេមេគង្គមានខ្សែទឹកហូរខ្លាំង ។
ក្នុងជំនួបពិភាក្សាការងារលើជំនាញបច្ចេកទេសប្រើប្រាស់ស្ពានបណ្តែតទឹកនៅទីស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពប្រមុខកងយោធាមួកខៀវកម្ពុជាក៏បានស្នើដល់កញ្ញាXu Yuan Jun ឲ្យពន្លឿនវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ស្ពានបណ្តែតទឹកខាងលើនេះសំដៅបង្កើនកម្រិតសមត្ថភាពឲ្យដល់កងយោធាមួកខៀវកម្ពុជាឆ្លើយតាមតម្រូវការរបស់អង្គការសហប្រជាជាតិ។
ជាការឆ្លើយតបកញ្ញាXuYuanJunបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍កក់ក្តៅពីសំណាក់ប្រមុខកងយោធាមួកខៀវកម្ពុជាដែលបានទទួលយកនូវបច្ចេកទេសទំនើបនិងផ្តល់លទ្ធភាពឲ្យដល់ក្រុមជំនាញក្នុងការហ្វឹកហ្វឺនឲ្យដល់កងទ័ពកម្ពុជា ដែលជាសក្ខីភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរកម្ពុជា និង ចិន។
សម្រាប់ទំនាក់ទំនងទ្វេភាគីកន្លងទៅកងទ័ពសាធារណរដ្ឋប្រជាមានិតចិនបានបញ្ជូនយោធាចារ្យជាបន្តបន្ទាប់មកជួយហ្វឹកហ្វឺនជំនាញលើវិស័យរក្សាសន្តិភាពឲ្យដល់សិក្ខាមកងយោធាមួកខៀវកម្ពុជា និងទទួលយកកងយោធាមួកខៀវកម្ពុជាទៅធ្វើទស្សនកិច្ចនិងហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅសាធាណរដ្ឋប្រជាមានិតចិនផងដែរ។នេះបើតាមការលើកឡើងពីសំណាក់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព៕សរន-PC