ដោយៈបាយ័ន / សៀមរាបៈ ព្រះគ្រូចៅអធិការ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តបារាយ មហានទីរតនារាម ហៅវត្តស្វាយរមៀត បានរៀបចំពិធីប្រណាំង ទូក លក្ខណៈប្រពៃណី លើកទី៥ រយៈពេលពីរថ្ងៃ គឺថ្ងៃទី៥​ និងថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ក្នុងគោលបំណង បង្កើនសាមគ្គីភាព រវាងវត្តអារាម និងពុទ្ធបរិស័ទ រក្សាប្រពៃណី ទំនៀមទំលាប់របស់ ខ្មែរ និង ដើម្បីរំលឹកនឹកគុណ ដល់កងទ័ពជើងទឹក ដែលបានទទួលជោគជ័យ លើខ្មាំង សត្រូវឈ្លានពាន មកលើទឹកដីខ្មែរ កាលពីអតីតកាល។

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថាៈ ថ្វីដ្បិតតែមេរោគ​កូវីដ-១៩ មិនទាន់សាបរលាបអស់ពីកម្ពុជា និងក្នុងពិភពលោកក្តី តែកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានខិតខំប្រឹងប្រែងពុះពារ ស្វែងរកវ៉ាក់សាំង ចាក់ការពារ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញ និងបានធ្វើឲ្យស្ថានភាពនៃការឆ្លង មានការថយចុះជាលំដាប់ ហើយ សម្រេចបើកប្រទេស ពេញលេញឡើងវិញ តាមរយៈការណែនាំឲ្យបងប្អូន គ្រប់ទីកន្លែង រៀនរស់តាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ ការពារការឆ្លងរីករាលដាល ទៅក្នុងសហគមន៍។ អាស្រ័យដោយគុណបំណាច់ដ៍ធំធេងនេះ ទើបយើងមានការ ជួបជុំ ធ្វើបុណ្យផ្សេងៗ ដោយរីករាយ។

ព្រះគ្រូចៅអធិការ បានបន្តថាៈ ពិធីប្រណាំងទូកបែបប្រពៃណីនេះ ប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក​ដើម្បីថែរក្សាប្រពៃណី រវាងវត្ត និងសហគមន៍ ដែលធ្លាប់មានមក កុំឲ្យបាត់បង់ និង ដើម្បីរំឭកដឹងគុណ ចំពោះវត្ថុសក្កិសិទ្ធិ និងអស់ លោកអ្នកទាំងឡាយ ដែលតែងតែអភិបាលរក្សា នូវទីអារាមរបស់យើងនេះ ឲ្យបានសុខសាន្ត និងសម្បូរសប្បាយ។

ថ្លែងសង្ឃដិកាបើកពិធីប្រណាំងទូក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជា គណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទ រង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណ ខេត្ត បានចាត់ទុកថា ការរៀបចំពិធីប្រណាំងទូក​ជាការលើកតម្កើង វប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ និងមានគុណតម្លៃ មិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើម។

ព្រះអង្គ មានសង្ឃដីកាថាៈ ប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាព និងភាពរីកចម្រើន ជឿនលឿន លើគ្រប់វិស័យ ជាពិសេស វិស័យពុទ្ធចក្រ ក៍មានសន្ទុះរីកចម្រើនខ្លាំងក្លា គួរឲ្យមោទនៈភាព ផងដែរ ។ តែយ៉ាងណាក៏ដោយ ក៏យើងត្រូវតែធ្វើឲ្យប្រសើរឡើងថែមទៀត នូវកត្តាសំខាន់ៗ មួយចំនួន ក្នុងការពង្រឹង ការអនុវត្តនូវខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព ការពង្រឹងតួនាទី និងភារកិច្ចមន្ត្រីសង្ឃ​គ្រប់ថ្នាក់ ឱ្យកាន់តែប្រសើរ ឡើង, កាត់បន្ថយអធិករណ៍ ក្នុងវត្តអារាម ឱ្យកាន់តែតិចទៅៗ​និងឈានទៅលុប បំបាត់ទាំងស្រុង និង ង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តអារាម និងពង្រឹងពុទ្ធិកសិក្សា គ្រប់ភូមិសិក្សា ជាពិសេស ការបង្កើនគំនិតបណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ ឲ្យមានទឹកចិត្តស្រឡាញ់ ការគោរព សន្តោសប្រណី និងការដឹងគុណចំពោះ អ្នកមានគុណទាំងឡាយ ជាដើម។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានមានប្រសាសន៍ថាៈ​ រាជរដ្ឋាភិបាល ​បានទទួលស្គាល់នូវតួនាទី យ៉ាងសំខាន់របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ព្រមទាំងបានចារិកទុក ក្នុងរដ្ឋធម្មនុញ្ញថាៈ «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។ ម៉្យាងទៀត វត្តអារាម ព្រះពុទ្ធសាសនា បានរួមចំណែកស្ទើរគ្រប់វិស័យ ក្នុងការកសាងអភិវឌ្ឍន៍សង្គមកម្ពុជា យើង តាំងពីអតីតកាល ជារៀងរហូតដល់បច្ចុប្បន្ន ហើយក៏បន្តទៅអនាគត ផងដែរ។ ព្រះពុទ្ធសាសនា និងវត្តអារាម ជាចំណុចកណ្ដាល នៃធ្លុងសាមគ្គីភាពជាតិ និង ប្រជាធិបតេយ្យ ពោលគឺ គ្មានកន្លែងណាដែល នាំឱ្យប្រជាជនខ្មែរ ទៅរកសាមគ្គីភាព និងប្រជាធិបតេយ្យ​បានល្អប្រសើរ ដូចទីវត្តអារាមឡើយ។

ការរៀបចំពិធីប្រណាំងទូក លក្ខណៈប្រពៃណីឆ្នាំនេះ មានរយៈពេលពីរថ្ងៃ នៅថ្ងៃទី៥ និងទី៦ខែវិច្ឆិកា ឆ្នាំ២០២២ មានទូកចូលរួម ១៣ គូ មកពីបណ្តាភូមិ ក្នុងសង្កាត់ទឹកវិល ដែលទូកនីមួយៗ មានចំណុះ ៦នាក់ លទ្ធផលនៅវគ្គផ្តាច់ព្រ័ត ទូកលេខ១ ដល់លេខ៣ នឹងទទួលបានថវិកាឧបត្ថម្ភ ប្រមាណជាជាង ១ លានរៀល និងពាន ១ ចំណែកទូក ដែលមិនជាប់ទទួលពានរង្វាន់ ក៏ទទួលបានថវិកា លើកទឹកចិត្តផងដែរ៕/V-PC