ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ ពិធីប្រណាំងទូកលក្ខណៈសហគមន៍ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តព្រះវិហារ បានចាប់ផ្តើមហើយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដោយមានការចូលរួមជា អធិបតីដោយលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយតំណាង រាស្ត្រមណ្ឌលព្រះវិហារ លោក មាស សុភា បានបង្ហាញក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តព្រះវិហារ ដែលបានធ្វើឡើង នៅសហគមន៍ទេសចរណ៍ ទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោក មាស សុភា បានថ្លែងពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តព្រះវិហារ ក្នុងឱកាសដ៏សែនសប្បាយរីករាយ នៃពីធីអុំទូក នាថ្ងៃនេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជាយើង ស្ថិតក្នុងសន្តិភាព និងការអភិវឌ្ឍ និងមានក្តីសប្បាយរីករាយ ដោយខេត្តភាគច្រើន នៅទូទាំងប្រទេស ប្រារព្វពិធីបុណ្យអុំទូក អកអំបុក។

លោក មាស សុភា បានលើកឡើងថាៈ នៅខេត្តព្រះវិហាររបស់យើង ជាខេត្តឆ្ងាយ ដាច់ស្រយាល ជាខេត្តដែលស្ថិតនៅក្នុងតំបន់ព្រៃភ្នំ មានទន្លេ មានបឹងបួ ដែលជារៀងរាល់ឆ្នាំ យើងបានចាត់តាំងពិធីបុណ្យអុំទូកដែរ ប៉ុន្តែក្នុងរយៈពេល នៃជំងឺកូវីដ១៩ គឺយើងបានអាក់ខាន។

លោកបានបញ្ជាក់ថាៈ ខេត្តព្រះវិហារ ក៏ធ្លាប់ទទួលបានជ័យជំនះជ័យលាភីលេខ១ ក្នុងឆ្នាំ២០១៦ ជាខេត្តព្រៃភ្នំ តែប្រណាំងទូកបានលេខ១ ។ លោកបានបន្តថាៈ ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅទំនប់៩៥ នេះ ជាលើកទី១ ដែលកន្លងមក មិនធ្លាប់បានរៀបចំទេ ហើយការរៀបចំនេះ ក្រោមការផ្តួចផ្តើមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

លោកបានបន្ថែមថាៈ មូលហេតុដែលយើងមិនប្រារព្ធធ្វើនៅវេទិកាបុណ្យអុំទូក នៅកំពង់ស្រឡៅ គឺទី១. ពេលវេលាមិនគ្រប់គ្រាន់ និងទី២. ឆ្ងាយ និងមានការ ចំណាយច្រើន ប៉ុន្តែនៅឆ្នាំក្រោយៗទៀត យើងនឹងរៀបចំពិធីអុំទូក នៅវេទិកាអុំទូក នៅកំពង់ស្រឡៅ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមការពារ នូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំដោយលំបាក ដើម្បីឱ្យប្រទេសជាតិយើង ការតែអភិវឌ្ឍន៍ រីកចម្រើនថែមទៀត៕/V-PC