ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាលើកចុងក្រោយ ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ វិច្ឆិកា នេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មួយចំនួនទៀត ចាប់ផ្តើមធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឃួង ស្រេង អភិបាលរាធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ បានថ្លែងថាៈ សុំលោក លោកស្រី អភិបាលខណ្ឌ យកស្មារតីនៃកិច្ចប្រជុំ កន្លងមក មកអនុវត្តឲ្យទទួលបានជោគជ័យ លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានល្អសំរាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នាពេលដ៏ខ្លី ខាងមុខនេះ ឱ្យបានជោគជ័យជាដាច់ខាត ដូចយើងធ្លាប់បានទទួលជោគជ័យ រួចមកហើយ កាលពីកម្ពុជា ធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០១២ រួចមកហើយ។

លោក អភិបាលបានណែនាំឲ្យអស់លោក លោកស្រី ជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ពិនិត្យមើលទីតាំងអាជីវកម្មណា ដែលអាចបង្កឲ្យមានហានីភ័យ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជូនដំណឹងឱ្យពួកគាត់ ផ្អាកអាជីវកម្ម ជាបណ្តោះអាសន្ន សិន អំឡុងកិច្ចប្រជុំអាស៊ាននេះ ព្រោះនេះ ជាមុខមាត់ និងជាកិត្តិយសប្រទេសជាតិ យើង ធំធេងណាស់។

លោកអភិបាលរាជធានី បានលើកឡើងថាៈ ដងវិថីសំខាន់ៗ ដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហព័ន្ធរុស្ស៊ី រាល់ស្ថានីយប្រេងឥន្ធនៈ ទីតាំងលក់រថយន្ត ការដ្ឋានសំណង់ផ្សេងៗ ត្រូវផ្អាកដំណើរការ ជាបណ្តោះអាសន្ន ទីតាំងKTV ក្លិបកម្សាន្ត ទីតាំងផ្ញើម៉ូតូ ឡាន ឬចតតាមចិញ្ចើមថ្នល់ ត្រូវបានហាម មិនឱ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់ តាមដងទន្លេ មានដាយត្រី, បែត្រី, កប៉ាល់ កាណូតទេសចរណ៍​ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់ មិនឱ្យមានការបើកបរ ឆ្លងកាត់ ឬបង្កឲ្យបាត់សណ្តាប់ធ្នាប់ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន នេះដែរ។ ចំពោះភ្ញៀវដែលមកស្នាក់នៅ តាមសណ្ឋាគារ, ​ផ្ទះសំណាក់ ម្ចាស់ទីតាំង ត្រូវផ្តល់កិច្ចសហការ ឲ្យបានច្បាស់លាស់ ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី តាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវ ដែលចូលស្នាក់នៅ ក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួន រួមទាំងផ្តល់បញ្ជីឈ្មោះ ជាប្រចាំថ្ងៃ ដល់អាជ្ញាធរ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាៈ អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំណាមួយ នៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ ក្បួនប្រតិភូឆ្លងកាត់ ក៏ដូចជាការតវ៉ាផ្សេងៗ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។

លោកបានបញ្ជាក់ថាៈ យើងបន្តរួមគ្នាធ្វើការងារ ដែលនៅសេសសល់ ពិសេស ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានល្អបំផុត ដោយសហការជាមួយ កម្លាំងថ្នាក់ជាតិ គ្រប់ជំនាញ។

សូមបញ្ជាក់ថាៈ កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន ប្តូរវេនឆ្នាំ២០២២ នេះ នឹងចាប់ដំណើរការ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន២៨ ប្រទេស រួមទាំងអង្គការក្រៅ រដ្ឋាភិបាល មួយចំនួនទៀត ចូលរួម ព្រមទាំងដៃគូសន្ទនា ជាច្រើនទៀត។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិ ឲ្យបានគ្រប់លំនៅដ្ឋាន ផងដែរ៕/V-PC