​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple Inc រំពឹង​មាន​ការនាំចេញ​ទូរស័ព្ទ iPhone 14 ស៊េរី​ថ្មី​ទាប​ជាង​ការរំពឹង​ទុក​ពី​មុន​បន្ទាប់ពី​ការកាត់បន្ថយ​ផលិតកម្ម​ដ៏​សំខាន់​​នៅ​រោងចក្រ​ដែល​មាន​មេរោគ​កូរ៉ូណា​នៅក្នុង​ប្រទេស​ចិន ដោយ​កាត់បន្ថយ​នូវ​ការរំពឹងទុក​នៃ​ការលក់​ដ៏​ដាច់​របស់​ខ្លួន​សម្រាប់​រដូវ​កាលឈប់​សម្រា​កចុង​ឆ្នាំ​ដ៏​មមាញឹក​។​

​តម្រូវការ​ស្មា​ត​ហ្វូន​លំដាប់​ខ្ពស់ ដែល​ផ្គុំ​នៅ​រោងចក្រ Foxconn​ក្នុង​ទីក្រុង​ចេងចូ​វ (Zhengzhou) បាន​ជួយ​ឱ្យ Apple​នៅតែ​ជា​ចំណុច​ភ្លឺស្វាង​ជាងគេ​នៅក្នុង​វិស័យ​បច្ចេកវិជ្ជា​ដែល​រង​ការ​វាយ​​ដំ​ដោយ​ការកាត់បន្ថយ​ការចំណាយ​របស់​អ្នកប្រើប្រាស់ ចំ​ពេល​មាន​ការកើនឡើង​អតិផរណា​និង​អត្រា​ការប្រាក់​។​

​ប៉ុន្តែ​ក្រុមហ៊ុន ដែល​មាន​មូលដ្ឋាន​នៅ រដ្ឋ​កាលីហ្វ័​រញ៉ា​មួយ​នេះ​បាន​ធ្លាក់ខ្លួន​ជា​រងគ្រោះ​ចំពោះ​គោលនយោបាយ​កូវី​ដ​សូន្យ​របស់​ចិន ដែល​ឃើញ​ក្រុមហ៊ុន​ទូទាំង​ពិភពលោក​រួម​ទាំង​ក្រុមហ៊ុន Canada Goose Holdings Inc និង​ក្រុមហ៊ុន Estee Lauder Companies Inc បាន​បិទ​ហាង​ក្នុងស្រុក និង​កាត់បន្ថយ​ការព្យាករណ៍​។​

​ក្រុមហ៊ុន Apple បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​មិន​បាន​រៀបរាប់​លម្អិត​អំពី​ទំហំ​នៃ​ការកាត់បន្ថយ យ៉ាង​ដូច្នេះ​ថា “​ឧបករណ៍​បច្ចុប្បន្នកំពុង​ដំណើរការ​ក្នុង​កម្រិត​កាត់បន្ថយ​យ៉ាង​ខ្លាំងក្លា​”​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បន្ត​ឃើញ​តម្រូវការ​ខ្លាំង​សម្រាប់​ម៉ូ​ដែល iPhone 14 Pro និង iPhone 14 Pro Max ។ ទោះ​យ៉ាងណា​ឥឡូវនេះ​យើង​រំពឹង​ការ​​នាំចេញ iPhone 14 Pro និង iPhone 14 Pro Max មាន​ទាប​ជាង​អ្វីដែល​យើង​រំពឹងទុក​ពីមុន​”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ខែ​មុន​បាន​រាយការណ៍​ថា ទិន្នផល iPhone​អាច​ធ្លាក់ចុះ​ដល់​ទៅ ៣០ ភាគរយ​នៅក្នុង​ខែវិច្ឆិកា​នៅ​រោងចក្រ Foxconn នៅ​ទីក្រុង​ចេងចូវ​ដែល​ជា​រោងចក្រ​ធំ​បំផុត​​មួយ​របស់​ពិភពលោក ដោយសារ​ការ​រឹតបន្តឹង​លើកូ​វីដ​១៩​។​

​រោងចក្រ​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន ដែល​មាន​បុគ្គលិក​ប្រហែល ២០០.០០០ នាក់ ត្រូវបាន​អង្រួន​ដោយ​ការមិនសប្បាយចិត្ត​ចំពោះ​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូវី​ដ​១៩​ដោយ​កម្មករ​​ជាច្រើន​នាក់​រត់​គេចចេញ​ពី​រោងចក្រ​នោះ​។​

​អ្នកស្រាវជ្រាវ​ទីផ្សារ​គឺ​ក្រុមហ៊ុន TrendForce កាលពី​សប្តាហ៍​មុន​បាន​កាត់បន្ថយ​ការព្យាករណ៍​ការនាំចេញ iPhone សម្រាប់​ខែ​តុលា​ដល់​ខែ​ធ្នូ​ចំនួន ២ លាន​ទៅ ៣ លាន​គ្រឿង ពី​ចំនួន ៨០​លាន​​គ្រឿង ដោយសារ​បញ្ហា​របស់​រោង​ចក្រ ដោយ​បន្ថែម​ថា ការស៊ើបអង្កេត​របស់​ខ្លួន​បាន​រកឃើញ​អត្រា​ប្រើប្រាស់​សមត្ថភាព​ផលិត​មាន​ប្រហែល ៧០ ភាគរយ​។​

​ក្រុមហ៊ុន Apple ដែល​បាន​ចាប់ផ្តើម​លក់​ទូរស័ព្ទ​ស៊េរី iPhone 14 របស់​ខ្លួន​ក្នុង​ខែ​កញ្ញា បាន​និយាយថា អតិថិជន​រំពឹង​រង់ចាំ​យូរ​ណាស់​ទម្រាំ​ទទួលបាន​ទូរស័ព្ទ​ថ្មី​៕

​ទិន្នផល iPhone អាច​ធ្លាក់ចុះ​ដល់​ទៅ ៣០ ភាគរយ​នៅក្នុង​ខែវិច្ឆិកា​នៅ​រោងចក្រ Foxconn នៅ​ទីក្រុង​ចេងចូ​វ