ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ចុះប្រេង​

​គុណសព្ទ​

​និយាយ​អំពី​ដំរីស្ដរ​ឬ​ភ្លុក ដែល​ឡើងខ្លួន​ពេញ​ទំហំ ស្រវឹង​ដោយ​កាមារម្មណ៍ ចេញ​ប្រេង​ត្រង់​ខួច​នៅ​កៀន​ត្រចៀក បណ្ដាល​ឲ្យ​កាច​ងងុល ឥត​កោតខ្លាច​ទម័ក​
​ដំរីចុះប្រេង​ហ្ម​គេ​ចងក្រៀក​បង្អត់​ចំណី បង្អត់ទឹក​ឲ្យ​ត្រាតែ​រំងាប់​ស្រវឹង . . . ។​
​ព​. ប្រ​. និយាយ​ពី​មនុស្ស​ដែល​កំពុង​ងប់​ចិត្ត​ទៅក្នុង​ឥត្ថីធុត្តភាព ភ្លេច​មុខការ​នាទី​រប​ស់​ខ្លួន ភ្លេច​ផ្ទះ​លំនៅ​
​វា​កំពុង​ចុះប្រេង​ងងុល​ស្ដី​មិន​ស្ដាប់​ទេ ។​

ចូឡពន​

(​ចូល​-​ពន់​)

​នាមសព្ទ​

(​បា​. ចូឡ​, ចុ​ល្ល “​តូច​” + វន > ពន “​ព្រៃ​”) ព្រៃតូច (​ឈ្មោះ​កណ្ឌ​ទី ៦ ក្នុង​រឿង​មហា​វេស្សន្ដរជាតក​គឺ មហាជាតក៍​កណ្ឌ​ចូឡពន​) ។​

​ចែ​

នាមសព្ទ​

​ឈ្មោះ​មាន់​មាន​មាឌតូច​, បើ​ឈ្មោល មាន​សិរ្ស​ខ្ពស់ សម្បុរ​ក្រហម​
​មាន់ចែ​រងាវ​ពីរោះ​ជាង​មាន់គក ។​
​ប្រដាប់​ធ្វើ​ដោយ​ដែក​មានមុខ​ខុប​ខ្វេរ សម្រាប់​កាវ​មែកឈើ​តូចៗ ជាដើម​
​យក​ចែ​កាវ​ដៃ​ទំពាំង​ឫស្សី ។​
​ភ្លុក​មេ​ដំរី ឬ​ភ្លុក​ដំរីស្ដរ តូចៗ ខ្លីៗ ទីទៃ​ពី​ភ្លុក​ធម្មតា​
​កាំបិតស្លា​ដង​ចែ ។ ចែកាច់ គឺ​ចែ​ដែល​មេ​ដំរី​កាច់​ចោល​ខ្លួន​វា នៅជាប់​នឹង​ដើមឈើ​រស់ (​ខ្មែរ​សម័យបុរាណ​ខ្លះ សន្មត​ថា​ជា​របស់​មានតម្លៃ​ព្រោះ​គេ​ជឿថា​ជា​របស់​ត្រជាក់ត្រជំ​) ។​

​នាមសព្ទ​

(​ចិ​. ចេ​) បងស្រី​
​សុំ​ចែ​អញ្ជើញ​អង្គុយ !

​គុណសព្ទ​

​តូច​, ទាប​, កន្តិល​
​មនុស្ស​ចែ​និង​មនុស្ស​តឿ​ដើរ​ជាមួយគ្នា ។​

​ចំណង​

នាមសព្ទ​

​កំនួច​ដែល​ចង​កួច​ភ្ជាប់​ត​គ្នា ។ ចំណងដៃ អំបោះ​ដែល​ចងដៃ ឬ​ប្រាក់ ឬក៏​ទ្រព្យ​របស់​ដែល​គេ​ឲ្យ​ជា​កំដរដៃ . . . ។​

​ឆ​

​នាមសព្ទ​

​ព្យញ្ជនៈ​ទី​២ ក្នុង​វគ្គ​ទី​២ ជា​តាលុជៈ មាន​សំឡេង​ក្នុង​ពិតាន គឺ​ត្រង់​ក្រអូមមាត់ ជា​ធនិត​-​អឃោសៈ ខាង​សំស្ក្រឹត​និង​បាលី​មាន​សំឡេង​ជា ច្ហៈ ។ ព្យញ្ជនៈ ឆ នេះ តាម​សំយោគវិធាន​,​កាលបើ​មាន​ព្យញ្ជនៈ​ឯទៀត​នៅ​ពី​ខាងដើម ត្រូវ​តម្រួត ច ពី​ខាងលើ​ជា​ដរាប ដូចជា ចន្ទច្ឆាយា “​ស្រមោល​ព្រះ​ចន្ទ​”; ឆទ្ទន្ត “​ដំរី​មាន​ភ្លុក ៦ ព័ណ៌​”, សេត​ច្ឆ​ត្ដ ឬ ស្វេតច្ឆត្រ “​ឆត្រ​ស​” ជាដើម​, ឯ​នឹង​ប្រើ​ជា ចន្ទ​ឆាយា​,​ឆ​ទន្ត​, សេត​ឆ​ត្ត ឬ​ស្វេត​ឆត្រ ដូច្នេះ ពុំ​ត្រឹមត្រូវ​តាម​សំយោគវិធាន​ឡើយ​, លើកលែងតែ​ពាក្យ​ជា​គាថា​ឬ​កាព្យ​ដែលមាន​សម្ផស្ស ត្រូវ​ដក​តម្រួត​ចេញ ។​

​កិរិយាសព្ទ​

​បំភាន់​ដោយ​សំដី ដើម្បី​នឹង​យក​ទ្រព្យ​របស់គេ​
​ឆយកទ្រព្យគេ​, ឆបោក​ប្រាក់​**​គេ ។​
**​ពាក្យ “​ប្រាក់​” ត្រូវបាន​កែតម្រូវ​ពី​ពាក្យ​ដើម “​ប្រាក​” ដោយហេតុថា​ពុំមាន​ពាក្យ “​ប្រាក​” ទេ អនុលោម​តាម​វចនានុក្រម​ខ្មែរ សម្ដេច ជួន ណាត​។​
​ចងក​សត្វពាហនៈ​រួប​ព័ទ្ធ​ឃ្លុំ​មាត់​ជួស​កន្លុះ ជួស​បង្ហៀរ​
​ឆ​ច្រមុះ​កូន​គោ បង្ខាន​មិន​ឲ្យ​បៅដោះ ។​

​បកតិសំខ្យា​

(​បា​.; សំ​. ឆ​ស ) ប្រាំមួយ (៦) ។​
​ឆមាស ( ឆ –​មាស ) “​ប្រាំ​មួយខែ​” ។​
​តាម​សំយោគវិធាន ត្រូវ​តម្រួត ម ជា ឆម្មាស​, ព្រោះ ឆ “៦” នេះ​កាលបើ​ផ្សំ​នៅ​ពី​ខាងដើម​សព្ទ​ដទៃ ត្រូវតែ​តម្រួត​ព្យញ្ជនៈ​ខាងចុង​នោះ​ជា​ដរាប​, ដូចជា ឆ + ទន្ត > ឆ​ទ្ច​ន្ត “​ដំរី​មាន​ភ្លុក ៦ ព័ណ៌​”; ឆ + វិធ > ឆ​ព្វិ​ធ “៦​ប្រការ​, ៦​យ៉ាង​” ជាដើម ។​បើ​មាន​ស្រៈ​នៅ​ខាងចុង​ត្រូវ​ចុះ​អាគម​មក​ផ្សំ​, ដូចជា ឆ + អង្គ > ឆ​ឡ​ង្គ “​អង្គ ៦” ។​ល ។​

​ឧទានសព្ទ​

​សូរ​ឮ​ដោយ​ទឹក​ហូរ​ឬ​ចាក់​គ្រាប់​អ្វី​នីមួយ​តូចៗ មាន​ស្រូវ​អង្ករ​ជាដើម ។​