ព្រះសីហនុ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ខែ​ធ្នូឆ្នាំ២០២២នខាងមុខនោះគឺជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យជាមួយនឹងការបើកប្រទេស សេដ្ឋកិច្ច សង្គម និងធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២២។លោករដ្ឋមន្ត្រីថោងខុនបានសង្កត់ធ្ងន់ថា«ពិធីបុណ្យសមុទ្រនេះជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស សេដ្ឋកិច្ច សង្គម មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ឱកាសនេះក៏ពិសេសដែរសម្រាប់ការបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាការបញ្ជៀសភាពកកកុញមនុស្សច្រើនជៀសវាងគ្រោះថ្នាក់រត់ជាន់គ្នា។លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហាទុកសំរាមកាកសំណល់ទាំងក្នុងពេលរៀបចំព្រឹត្តិការណ៍និងក្រោយពេលព្រឹត្តិការណ៍ចប់។លោកក៏បានលើកឡើងអំពីរៀបចំការតុបតែងទីក្រុងទីសាធារណៈព្រមទាំងរៀបចំផ្ទះប្រជាពលរដ្ឋសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យសមុទ្រនោះផងដែរ។

លោក ថោង ខុន បានឱ្យដឹងថា ការរៀបចំពិធីបុណ្យសមុទ្រនេះមិនត្រឹមតែគ្រាន់តែរៀបចំបុណ្យនោះឡើយ តែក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យនិងផ្សព្វផ្សាយពីអត្ថន័យនៃពិធីបុណ្យ។លោកក៏បានណែនាំការរៀបចំសេវាស្នាក់នៅ និងសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរ កុំឱ្យមានការខ្វះខាត ព្រមទាំងយកចិត្តទុកដាក់ពីការគ្រប់គ្រងតម្លៃសេវា ការទុកដាក់សំរាម កាកសំណល់ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈទៀតផង។

លោករដ្ឋមន្ត្រីបានបន្តជំរុញការបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើនបំផុតស្របតាមចលនា «ភូមិមួយ ផលិតផលមួយ» ដេលជាអាទិភាពសំខាន់ក្នុងការរៀចំព្រឹត្តិការណ៍នេះ។

នាកិច្ចប្រជុំនោះ ប្រធានអនុគណៈកម្មការនីមួយៗបានរៀបចំការងារដែលទទួលបន្ទុករៀងៗខ្លួនសឹងតែរួចរាល់អស់ហើយ ពាក់ព័ន្ធនឹងការត្រៀមរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុននោះ ខណៈនៅសល់៣១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះនឹងឈានមកដល់ហើយ។

ក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះដែរក៏មានស្ដង់ពិព័រណ៍ចំនួន៣៥០ស្ដង់ ដែលរៀបចំនៅតាមបណ្ដោយផ្លូវទីលានសម្ដេចតេជោ ក្នុងនោះមានស្ដង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ដង់តំបន់អភិវឌ្ឍទេសចរណ៍ ស្ដង់បង្ហាញពីឧស្សាហកម្ម៤.០ ស្ដង់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ស្ដង់វិស័យទេសចរណ៍ ស្ដង់ស្ថានទូតនិងវិស័យទេសចរណ៍បរទេស និងស្ដង់ដៃគូឧបត្ថម្ភនានា ពិសេសគឺមានស្ដង់ម្ហូបអាហារខ្មែរនិងបរទេស និងមានភូមិម្ហូបអាហារតាមដងផ្លូវទៀតផងដែរ។

អង្គប្រជុំបានរាយការណ៍អំពីកិច្ចការសំខាន់ៗពាក់ព័ន្ធនឹងការងាររៀបចំទស្សនីយភាពសិល្បៈ ក្រៅពីមានការសម្ដែងសិល្បៈរបស់ក្រុមសិល្បករជាតិ ក៏មានការបញ្ជាក់ពីការចូលរួមរបស់ក្រុមសិល្បករបរទេស ដូចជាឥណ្ឌូណេស៉ី ឥណ្ឌា ថៃ និងវៀតណាម។

អង្គប្រជុំបានបន្តរាយការណ៍ពីការងាររៀបចំព្រឹត្តិការណ៍កីឡា គឺមានព្រឹត្តិការណ៍ច្រើនជាងបុណ្យសមុទ្រនាឆ្នាំមុនៗ ក្នុងនោះមានដូចជាកីឡារត់ប្រណាំងកម្សាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រ កីឡាជិះកង់កម្សាន្តចម្ងាយ២០គីឡូម៉ែត្រនិង៤០គីឡូម៉ែត្រ កីឡាប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ កីឡាបាល់បោះ កីឡាទូកក្ដោងជាដើម។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕សរន

(ប្រភពក្រសួងទេសចរណ៍)