​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ចាប់ផ្តើម​ពាក់​នាឡិកា មាន​ផ្លាកសញ្ញា​អាស៊ាន ផលិត​នៅ​កម្ពុជា មុនគេ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បានបញ្ជាក់​ថាៈ ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ចាប់ផ្តើម​ពាក់​នាឡិកា មាន​ផ្លាកសញ្ញា​អាស៊ាន ផលិត​នៅ​កម្ពុជា​មុនគេ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ទៀតថាៈ សម្តេច​នឹង​ពាក់​នាឡិកា​នេះ ក្នុងការ​ប្រជុំ​អាស៊ាន នៅ​ភ្នំពេញ និង​បន្ត​ពាក់​នៅ​ឥណ្ឌូណេស៊ី ពេល​ប្រជុំ G20 នៅ​ថ្ងៃទី​១៥ ដល់ ១៦ បន្ទាប់មក ពាក់​ចូលរួម​ប្រជុំ APEC នៅ​ថៃ​ថ្ងៃទី​១៧ និង ១៨ វិច្ឆិកា ២០២២ ព្រោះ​សម្តេច​ចូលរួម​ទាំង​នៅ​ឥណ្ឌូណេស៊ី និង ថៃ ក្នុងនាម​ជា​ប្រធាន អាស៊ាន ឆ្នាំ​២០២២ ដែរ (​ខ្មែរ​ធ្វើបាន​)​។
​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បង្ហោះ នា​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​សូមជម្រាបថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន អាស៊ាន ឆ្នាំ ២០២២ បានបង្ហាញ​នូវ​នាឡិកាដៃ ដែល​ផ្គុំ​ឡើង​ដោយ​អ្នកបច្ចេកទេស ខ្មែរ សម្រាប់​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍ ជូន​ប្រធាន​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​ថាៈ «​មុននេះ ខ្ញុំ​បាន​និយាយថា កម្ពុជា បាន​ផលិត​នាឡិកាដៃ ចំនួន ២៥ គ្រឿង សម្រាប់​ជាវ​ត្ថុ​អនុស្សាវរីយ៍ ជូន​ប្រធាន​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ចូលរួម ប្រជុំ​កំពូល​អាស៊ាន នៅ​កម្ពុជា ឆ្នាំ ២០២២»​។ នាឡិកា​នេះ ត្រូវបាន​រៀបចំ​ផ្គុំ​ឡើង ដោយ​អ្នកបច្ចេកទេស​ខ្មែរ​សុទ្ធសាធ ដែលជា​ផ្នែក​មួយ នៃ​ការរីកចម្រើន ខាង​វិទ្យាសាស្ត្រ និង​បច្ចេកទេស​របស់​កម្ពុជា (​ខ្មែរ​ធ្វើបាន​)​។ ជូន​ភ្ជាប់​រូបភាព​នាឡិកា ដើម្បី​ស្គាល់​ជាមុន​»​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២២ កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថាៈ ប្រទេស​កម្ពុជា បាន​ផលិត​នាឡិកា ចំនួន ២៥​គ្រឿង សម្រាប់​ជូន​មេដឹកនាំ​កំពូល​អាស៊ាន និង​ថ្នាក់ដឹកនាំ ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ មួយចំនួនទៀត​។​

​បើតាម​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នាឡិកា​ទាំង ២៥ គ្រឿង​នោះ គឺ​ម៉ាក​អាស៊ាន តែ​ត្រូវបាន​ដាក់ថា Made in Cambodia ដើម្បី​ឲ្យ​គេ​បាន ដឹងថា បច្ចុប្បន្ននេះ កូន​ខ្មែរ​អាច​ផលិត​នាឡិកា​បាន ហើយ​នៅ​ថ្ងៃ​ប្រជុំ​កំពូល​អាស៊ាន សម្ដេច​នឹង​ពាក់​នាឡិកា ម៉ាក​អាស៊ាន នោះ​តែម្តង​៕/V​