​ដោយ​៖ ប ជ័យ / បន្ទាយមានជ័យ​៖ ក្នុងឱកាស​អបអរ​សារ​ទរ​ព្រះ រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកស្រី ជ័យ ណា​រី , លោក រ័ត្ន ដា​សុ​ី​ណង់ អភិបាលស្រុក​មង្គល​បូរី បាន​អញ្ជើញ​សំណេះសំណាល សាកសួរ សុខទុក្ខ និង​បាន​នាំ​សម្លៀកបំពាក់​សិស្ស ចែកជូន​ដល់​កុមារកំព្រា ចំនួន ១១៥ នាក់ នៃ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម ២ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​លោក រេញ ប៊ុន​ឈួ​យ ប្រធាន​មណ្ឌល នៃ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម ២ និង​កុមារកំព្រា​ទាំងអស់ បាន​សម្តែង​ក្តីសប្បាយ​រីករាយ ក្នុង​ចិត្ត​ដោយ​ទទួលបាន ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ នាពេល​កន្លងមក ពេល​ជួប​គ្រោះទឹកជំនន់ បាន​ជម្លៀស​រៀបចំ​ឲ្យ​មាន​កន្លែង​ស្នាក់នៅ ហូបចុក​គ្រប់គ្រាន់ ពេលនេះ បាន​ទិញ​សម្លៀកបំពាក់ បន្ថែមទៀត​។​

​លោក ប្រធាន​មណ្ឌល នៃ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម ២ និង​កុមារកំព្រា ទាំងអស់ សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលខេត្ត និង​លោកស្រី ព្រមទាំង​ក្រុមការងារ ដែលជា​និច្ចកាល តែងតែ​ផ្តល់​ភាពកក់ក្តៅ ជួយឧបត្ថម្ភ​គាំទ្រ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ណែនាំ​ដល់​កុមារ​ទាំងអស់ ដែល​រស់នៅក្នុង​មណ្ឌល ត្រូវ​ប្រឹងប្រែង​រៀនសូត្រ ចេះ​ស្រឡាញ់គ្នា​ជួយ​គ្នា ជួយ​ទុក្ខ​ធុរៈ​គ្នា ហើយ​រស់នៅ​ដោយ​ក្តីសង្ឃឹម ដើម្បី​ក្លាយជា​មនុស្ស​ល្អ មាន​អនាគត​ល្អ ទៅ​ថ្ងៃមុខ​៕/V​