ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលបដិសណ្ឋាកិច្ច ផ្លូវការលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាមនៅវិមានសន្តិភាព ។

បន្តាប់ពីពិធីទទួលបដិសណ្ឋាកិច្ចផ្លូវការលោក ផាម មិញជិញ នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពដោយផ្តោតការពិភាក្សាលើ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម ។នៅក្រោយជំនួបនាយករដ្ឋមន្ត្រីទាំងពីរនឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ។

ក្នុងការស្នាក់នៅកម្ពុជាលោក ផាម មិញជិញ និងចូលរួមជាអធិបតីភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលនឹងប្រារព្ធធ្វើនៅសណ្ឋាគារភ្នំពេញដោយមានស្តង់ទំនិញចំនួន​២០ និង អ្នកចូលរួមប្រមាណ ៣០០ នាក់ នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ៨ ខែវិច្ឆិកា ២០២២ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីកម្ពុជាលោក ផាម មិញ ជិញ នាយករដ្ឋមន្រ្តីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី ០៨ ដល់ទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះលោក ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ កម្ពុជានៅក្នុងព្រះបរម រាជវាំង។ លោកនាយករដ្ឋមន្រ្តីវៀតណាមនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញលោក ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ,នៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»អតីតព្រះមហាក្សត្រនិងនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួប អនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា –វៀតណាម»៕