ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គកមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យអាជ្ញាធរនិងសមត្ថកិច្ចនៅតាមបណ្ដារាជធានី-ខេត្តត្រូវ យកចិត្តទុកដាក់ថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ឲ្យបានល្អដើម្បីឲ្យប្រជាពលរដ្ឋនិងអ្នកទេសចរជាតិ-អន្តរជាតិបានដើរលេងកម្សាន្ដក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២២ ប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ៧ ខែវិច្ឆិកា ២០២២ បានសរសេរថា៖« ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២២ ប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០២២។

ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ ដោយសារកម្ពុជាត្រូវរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការទទួលដំណើរទស្សនកិច្ចមេដឹកនាំ មកពីបណ្ដាប្រទេសនានា ជាច្រើន។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបណ្ដា ខេត្តនានា រៀបចំប្រារពពិធីបុណ្យនេះ នៅតាមខេត្តរៀងៗខ្លួន។

សូមអាជ្ញាធរនិងសមត្តកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរ​ទេ​ស មានឱកាសបានសប្បាយរីក រាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកតាមបណ្តាខេត្តនានា៕»