​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA​បាន​រាយការណ៍​ថា កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​ថា ការអះអាង​របស់​សហ​រដ្ឋ​អាម៉េរិក​ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​​យ៉ាង​កំពុង​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រាប់​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែន​គឺ​គ្មាន​មូលដ្ឋាន​។​

​ការស្តីបន្ទោស​នេះ​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​មាន​ការសាកល្បង​អាវុធ​របស់​កូរ៉េ​ខាងជើង​កាលពី​សប្តាហ៍​មុន រួម​ទាំង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ផងដែរ ខណៈ​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ពួកគេ​។​

​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា ការបាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តង​ទៀត​របស់​កូរ៉េខាងជើង​នា​ពេល​ថ្មីៗ​នេះ​អាច​ឈានទៅដល់​ការសាកល្បង​នុយក្លេអ៊ែរ​នៅ​ទីបំផុត​។​

​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​បាន​ច្រាន​ចោល​ការចោទប្រកាន់​កា​លពី​សប្តាហ៍​មុន​ដោយ​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​សេត​វិមាន​លោក ច​ន កឺ​ប៊ី (John Kirby) ដែល​និយាយថា​គ្រាប់កាំភ្លើង​ធំ​​ពី​កូរ៉េខាងជើង​ទៅ​រុស្ស៊ី​កំពុង​លាក់បាំង​ក្រោម​ការដឹកជញ្ជូន​តាម​នា​វា​ទៅកាន់​មជ្ឈិមបូព៌ា​ឬ​អាហ្វ្រិក​។​

​យោងតាម KCNA អនុប្រធាន​កិច្ចការបរទេស​យោធា​នៃ​ក្រសួងការពារជាតិ​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្មីៗ​នេះ​សហរដ្ឋ​អាម៉េរិក​កំពុង​បន្ត​ផ្សព្វផ្សាយ​ពាក្យ​​ចចាមអារ៉ាម​ស្តីពី​ការជួញដូរ​អាវុធ​ដោយ​គ្មាន​មូលដ្ឋាន​រវាង​កូរ៉េ​ខាងជើង​និង​រុស្ស៊ី​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា កូរ៉េខាងជើង​មើលឃើញ “​ពាក្យ​ចចាមអារ៉ាម​នេះ​” គឺជា​ផ្នែក​មួយ​នៃ​”​ការប៉ុនប៉ង​ដ៏​អរិភាព​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ធ្វើឱ្យ​ខូច​មុខមាត់​របស់​កូរ៉េខាងជើង​នៅ​​លើ​ឆាក​អន្តរជាតិ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា “​យើង​សូម​បញ្ជាក់​ជាថ្មី​ម្តងទៀត​ថា យើង​មិន​ដែល​មាន​ការដោះដូ​រអាវុធ​ជាមួយ​រុស្ស៊ី​ទេ ហើយ​ថា​យើង​នឹង​មិន​មាន​ផែនការ​ធ្វើ​ដូច្នេះ​នៅពេល​អនាគត​នោះ​ឡើយ​”​។​

​លោក​កឺប៊ី​បាន​និយាយថា មន្ត្រី​អាម៉េរិក​មិន​បានដឹងថា​តើ​រុស្ស៊ី​ពិតជា​បាន​ទទួល​គ្រាប់​ឬ​អត់​នោះទេ ប៉ុន្តែ​កំពុង​ព្យាយាម​តាមដាន​នាវា​ដឹក​ជញ្ជូន​ទាំងនោះ​៕

​ទាហាន​កូរ៉េខាងជើង​កំពុង​គំនាប់​លើ​រថក្រោះ​ក្នុង​ការហែក្បួន​កាលពី​ខែ​មេសា​ឆ្នាំ​២០២២​ក្នុង​ទីក្រុង​ព្យុង​យ៉ាង​