​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ កន្លែង​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​រងគ្រោះ​ពី​ការឡើង​កម្តៅ​ផែនដី​ទាមទារ​ឱ្យមាន​សកម្មភាព​បន្ថែមទៀត​​ពី​ប្រទេស​អ្នកមាន​ដែល​បំពុលបរិយាកាស​ខ្លាំងជាងគេ ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា​ថា ប្រទេស​នានា​ត្រូវតែ​សហការ​គ្នា​ឬ​មិនចឹង​ទេ​នឹង​ប្រឈមមុខ​”​ការធ្វើ​​អត្តឃាត​រួមគ្នា​” ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ ។​

​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​ជិត ១០០ កំពុង​ជួបប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​រមណីយដ្ឋាន​សមុទ្រ​ក្រហម​របស់អេ​ហ្ស៊ី​ប សាម​អែល​សេក (Sharm el-Sheikh)​ដោយ​ប្រឈម​នឹង​ការអំពាវនាវ​​ឱ្យ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​ឥទ្ធិពល​នៃ​ការកើនឡើង​សីតុណ្ហភាព​។​

​លោក​គូថេ​រ៉េស​បានប្រាប់​កិច្ចប្រជុំកំពូល COP27 របស់​អ​.​ស​.​ប​ថា “​មនុស្ស​ជាតិ​មាន​ជម្រើស​មួយ គឺ សហការគ្នា ឬ វិនាស​ទាំងអស់គ្នា​”​។​

​លោក​បាន​បន្ថែមថា “​វា​ជា​កិច្ចព្រមព្រៀង​សាមគ្គីភាព​អាកាសធាតុ ឬ ជា​កិច្ចព្រមព្រៀង​ធ្វើអត្តឃាត​រួមគ្នា​”​។​

​លោក​គូថេ​រ៉េស​បាន​ជំរុញ​ឱ្យ​ពិភពលោក​បង្កើន​ការផ្លាស់ប្តូរ​ទៅរក​ថាមពល​កកើតឡើង​វិញ ហើយ​ឱ្យ​ប្រទេស​អ្នកមាន​ដែល​បំពុលបរិស្ថាន​ខ្លាំង​ជាង​គេ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​ទទួលខុសត្រូវ​តិចតួច​​បំផុត​ចំពោះ​ការបំភាយ​ឧស្ម័ន​ដែល​បង្ក​ការឡើង​កម្តៅ​ផែនដី​។​

​លោក​បាន​និយាយថា គោលដៅ​គួរតែ​ផ្តល់​ថាមពល​កកើត​ឡើងវិញ​និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ទាំងអស់គ្នា ដោយ​អំពាវនាវ​ជា​ពិសេស​ឱ្យ​សហរដ្ឋ​អាម៉េរិក​និង​ចិន​ជា​នាំ​ផ្លូវ​។​

​ទោះយ៉ាងណា ភាព​តានតឹង​រវាង​អាម៉េរិក​និង​ចិន​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​ខាង​អាកាសធាតុ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បើ​អាម៉េរិក​មិន​ភ្ជាប់​វា​ទៅ​នឹង​ភាព​​តានតឹង​នយោបាយ​ទេ​។​

​ប្រធានាធិបតី ស៊ី ជីន​ភីង គឺ​អវត្តមាន​ពី​កិច្ចប្រជុំ​នេះ ខណៈ​ប្រធានាធិបតី ចូ បៃ​ដិន នឹង​ចូលរួម​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់​សហរដ្ឋអាម៉េរិក​៕

លោក​គូថេ​រ៉េស​បានប្រាប់​កិច្ចប្រជុំកំពូល COP27 របស់​អ​.​ស​.​ប​ថា “​មនុស្ស​ជាតិ​មាន​ជម្រើស​មួយ គឺ សហការគ្នា ឬ វិនាស​ទាំងអស់គ្នា​”​